អ្នក​តវ៉ា​អូស​ទីងមោង​នៅ​ក្រុង​ប៉ោយប៉ែត​ចំនួន​៥​នាក់​រត់​គេច​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន

ក្រុម​អ្នក​តវ៉ា​រឿង​ប៉ះពាល់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ៥​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មករា នាំ​គ្នា​រត់​គេច​ពី​សមត្ថកិច្ច ដើម្បី​បញ្ចៀស​ពី​ការ​ចាប់​ខ្លួន។ ការ​រត់​គេច​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​តវ៉ា​អូស​រូប​ទីងមោង ជុំវិញ​រង្វង់​មូល​ប៉ោយប៉ែត រយៈពេល​ជាង ២​ម៉ោង តំណាង​ឲ្យ​មន្ត្រី​ពុក​រលួយ​ចំនួន ២​នាក់។

ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត រត់​គេច​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​ពួក​គេ​ទទួល​ដំណឹង​ពី​ពលរដ្ឋ​ក្បែរ​ខាង​ថា ប៉ូលិស​ក្រុង​ប៉ោយប៉ែត តាម​ចាប់​ខ្លួន​អ្នក​ដើរ​អូស​រូប​ទីងមោង ដែល​អាជ្ញាធរ​ចោទ​ថា បង្ក​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

តំណាង​អ្នក​តវ៉ា​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្លែង​ពី​កន្លែង​លាក់​ខ្លួន​ថា ពួក​គេ​ដើរ​អូស​រូប​ទីងមោង​តំណាង​ឲ្យ​មន្ត្រី​ពុក​រលួយ តវ៉ា​តាម​ផ្លូវ​ជាតិ​លេខ​៥ ពី​ផ្សារ​កណ្ដាល ទៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត រយៈពេល​ប្រមាណ ២​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ក្រុង ដោះស្រាយ​សំណង​ប៉ះពាល់​ផ្លូវ​រថភ្លើង។ លោក​បញ្ជាក់​ថា ពួក​គាត់​មិន​ចង់​តវ៉ា​នោះ​ទេ ប៉ុន្តែ​គ្មាន​ជម្រើស ដោយសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផ្ដល់​សំណង​ប៉ះពាល់​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។ លោក​អះអាង​ថា សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ពួក​គាត់ បន្ទាប់​ពី​នាំ​គ្នា​រំសាយ​ការ​តវ៉ា​នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត នោះ៖ «ពួក​ខ្ញុំ​គ្រាន់​តែ​នាំ​គ្នា​ដើរ​ហើរ​រូប​ទីងមោង អត់​បាន​ទៅ​វាយ​ដំ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ ឬ​ឯកជន និង​បង្ក​ហិង្សា​ទៅ​លើ​ជន​ណា​ម្នាក់​នោះ​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លោក អ៊ុំ សុផល មាន​ប្រសាសន៍​ថា ថ្វី​បើ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ បង្ក​ភាព​អនាធិបតេយ្យ​ក៏ដោយ តែ​លោក​បញ្ជាក់​ថា សមត្ថកិច្ច​ពុំ​បាន​តាម​ចាប់​ខ្លួន​ពួក​គាត់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៖ «រឿង​នេះ​ប្រហែល​ជា​ពួក​គាត់​ផ្អើល​ខ្លួន​ឯង​ទេ​ដឹង បាន​ជា​គាត់​នាំ​គ្នា​រត់ ព្រោះ​បើ​ខ្ញុំ​តាម​ចាប់​មែន ស្មាន​តែ​ពួក​គាត់​រត់​រួច ឬ​អី? ព្រោះ​ថា ប៉ូលិស​នៅ​រង្វង់​មូល​ក្រុង​ប៉ោយប៉ែត ច្រើន​ណាស់»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​អូស​រូប​ទីងមោង​នោះ ធ្វើ​ឡើង​ដោយ​សន្តិវិធី ពុំ​មាន​កំហុស​អ្វី ឬ​បង្ក​ភាព​អនាធិបតេយ្យ​នោះ​ទេ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​រារាំង​ក្រុម​អ្នក​តវ៉ា​ក្នុង​គោល​បំណង ដើម្បី​កុំ​ឲ្យ​ពួក​គាត់​តវ៉ា​បង្ក​ការ​លំបាក​ដល់​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត៖ «ខ្ញុំ​យល់​ឃើញ​ថា នេះ​គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ព្រោះ​រាល់​ការ​ធ្វើ​បាតុកម្ម​កន្លង​មក ពុំ​បង្ក​ជា​បទល្មើស​អ្វី​ឡើយ»

អ្នក​តវ៉ា​ទាំង ៥​នាក់​នោះ រស់នៅ​ក្រុង​ប៉ោយប៉ែត សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ រហូត​មក​ទល់​ពេល​នេះ ក្រុម​តវ៉ា​កំពុង​លាក់​ខ្លួន​ពី​សមត្ថកិច្ច​នៅ​ឡើយ។ ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​អូស​រូប​ទីងមោង​បែប​នេះ ជា​លើក​ទី​៣ ហើយ ដោយសារ​តែ​ពួក​គាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ការ​ឧបត្ថម្ភ​ថវិកា​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​នេះ ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស នៅ​ពេល​ពួក​គាត់​ទាមទារ​សិទ្ធិ និង​សំណង​សមរម្យ​ពី​អាជ្ញាធរ មុន​នឹង​សាងសង់​ផ្លូវ​រថភ្លើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។