ពលរដ្ឋ​ដែល​រៀន​យក​ប័ណ្ណបើកបរ​ម៉ូតូ​នាំ​គ្នា​ទៅ​យក​ថវិកា​របស់​ខ្លួន​មក​វិញ

ពលរដ្ឋ​ដែល​បង់​ប្រាក់​រៀន​យក​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ ប្រភេទ​ក​១ នាំ​គ្នា​ទៅ​យក​ថវិកា​របស់​ខ្លួន ពី​មន្ទីរ​សាធារណការ និង​សាលារៀន​បើកបរ​មួយ​ចំនួន​មក​វិញ នៅ​ថ្ងៃ​ទី​១១ មករា។

ការ​មក​​ទទួល​ប្រាក់​​របស់​ពួកគេ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​ឲ្យ​ពលរដ្ឋ​ដែល​មាន​​​ប័ណ្ណ​បើកបរ​ទោចក្រយានយន្ត​ប្រភេទ​ក​១ យក​ថវិកា​របស់​ខ្លួន ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​លុប​ចោល​ប័ណ្ណ​បើកបរ​នេះ។

បុគ្គលិក​សាលាបង្រៀន​បើកបរ​២៣​តុលាម្នាក់ សាខា​រាជធានី​ភ្នំពេញ ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា សាលា​ពិត​ជា​កំពុង​រៀបចំ​ប្រគល់​ថវិកា​ទាំង​អស់ ដល់​ពលរដ្ឋ​ដែល​មក​រៀន ដើម្បី​យក​ប័ណ្ណបើកបរ​ប្រភេទ​ក១។ ប៉ុន្តែ​ការ​ប្រគល់​នឹង​ធ្វើ​ឡើង​ពីរ​ដំណាក់កាល ទី១ គឺ​ពលរដ្ឋ​ដែល​បាន​បង់​ប្រាក់​ក្រោយ​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ នឹង​អាច​ទទួល​ប្រាក់​វិញ​ភ្លាមៗ។ ដំណាក់កាល​ទី២ គឺ​ពលរដ្ឋ​ដែល​បង់​ប្រាក់​មុន​នេះ ត្រូវ​រង់​ចាំ​រហូត​ដល់​សាលា​បាន​ទទួល​ឯកសារ​ដើម​ពី​មន្ទីរ​សាធារការ​មក​វិញ។

លក្ខខណ្ឌ​ដែល​ពលរដ្ឋ​អាច​យក​ថវិកា​របស់​ខ្លួន​វិញ​បាន គឺ​ត្រូវ​យក​​ប័ណ្ណ​​បើកបរ​ច្បាប់​ដើម ដែល​មាន​សុពលភាព​ទៅ​ប្រគល់​ជូន​មន្ទីរ​សាធារណការ​វិញ ហើយ​អ្នក​ដែល​មាន​ប័ណ្ណ​បើកបរ មុន​ការ​អនុវត្ត​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៤ នឹង​ទទួល​បាន​ប្រាក់​បង្វិល​សង​វិញ ចំនួន​៨​ម៉ឺន ៩​ពាន់​រៀល។ ចំណែក​អ្នក​ដែល​មាន​ប័ណ្ណ ក្រោយ​អនុវត្ត​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា​ឆ្នាំ​ដដែល នឹង​ទទួល​ប្រាក់​បង្វិល​សង​វិញ ចំនួន​៧​ម៉ឺន ៤​ពាន់​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។