ដល់ពេល​អាមេរិក​-​កូរ៉េខាងត្បូង​-​ជប៉ុន រៀប​យុទ្ធសាស្ត្រ​ថ្មី ប្រឆាំង​កូរ៉េខាងជើង

​ស្ទើរតែ​ក្លាយជា​តែ​ទម្លាប់​មួយ​ទៅហើយ​ដែល​បងប្អូន​កូរ៉េ​ដែលមាន​សាច់ឈាម​តែមួយ បាន​ប្រឈមមុខ គ្នា​ទាំង​ពាក្យសម្តី និង​ការ​សម្ញែង​អាវុធ​ដាក់គ្នា​នៅតាម​ព្រំដែន​នោះ​។ តែ​ចុង​ក្រោយនេះ​ក្រុង​ព្យុងយ៉ាង បាន​បាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​ប្រភេទ​គ្រាប់បែកបរមាណូ​ថ្មី​ដ៏​មាន​ឥទ្ធិពល ដែល​កំពុងតែ​ក្លាយជា គំរាមកំហែង​ថ្មី​មួយ​នៅ​ឧបទ្វីប​កូរ៉េ និង​ក្នុង​តំបន់​ផងដែរ​នោះ​។ បច្ចុប្បន្ន ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ា​ស៊ិន​តោន កំពុងតែបន្ត​ជជែក​គ្នា​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ថ្មី មួយ​នេះ ។​

​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​០៦ ខែមករា​កន្លងទៅ ក្លាយជា​ក្តីបារម្ភ​ថ្មី​មួយ​របស់​សហគមន៍​អន្តរជាតិ​។ នេះ​ក៏ដោយ​សារ រដ្ឋ​ឯកោ កូរ៉េខាងជើង​អាចមាន​លទ្ធភាព​គំរាមកំហែង ប្រទេស​មហាអំណាច​ធំ​ដូចជា​អាមេរិក​ជាដើម និង​បំផ្លាញ​សន្តិភាព​ពិភពលោក​។ អាវុធ​អ៊ីដ្រូសែន​ដែល​កូរ៉េខាងជើង​ទើប​បាញ់​សាកល្បង​ថ្មី​នេះ មាន​ឥទ្ធិពល​ខ្លាំង​ជាង​គ្រាប់បែក​អា​តូ​មិ​ក​ដែល​អាមេរិក​ធ្លាប់ប្រើ​ប្រាស់​កន្លងមក​ច្រើន​រយ​ដង​។ ការផ្គើន​ពិភពលោក​ច្រើនលើកច្រើនសារ​នេះ​ធ្វើ​ឲ្យ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង រួមទាំង​ចិន​ជា​សម្ព័ន្ធមិត្ត​ខ្លួន​ផង​នោះ​ខឹងសម្បារ​ខ្លាំង​ដែរ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​នេះ កូរ៉េខាងត្បូង បាន​តំឡើង​ឧបករណ៍​ចាក់​សំឡេង​ជាច្រើន​កន្លែង នៅតាម​បណ្តោយ​ព្រំដែន​ជា​លើកដំបូង​។ ហើយ ការចាក់​សំឡេង​នោះ រួមបញ្ចូល​ការប្រគុំ​តន្ត្រី និង​ការ ចាក់​សំឡេង​រិះគន់​ពីរ​បប​ព្យុងយ៉ាង​ទាក់ទង​ទៅនឹង​ការរំលោភ​សិទ្ធិមនុស្ស​ជាដើម​។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ក៏បាន​ប្រកាស​រឹតបន្តឹង​បន្ថែម​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​ពិសេស ហ្គេ​សុង (Kaesong) ដែលជា​តំបន់​ពាណិជ្ជកម្ម​រួម​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ផងដែរ​។  តែ​យុទ្ធសាស្ត្រ​នេះ គ្មាន​ឥទ្ធិពល​អ្វី​ខ្លាំង​ទៅលើ​កូរ៉េខាងជើង​នោះទេ ដ្បិត​នេះ គឺជា​បញ្ហា​នៃ​ការគំរាមកំហែង​ផ្នែក​អាវុធ ពោលគឺ វា​ត្រូវការ​ការឆ្លើយតប​ផ្នែក​សព្វាវុធ​វិញ​ទើប​អាច​គំរាម​រដ្ឋ​ឯកោ​កូរ៉េខាងជើង​បាន​។

