ដោះស្រាយ​បែបណា​ទើប​ល្អ ព្រោះ​ស្រឡាញ់​ប៉ះចំ «​ឪពុក និង កូនប្រុស​» ក្នុងពេល​តែមួយ​

​បច្ចុប្បន្ន​នាង​ខ្ញុំ​អាយុ ២៧ ឆ្នាំ ជា​អ្នកគ្រប់គ្រង​ផ្នែក​អាហារ និង ភេសជ្ជៈ​នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ ។ នាង​ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ក្នុងសង្គម ក្នុងនោះ​ក៏មាន​អ្នកជំនួញ​វ័យ​ចំណាស់​ម្នាក់​ផងដែរ ក្រោយមក​គាត់ និង នាង​ខ្ញុំ​បាន​ស្រឡាញ់គ្នា តែ​នាង​ខ្ញុំ​ត្រូវ​ធ្លាក់​ទៅក្នុង​វិបត្តិ​ធំ ព្រោះ​សង្សារ​ផ្លូវការ​របស់​នាង​ខ្ញុំ​គឺជា​កូនប្រុស​របស់គាត់ ។​​ដើមឡើយ​នាង​ខ្ញុំ​ជា​កូន​អ្នកស្រុក​ស្រែ និង មាន​ជីវភាព​លំបាក ដូច្នេះ ការតស៊ូ​រៀន​រហូតដល់​ចប់​បរិ​ញ្ញា​គឺ​នាង​ខ្ញុំ​បាន​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់ តាំងពី​ការហូបចុក ស្នាក់នៅ និង ការស្វែងរក​ការងារ​ដើម្បី​រកប្រាក់​មក​បង់ថ្លៃ​សាលា ។

ក្នុងចំណោម​ការងារ​ទាំ​ង​ឡាយ​ដែល​ខ្ញុំ​ធ្លាប់​បានធ្វើ ការងារ​រត់​តុ គឺជា​ការងារ​ដែល​នាង​ខ្ញុំ​ចូលចិត្ត​ជាងគេ ព្រោះ​វា​ជួយ​ឱ្យ​នាង​ខ្ញុំ​ទទួលបាន​ប្រាក់ខែ ប្រាក់​ទឹក​«​តែ​»​ច្រើន​គួរសម និង បាន​ស្គាល់​ភ្ញៀវ​ស្ទើរ​គ្រប់​វណ្ណៈ ។ ដោយសារ​មានមុខមាត់​ស្រស់ស្អាត មាន​កម្ពស់​សមល្មម និង ឆាប់​យល់​ពី​ការងារ នាង​ខ្ញុំ​ក៏ត្រូវ​បាន​គេ​ដំឡើង​ឋានៈ​ជា​បន្តបន្ទាប់​រហូត​ក្លាយជា​អ្នកគ្រប់គ្រង​ផ្នែក F&B (​អាហារ និង ភេសជ្ជៈ​) នៅ​សណ្ឋាគារ​មួយ ។​នាង​ខ្ញុំ​ត្រូវ​ជួប​ដៃគូ​រកស៊ី និង ភ្ញៀវ​ជាច្រើន ក្នុងនោះ​ក៏មាន​បុរស​អ្នកជំនួញ​ម្នាក់​មាន​វ័យ ៥៧ ឆ្នាំ ។ គាត់​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ស្រា​បៀរ​មួយ​នៅ​ភ្នំពេញ ។

ដំបូង​ទំនាក់ទំនង​របស់​នាង​ខ្ញុំ និង គាត់​ក្នុងនាម​ជា​ដៃគូ​រកស៊ី ប៉ុន្តែ​ការជួបគ្នា​ញឹកញាប់ រួម​នឹង​សម្តី​ផ្អែម ការប្រព្រឹត្ត​ល្អ របស់​បុរស​ពោះម៉ាយ​មានកូន​បី​រូបនេះ បានធ្វើឱ្យ​ទំនាក់ទំនង​នេះ​ក្លាយជា​ស្នេហា ហើយ នាង​ខ្ញុំ​ស្ទើរ​ភ្លេច​ថា​ខ្លួន​កំពុងមាន​ស្នេហា​ជាមួយ​កំលោះ​វ័យ ២៨ ឆ្នាំ​ម្នាក់​រួចមកហើយ ។​​ជាង​មួយខែ​មុននេះ​ហេតុការណ៍​អាក្រក់​បានកើត​ឡើង​ចំពោះ​នាង​ខ្ញុំ ក្នុង​ហាង​កាហ្វេ​មួយ​នៅពេល​នាង​ខ្ញុំ និង សង្សារ​វ័យ ៥៧ ឆ្នាំ កំពុង​ផឹក​កាហ្វេ​ជាមួយគ្នា កូនប្រុស​របស់គាត់​បា​ន​យក​ឯកសារ​មក​ជូន​គាត់​ពិនិត្យ ។

