សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ពិភាក្សា​អំពី​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​ «សម្ភារៈ​យុទ្ធសាស្ត្រ»

សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងត្បូង​ពិភាក្សា​អំពី​ជម្រើស​ក្នុង​ការ​ប្រើប្រាស់​ «សម្ភារៈ​យុទ្ធសាស្ត្រ»

យន្តហោះ​ទម្លាក់​គ្រាប់​បែក​B-52​ ដែល​អាច​ទម្លាក់​គ្រាប់​បាន​ចម្ងាយ​ឆ្ងាយ​ ​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​អាកាស​ Osan ក្រុង​ Pyeongtaek ប្រទេស​កូរ៉េ​ខាងត្បូង នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៦។

មន្ត្រី​កូរ៉េ​ខាង​ជើង​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​និង​សហរដ្ឋ​អាមេរិក កំពុង​ពិភាក្សា​គ្នា​អំពី​ «សម្ភារៈ​យុទ្ធសាស្ត្រ» ផ្សេងៗ​ទៀត​របស់​អាមេរិក ដែល​អាច​យក​ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធិភាព​បំផុត​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ការ​លើក​ឡើង​នេះ​កើត​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​មួយ​គ្រឿង​ ដែល​អាច​ទម្លាក់​គ្រាប់​បាន​ចម្ងាយ​ឆ្ងាយ​ឲ្យ​ហោះ​ពី​លើ​ប្រទេស​កូរ៉េ​ខាងត្បូង​ ជា​ការ​ឆ្លើយ​តប​យ៉ាង​ច្បាស់​ក្រឡែត​ចំពោះ​ការ​សាកល្បង​អាវុធ​បរមាណូ​ចុងក្រោយ​បំផុត​របស់​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​ លោក Kim Min-seok, មាន​ប្រសាសន៍​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​ Reuters ​ថា​ «សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​កំពុង​បន្ត​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ប្រើប្រាស់​សម្ភារៈ​យុទ្ធសាស្ត្រ​បន្ថែម​ទៀត​»។ ប៉ុន្តែ​លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​អំពី​សម្ភារៈ​យុទ្ធ​សាស្ត្រ​បន្ថែម​នោះ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ AFP ​និង​ទីភ្នាក់ងារ​សារព័ត៌មាន​ Yonhap របស់​កូរ៉េ​ខាង​ត្បូង​បាន​រាយការណ៍​ថា​ សម្ភារៈ​យុទ្ធសាស្ត្រ​ទាំង​នោះ អាច​រួម​បញ្ចូល​នាវា​ផ្ទុក​យន្តហោះ​ដែល​ដំណើរ​ការ​ដោយ​ថាមពល​បរមាណូ​របស់​អាមេរិក​ឈ្មោះ​ USS Ronald Reagan ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-2 ព្រម​ទាំង​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​បរមាណូ​ ហើយ​យន្តហោះ​ចម្បាំង​ឥត​ស្រមោល ​F-22 ផង​ដែរ។

ការ​ហោះហើរ​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ B-52 របស់​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​មេដឹកនាំ​កូរ៉េ​ខាងជើង​ លោក Kim Jong Un បាន​និយាយ​ការពារ​ការ​សាកល្បង​អាវុធ​បរមាណូ​ដែល​គេ​សង្ស័យ​ថា​ជា​គ្រាប់​បែក​អ៊ីដ្រូហ្សែន​កាល​ពី​ថ្ងៃ​ពុធ​នោះ។

លោក Kim Jong Un បាន​ចាត់ទុក​ការ​សាកល្បង​នោះ​ថា​ជា​ «សិទ្ធិ​ស្រប​ច្បាប់​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ ហើយ​ក៏​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​ដែល​គ្មាន​នរណា​ម្នាក់​អាច​រិះគន់​បានទេ»។

ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក Kim Jong Un បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ពេល​ថ្លែង​សុន្ទរកថា​មួយ​ នៅ​ឯ​ក្រសួង​កងកម្លាំង​ប្រដាប់​អាវុធ​ប្រជាជន​របស់​កូរ៉េ​ខាង​ជើង។

ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​ក្លា​មួយ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ ចំពោះ​ការសាកល្បង​អាវុធ​បរមាណូ​នោះ​ ដែល​ជា​ការ​សាកល្បង​អាវុធ​បែប​នេះ​លើក​ទី​៤​ហើយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ចាប់តាំង​ពី​ឆ្នាំ​២០០៦​មក៕