«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»


បច្ចេកវិទ្យាដ៏ទំនើប នឹងធ្វើឲ្យរថយន្ដ នៅក្នុងអនាគតកាល មិនបំពាក់ដោយចង្កូត និងឈ្នាន់ហ្វ្រាំង ឬ​ឈ្នាន់​បន្ថែម​បន្ថយ​ល្បឿន​ទៀត​ទេ។ ប៉ុន្តែអ្វីដែលនឹងត្រូវបាត់ខ្លួន ពីតួរថយន្ដមុនគេ ទំនងជាកញ្ចក់​មើល​ក្រោយ។
«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»

អនាគតរថយន្ដទំនើបថ្មី ដែលបំពាក់ដោយបច្ចេកវិទ្យា នៃថ្ងៃស្អែក។ (រូបថតក្រុមហ៊ុន)

ក្រុមហ៊ុនផលិតរថយន្ដ «BMW» របស់អាល្លឺម៉ង់ បានបង្កើតគំនិតសន្សំសំចៃ នៅក្នុងរថយន្ដប្រភេទថ្មី​មួយ​របស់​ខ្លួន ដែលយកមកដាក់បង្ហាញ នាការតាំងពិពណ៌ «CES» នៃទីក្រុងឡាសវេហ្គាស (ភាគខាងលិច នៃ​សហរដ្ឋ​អាមេរិក - EDTN)។ បើសិនជាទម្រង់ នៅសងខាងទ្វាររថយន្ដដ៏ទំនើបនេះ ធ្វើឲ្យគេគិតថា ជា​កញ្ចក់​មើលក្រោយក៏ដោយ ក៏ទម្រង់នេះ មិនមានដាក់ជាកញ្ចក់ទៀតទេ។ តែនៅទីនោះ មានដាក់ជាកាម៉េរា​ដ៏​តូច ជំនួស​វិញ។

កាម៉េរ៉ាផ្សេងទៀត ក៏ត្រូវបានបំពាក់ នៅផ្នែកខាងលើ នៃស្ដុបខាងក្រោយរបស់រថយន្ដដែរ ហើយវា​ផ្ដល់​រូបភាព មកឲ្យអ្នកបើកបរ ជំនួសកញ្ចក់មើលក្រោយ ដែលស្ថិតក្នុងរថយន្ដ។ រីឯទីកន្លែង ដែលធ្លាប់មាន​កញ្ចក់​មើលក្រោយ នៅក្នុងរថយន្ដនេះ ត្រូវបានជំនួសដោយអេក្រង់មួយ ដែលបង្ហាញនូវគ្រប់រូបភាពទាំងអស់ ដែល​ថតដោយគ្រប់កាម៉េរ៉ា ទាំងឆ្វេងស្ដាំមុខក្រោយ។ គំនិតឆ្នៃប្រឌិតនេះ នឹងអនុញ្ញាតឲ្យអ្នកបើកបរ មាន​ភ្នែក​សម្លឹង​ទៅ​ទិស​តែមួយ តែបានឃើញអ្វីៗទាំងអស់ ភ្លាមៗប្រសើរជាងប្រព័ន្ធកញ្ចក់មើលក្រោយ ក្នុង​ពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន «BMW» បានបញ្ជាក់យ៉ាងច្បាស់ទៀតថា គ្មានកន្លែងណាមួយ ដែលអ្នកបើករថយន្ដ មើល​មិន​ឃើញ​ទៀតទេ ហើយអ្នកកាន់ចង្កូត ក៏មិនចាំបាចត្រូវងាកក្បាល ឬត្រូវបង្វិលខ្លួន ដើម្បីបង្កាគ្រោះថ្នាក់ នៅ​មុន​ពេល​ខ្លួនបត់ ឬប្ដូរផ្លូវនោះដែរ។ ការបំពាក់នូវកាម៉េរ៉ា និងអេក្រង់ទាំងនេះ នឹងជួយអ្នកបើកបរ ពីមើល​ឃើញ​ប្រសើរ នៅ​គ្រប់​ពេល ជាពិសេសនៅពេលយប់ ពេលមានភ្លៀង ឬមានធូលី ធ្វើឲ្យប្រឡាក់ នូវកញ្ចក់មើល​ក្រោយ​នោះ​ជា​ដើម។

ការបំបាត់ចោល នូវកញ្ចក់មើលក្រោយ ទាំងឆ្វេងស្ដាំនោះ ក៏បានជួយធ្វើឲ្យរថយន្ដ មានសន្ទុះលឿនជាងមុន និងសន្សំសំចៃប្រេងឥន្ទនៈ បានច្រើនដែរ៕

----------------

» រូបភាពបន្ថែមស្ដីពីរថយន្ដគំរូថ្មី របស់ក្រុមហ៊ុន «BMW»៖

«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»

«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»

«អនាគត​រថយន្ដ​ទំនើប នឹង​គ្មាន​កញ្ចក់​មើល​ក្រោយ​ទេ»