ពេលដែល​បាន​ជួប​កូនប្រុស​គាត់ នាង​ខ្ញុំ​ភ័យ​ស្ទើរតែ​ដួល​ទៅលើ​តុ ព្រោះថា​សង្សារ​វ័យ ២៨ ឆ្នាំ របស់​នាង​ខ្ញុំ​តាមពិត​គឺជា​កូនប្រុស​របស់​បុរស​ពោះម៉ាយ​ដែល​កំពុង​ផឹក​កាហ្វេ​ជាមួយ​នាង​ខ្ញុំ ។ ពេលឮ​ឪពុក​គាត់​ប្រាប់ថា​«​នេះ​ជា​អនាគត​ម្តាយ​របស់​កូន​» ភ្លាមនោះ​គាត់​ស្រែក​ខ្លាំង​ថា «​នាង​ជា​ស្រី​ប្រភេទ ណា​បានជា​ស៊ី​មិន​រើសមុខ​សោះ​អីចឹង !» ។ សំឡេង​គាត់​ធ្វើឱ្យ​ភ្ញៀវ​ក្នុង​ហាង​ភ្ញាក់ផ្អើល ហើយ​គាត់​ក៏​ចាកចេញ​ទៅដោយ​ការខឹង​យ៉ាងខ្លាំង ។ បញ្ហា​នេះ​ធ្វើឱ្យ​នាង​ខ្ញុំ​ហាក់​ជាប់​ក្នុង​ចំណង​មិនអាច​ស្រាយ​បាន​សូមជួយ​ផ្តល់​ជា គំនិត​ដល់​នាង​ខ្ញុំ​ផង ។

ជូន​ចំពោះ​ស្ត្រី​មាន​វិ​បិ​ត្ត​ ៖ តាម​ដែល​បានដឹង​នារី​សម័យ​ទំនើប​នេះ​មិន​ចាញ់​បុរស​ទេ បើ​និយាយ​អំពី​ទំនាក់ទំនង​ស្នេហា ឬ ជម្រើស​គូស្រករ​មុនពេល​រៀបការ ព្រោះ​ជា​ដំណាក់កាល​ឈ្វេងយល់​ចិត្ត​គ្នា​ឱ្យបាន​ច្បាស់ ដើម្បី​ប្រាកដថា​ពួកគេ​មាន​សុភមង្គល​ក្រោយពី​រៀបការ តែ​ករណី​របស់​នាង​ដូចជា​ចម្លែក ជាងគេ​បន្តិច ។ យើង​យល់ឃើញថា នេះ​មិនមែនជា​កំហុស​ទាំងស្រុង​របស់​នា​ង​ទេ គ្រាន់តែ​ថា​នាង​ប្រហែល​មិនទាន់​ប្រាកដ​ក្នុង​ចិត្ត​ក្នុងការ​ជ្រើសរើស​ម្នាក់​ក្នុងចំណោម​បុរស​ទាំងពីរ​នេះ ហើយ​ការជួបគ្នា​រវាង​អ្នក​ទាំងបី​វា​ជា​រឿង​ចៃដន្យ​បំផុត ។ «​ប្រជាប្រិយ​»​សូម​ផ្តល់យោបល់​ដូចតទៅ នាង​គួរតែ​ប្រឈមមុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ម្តង​មួយៗ ។ នាង​ត្រូវ​សម្រេច ចិត្ត​ឱ្យបាន​លឿន​ថា តើ​ខ្លួន​ពិតជា​ត្រូវការ​បុរស​ជា​ឪពុក ឬ បុរស​ជា​កូន ។

បន្ទាប់ពី​បានសម្រេច​ចិត្ត​រួចហើយ ចូរ​ប្រញាប់​រក​ឱកាស​ជួប​បុរស​ទាំងពីរ ។ បើ​យល់ថា​ខ្លួន​ត្រូវការ​បុរស​ជា​ឪពុក​នាង​គួរ​ទៅប្រាប់​បុរស​ជា​ឪពុក​នោះ​ថា នេះ​ជា​រឿង​ចៃដន្យ​បំផុត​«​ទំនាក់ទំនង​ស្នេហា​រវាង​អូន និង កូនរ​បស់បង ជា​រឿង​កន្លងទៅ​ថ្មីៗ​នេះ ។ អូន​មានបំណង​សុំ​បែក​ពី​គាត់​យូរ​មកហើយ ប៉ុន្តែ​មិន​នឹកស្មានថា​ហេតុការណ៍​ចៃដន្យ​កើតឡើង​ឆាប់​យ៉ាងនេះ​សោះ ។ អូន​សុំទោស ! ប៉ុន្តែ​អូន​ពិតជា​ស្រឡាញ់​បង និង ត្រូវការ​បង​ពិតមែន​» ។ បន្ទាប់មក​នាង​គួរ​រង់ចាំ​ប្រតិកម្ម​របស់គាត់ ។ ប្រសិនជា​គាត់​និយាយថា​«​បង​ក៏​ស្រឡាញ់​អូន បង​ក៏​ត្រូវការ​អូន​»​ពេលនោះ​នាង​មានសង្ឃឹម​ច្រើន ។ ក្រោយមក​នាង​ត្រូវសុំ​ណាត់ជួប​បុរស​ជា​កូន​ដើម្បី​បកស្រាយ និង សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា ។

