មុន​ប្រដៅ​អ្នកដទៃ គួរតែ​រំពៃមើល​ខ្លួនឯង​..!

​រាជធានី​ភ្នំពេញ : គ្រប់យ៉ាង​ដែល​មនុស្ស​សាង​ឡើង​នៅក្នុង​លោក​នេះ គឺ​កើតឡើង​ដោយសារ​ចិត្ត​ទាំងអស់ ចិត្តជា​ប្រធាន​នៃ​សមិទ្ធិផល​អ្វីៗ​ទាំងអស់​។ ចង់​កែប្រែ​ផ្នត់គំនិត​មនុស្ស​ត្រូវ​ផ្តល់​ឱ្យគេ​នូវ​ការអប់រំ​ល្អ ការអប់រំ​ល្អ​នាំមក​នូវ​ការងារ​ល្អ ការងារ​ល្អ​នាំមក​នូវ​ការរីកចម្រើន​ដល់​ប្រទេសជាតិ​។​

​ការគោរព​ច្បាប់ ត្រូវ​សម្តែង​ចេញពី​ថ្នាក់លើ​ជា​គម្រូ​។ កូនចៅ តែង​មើល​គម្រូ ឳ​ពុក​ម្តាយ​។ រីឯ​ពលរដ្ឋ តែង​មើល​គម្រូ អ្នកដឹកនាំ​។ ដូច​សុភាសិត​ខ្មែរ​លោក​តែង​ពោលថា ៖ « ពុត​គ្រូ ខូច​ច្បាប់ ត្រាប់​ខូច​តម្រា ពុត​ខូច​អាត្មា ត្រាប់​ខូច​ស្រុក​ជាតិ​»​។ ជាក់ស្តែង​ក្នុង​រូបភាព​មួយ​នេះ ត្រូវបាន​អ្នកលេង​បណ្តាញ​សង្គម​ធ្វើការ​ចែករំលែក​ជូន​ម្ចាស់ខ្លួន និង​មិត្ត​អ្នកលេង​បណ្តាញ​សង្គម ធ្វើការ​ពិចារណា​ចំពោះ​សម្មភាព​ទាំងអស់នេះ​។

​គួរ​រម្លឹក​ដែរ​ថា នៅក្នុង​មាត្រា​៦​នៃ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរកាល ចំពោះ​បទល្មើស​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ចុះ​ចុះ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​និង​ផាកពិន័យ ប្រសិនបើ​អ្នកបើកបរ និង​អ្នករួមដំណើរ ព្រមទាំង​ក្មេង​ដែលមាន​អាយុ​៣​ឆ្នាំ​ឡើងទៅ មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិភាព មិន​ត្រឹមត្រូវ​តាម​ស្តង់ដា ឬ​ពាក់មួក​សុវត្ថិភាព ដោយ​មិន​ដាក់​គន្លឹះ ខ្សែក្រវាត់​។​

​សមត្ថកិច្ច​អាច​ពិន័យ​អ្នកបើកបរ​យានយន្ត ដែល​មិនបាន​ភ្ជាប់​តាម​ខ្លួន នូវ​ឯកសារ​ដើម រួមមាន​ប័ណ្ណបើកបរ​យានយន្ត ប័ណ្ណ​សម្គាល់​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត (​ឈៀក​) ឬ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ ដឹកជញ្ជូន​។​

​ចុះ​ទង្វើ​បែបនេះ​ប្រិយមិត្ត​របស់​សារព័ត៌មាន​សែនសុខ​ យល់​បែបណា​ដែរ​?

មុន​ប្រដៅ​អ្នកដទៃ គួរតែ​រំពៃមើល​ខ្លួនឯង​..!