១. អាមេរិក ត្រៀម​បញ្ជូន​សព្វាវុធ​បន្ថែម​ដើម្បី​ការពារ​កូរ៉េខាងត្បូង​
​បន្ទាប់ពី​អាមេរិក បាន​ប្រតិបត្តិការ​យន្តហោះ​ទម្លាក់​គ្រាប់​នុយក្លេអ៊ែរ​ប្រភេទ B-52 ដោយ​អប​ជាមួយនឹង យន្ត​ប្រមាញ់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ម្សិលមិញ ដើម្បី​ជាការ​ឆ្លើយតប​លើកដំបូង​ទៅនឹង​សកម្មភាព​កូរ៉េ ខាងជើង នៅ​ថ្ងៃ​ច័ន្ទ​ទី​១១ មករា អាមេរិក និង​កូរ៉េខាងត្បូង ក៏​កំពុងតែ​ជជែក​បន្ត​ក្នុងការ​ចាត់វិធានការ បន្ថែម​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​លោក គីម មិន​សឹក (Kim Min Seok) អះអាង កូរ៉េខាងត្បូង​និង​អាមេរិក កំពុងតែធ្វើការ​ជាមួយគ្នា​យ៉ាង​ជិតស្និទ​បំផុត​ក្នុង​ការពង្រាយ និង​បំពាក់អាវុធ​យុទ្ធសាស្ត្រ​បន្ថែម​នៅក្នុង​ឧបទ្វីប​កូរ៉េ​។ បើទោះជា​លោក គីម មិន​សឹក មិនបាន​បញ្ជាក់​ពី​អាវុធ​ដែល​នឹង ត្រូវ​ពង្រាយ​បន្ថែម​ក៏ដោយ សារព័ត៌មាន​ក្រុង​សេ​អ៊ូ​ល​មួយចំនួន បាន​ចុះផ្សាយ​ថា អាវុធ​យុទ្ធសាស្ត្រ ដែល​ក្រុង​វ៉ា​ស៊ិន​តោន ត្រូវបញ្ជូន​បន្ថែម​អាច​រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ B-2 នាវាមុជទឹក​ថា​ម ពល​នុយក្លេអ៊ែរ និង​យន្តហោះ​ប្រដេញ F-22​។

២.​ចិន បាន​ត្រឹម​ប្រតិកម្ម តែ​ជប៉ុន​ចាប់ដៃ​កូរ៉េខាងត្បូង​លើកដំបូង​ប្រឆាំង​កូរ៉េខាងជើង​
​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន បានធ្វើ​ឲ្យ​ចិន​ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​យ៉ាង​ជិតស្និទ​របស់​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ តែ ចិន មិនមាន​ប្រតិកម្ម​តាមរយៈ​យោធា​ដូច​រដ្ឋ​មួយចំនួន​នៅក្នុង​តំបន់ នោះទេ​។ ក្នុងនោះ លោក រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​ត្រឹម​កោះ​ឲ្យ​មានការ​ដំណើរការ ឡើង​នូវ​កិច្ចពិភាក្សា​ភាគី​៦ (Six Parties Talk) ដែល​ផ្អាក​តាំងពី​ឆ្នាំ​២០០៩ មកម្ល៉េះ​។ ភាគី​ប្រាំមួយ​មាន ដូចជា អាមេរិក រុស្ស៊ី ជប៉ុន ចិន កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​។

​ដោយសារ​ការ​គំរាម​ថ្មី​របស់​កូរ៉េខាងជើង គឹ​ភាគច្រើន​ផ្តោត​ក្នុង​តំបន់​អាស៊ី​បូព៌ា បញ្ហា​នេះ បានធ្វើ​ឲ្យ កូរ៉េខាងត្បូង និង​ជប៉ុន ដែល​រដ្ឋ​មិន​ខាង​តែ​មិនសូវ​មើលមុខ​គ្នា​ចំ​ដ្បិត​បញ្ហា​ប្រវត្តិសាស្ត្រ បែរមក​ចាប់​គ្នា ដើម្បី​ប្រឆាំងនឹង​កូរ៉េខាងជើង​។ បើ​យោងតាម​សារព័ត៌មាន Strait Time កូរ៉េខាងត្បូង និង​ជប៉ុន សហការគ្នា​ជា​លើកដំបូង​ក្នុង​កិច្ចសហការ​យោធា​ក្នុងការ​ជូនដំណឹង​បន្ទាន់​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ នៅក្នុង​តំបន់​ដែល​សំដៅលើ​សកម្មភាព​របស់​កូរ៉េខាងជើង​នោះឯង​។ កិច្ចសហការ​នេះ ក៏​ស្រប​ជាមួយ នឹង​ការប្រកាស​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ប្រតិកម្ម​ជាមួយនឹង​ការគំរាមកំហែង​ថ្មី របស់​កូរ៉េខាងជើង​។ លោក អា​បេ បាន​សង្កត់ធ្ងន់ថា ជប៉ុន​មិនអាច​អត់ឱន ចំពោះ​សកម្មភាព​របស់​រដ្ឋាភិបាល​កូរ៉េខាងជើង ក្នុង​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​ប្រភេទ​អាវុធ​ដ៏​មាន​ឥទ្ធិពល និង​គ្រោះថ្នាក់​បំផុត​៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​