សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​ពន្ធនាគារ

ទណ្ឌិត​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​រង់ចាំ​ដល់​ថ្ងៃ​ផុត​ទោស​នោះ បែរ​ជា​ប្រព្រឹត្ត​ខុស​ច្បាប់​នៅ​ក្នុង​ពន្ធនាគារ​ថែម​ទៀត គឺ​ពួក​គាត់​មួយ​ចំនួន បាន​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​ទៅ​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា មណ្ឌល​កែប្រែ​ជា​ទី​កន្លែង​សម្រាប់​អប់រំ​មនុស្ស​ឲ្យ​កែប្រែ​អត្ត​ចរិត មាន​សីលធម៌​ល្អ និង​ងាក​មក​គោរព​ច្បាប់ ក្រោយ​ពី​រួច​ផុត​ទោសពៃរ៍​នោះ ប៉ុន្តែ​ក្លាយ​ទៅ​ជា​ទីកន្លែង​ឲ្យ​អ្នក​ជាប់​ទោស​មួយ​ចំនួន កាន់​តែ​ធ្វើ​ខុស​ច្បាប់​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា គ្រឿង​ញៀន​អាច​នាំ​ចូល​លក់​ដូរ​ឲ្យ​ទណ្ឌិត និង​អ្នក​ទោស​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ​បាន មិន​មែន​ជា​រឿង​សាមញ្ញ​ឡើយ ប៉ុន្តែ​អាច​មាន​មន្ត្រី​ពន្ធនាគារ​មួយ​ចំនួន ចូលរួម​សហការ ឬ​ឃុបឃិត​គ្នា។

មន្ត្រី​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច​នៅ​ពេល​ចេញ​ចូល​ពន្ធនាគារ​ម្តងៗ គឺ​តឹងរ៉ឹង​ណាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​នាំ​យក​គ្រឿង​ញៀន សូម្បី​តែ​សម្ភារៈ​រឹង​ក៏​មិន​អាច​យក​ចូល​ទៅ​ក្នុង​គុក​បាន​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​បញ្ជាក់​ថា អ្នក​ទោស​អាច​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​គុក​បាន គឺ​ជា​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ និង​មាន​អំពើ​ពុក​រលួយ​ណា​មួយ​រវាង​មន្ត្រី​ទាំង​នោះ​ជាមួយ​អ្នក​ទោស ទើប​គ្រឿង​ញៀន​អាច​ចរាចរ​ចូល​ទៅ​ក្នុង​ពន្ធនាគារ​បាន៖ «ខ្ញុំ​ជឿជាក់​ថា មិន​មែន​មាន​តែ​ពន្ធនាគារ​ត្រពាំងផ្លុង ទេ គឺ​មាន​ពន្ធនាគារ​ផ្សេង​ទៀត​ដែល​យើង​ត្រូវ​ត្រួត​ពិនិត្យ និង​ស៊ើប​អង្កេត​ឡើង​វិញ»

ការ​លើក​ឡើង​របស់​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​សមត្ថកិច្ច​ស្រុក​ពញាក្រែក ឃាត់​ខ្លួន​ទណ្ឌិត ៣​នាក់​នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ "ម​៣" ឬ​ពន្ធនាគារ​ត្រពាំងផ្លុង តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​៩ មករា។ សមត្ថកិច្ច​រក​ឃើញ​ថា ទណ្ឌិត​ទាំង​នោះ​បាន​រក្សា​ទុក និង​ចែក​ចាយ​សារធាតុ​ញៀន​ខុស​ច្បាប់​នៅ​ក្នុង​ពន្ធនាគារ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង លោក ភិន យ៉ាន បាន​ទេ​នៅ​ថ្ងៃ​ទី​១១ មករា។

ដោយឡែក​អធិការ​នគរបាល​ស្រុក​ពញាក្រែក លោក អោម មុន្នីវណ្ណ មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ហើយ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​តុលាការ​ហើយ​ដែរ។ លោក​បន្ថែម​ថា ការ​ចរាចរ​គ្រឿង​ញៀន​ចូល​ទៅ​ក្នុង​គុក​បាន​យ៉ាង​ណា​នោះ លោក​មិន​បាន​ដឹង​ឡើយ ហើយ​កំពុង​ងឿង​ឆ្ងល់​ដូច​គ្នា​ដែរ៖ «អា​ហ្នឹង​ទុក​ឲ្យ​ថ្នាក់​លើ​ចំណាត់​ការ ខ្ញុំ​ក៏​អត់​យល់​ដែរ។ ឆ្ងល់​ដូច​តែ​ដូច​គ្នា»

លោក​បន្ថែម​ថា កន្លង​មក សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ជា​ហូរហែ និង​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ឆ្ងាយ​ពី​ថ្នាំ​ញៀន ព្រម​ទាំង​ត្រូវ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ផ្ដល់​ព័ត៌មាន​ជុំវិញ​បញ្ហា​មួយ​នេះ។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ លោក អំ សំអាត បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធនាគារ គឺ​បង្ហាញ​ពី​ការ​រីក​សាយ​ភាយ​នៃ​គ្រឿង​ញៀន​កាន់​តែ​មាន​ទំហំ​ច្រើន​ឡើង។ បច្ចុប្បន្ន អ្នក​ជាប់​ឃុំ​នៅ​ក្នុង​គុក ភាគ​ច្រើន​ពាក់ព័ន្ធ​សំណុំ​រឿង​គ្រឿង​ញៀន។ ជាង​នេះ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បារម្ភ​ថា វា​ជា​រឿង​ធ្ងន់ធ្ងរ​សម្រាប់​សង្គម​ជាតិ​ទាំង​មូល ត្បិត​អី​ពន្ធនាគារ គឺ​ជា​មជ្ឈមណ្ឌល​អប់រំ​កែប្រែ​មនុស្ស ប៉ុន្តែ​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​កន្លែង​ឲ្យ​អ្នក​ទោស ឬ​ទណ្ឌិត ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត​ទៅ​វិញ។ លោក​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព សមត្ថកិច្ច​ត្រូវ​ស៊ើប​អង្កេត​ឲ្យ​បាន​ដិតដល់ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា មាន​មន្ត្រី​ពន្ធនាគារ​ជាប់​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។