ទោះបី​ជម្រើស​ស្នេហា​ជា​រឿង​សំខាន់ ប៉ុន្តែ​ចាំបាច់ នាង​ត្រូវ​និយាយ​ពាក្យ​សុំទោស​នៅពេល​បាន​ជួប​បុរស​ជា​កូន ។ «​អូន​ពិតជា សុំទោស​ដែល​បានធ្វើឱ្យ​បង​ខកចិត្ត​បែបនេះ ប៉ុន្តែ​ដើមឡើយ​អូន​យល់ថា ស្នេហា​របស់​យើង​មិនអាច​បន្ត​ទៅមុខទៀត​ទេ អូន​ចង់​ប្រាប់​បង​រឿងនេះ ប៉ុន្តែ​ពេលវេលា​មិន​អនុញ្ញាត​ដល់​អូន​» ។ បានឮ​ឃ្លា​នេះ​យើង​ជឿថា គាត់ ប្រាកដជា​យល់​ហើយ​ថា នាង​ជ្រើសរើស​ឪពុក​គាត់ ឬ ចង់​បោះបង់​ស្នេហា​ទាំងពីរ​នេះ ។ ចង់​មិន​ចង់​គាត់​ក៏​មិនអាច​បង្ខំ​ឱ្យ​នាង​រក្សា​ស្នេហា​ជាមួយ គាត់​នោះដែរ ប៉ុន្តែ​នាង​ត្រូវ​បកស្រាយ​ប្រាប់​បន្តថា​«​អូន​ពិតជា​ស្រឡាញ់​ឪពុករ​បស់បង​ដោយស្មោះ ហើយ​គាត់​ក៏​ស្រឡាញ់ និង ត្រូវការ​អូន​ដូចគ្នា ។ អូន​បាន​ប្រាប់​រឿង​យើង​ដល់​គាត់​ហើយ គាត់​ក៏​មិន​ប្រកាន់​អ្វី​ដែរ​» ។​

​អត្ថន័យ​គន្លឹះ​ខាងលើនេះ​បូករួម​នឹង​ការបន្ថែម​បែប​សុំទោស បែប​អង្វរករ​របស់​នាង​ទៀត​នោះ បញ្ហា​អាច​នឹង​ចប់​ដោយ​សន្តិវិធី ។ ទោះ​យ៉ាងនេះ​ក្តី សម្រាប់​បុរស​ខ្លះ​ពួកគេ​ប្រហែល​មិនអាច​ទទួលយកបាន​ក្នុងករណី​ដូចនេះ ហើយ​លទ្ធផល​ពួកគេ​នឹង​បដិសេធចោល​ស្នេហា​របស់​នាង ។ ដូច្នេះ ជម្រើស​ទី​បី​របស់​នាង​គឺ​ការចាកចេញ​ពី​អន្លង់​ស្នេហា​នេះ ។ បើសិន​ជ្រើស យក​ជម្រើស​ទី​បី​នេះ​នាង​ក៏​គួរតែ​រក្សា​ទំនាក់​ទំនងជា​មិត្ត​ឱ្យ​បានល្អ​បំផុត​ជា មួយ​បុរស​ទាំងពីរ​នេះ​ដើម្បី​កុំ​ឱ្យមាន​បញ្ហា​ប៉ះពាល់​ដល់​ការងារ​របស់​នាង ។ ប៉ុន្តែ​យើង​ជឿថា បើទោះជា​មិន​ពេញចិត្ត​នឹង​នាង​បុរស​ទាំងពីរ​នេះ​ក៏​ប្រាកដជា​មិន​ចង់​ធ្វើឱ្យ​នាង​ខឹង​ដែរ ដោយសារ​នាង​ជាម​នុស្ស​សំខាន់​ម្នាក់​ទាក់ទិន​នឹង​ការ​សម្រេចចិត្តថា តើ​គួរ​បន្ត​បញ្ជា​ទិញ​ស្រា​បៀរ​ពី​ក្រុមហ៊ុន​របស់​ពួកគេ​ឬ​យ៉ាងណា ។ សូម​ជូនពរ​នាង​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​បំផុត ៕