សង្គម​ស៊ីវិល​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បញ្ជា​ឲ្យ​ឯកអគ្គរាជទូត​ធ្វើ​ការងារ​ជូន​បក្ស

អង្គការ​សង្គម​ស៊ីវិល រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បញ្ជា​ឲ្យ​អគ្គរាជទូត​ពង្រឹង​ការងារ​បក្ស​ផង និង​ធ្វើ​ការងារ​ជូន​រដ្ឋ​ផង។ ការ​រិះគន់​នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ណា​ដែល​មិន​សកម្ម​ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ និង​គណបក្ស​របស់​ខ្លួន។

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ ត្រូវ​បំពេញ​ការងារ​ឲ្យ​រដ្ឋ​ផង និង​ធ្វើ​ការងារ​ដើម្បី​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា ផង​នោះ គឺ​ជា​ទង្វើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ឯកអគ្គរាជទូត​ខ្មែរ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ មិន​អាច​ដើរ​តួ​ជា​អ្នក​ពង្រឹង​បក្ស ខណៈ​ដែល​កំពុង​តែ​មាន​កាតព្វកិច្ច​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​តំណាង​ឲ្យ​ប្រទេស​ជាតិ​នោះ​ទេ៖ «កាល​ណា​យើង​ធ្វើ​អ៊ីចឹង វា​ខូច​ប្រព័ន្ធ​ការងារ​របស់​ទូត​អស់​ហើយ ធ្វើ​តែ​កិច្ចការ​ឲ្យ​គណបក្ស​កាន់​អំណាច។ យើង​ប្រើ​ធនធាន​រដ្ឋ​ខុស​ច្បាប់​ហើយ។ មន្ត្រី និង​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ ត្រូវ​តែ​បម្រើ​ការងារ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ជា​សាធារណៈ»

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្រើន​រំឭក​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស លោក ហោ ណាំហុង ក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៣៩ កាល​ពី​ថ្ងៃ​ទី​១០ មករា ឲ្យ​ពិនិត្យ​មើល​បណ្ដា​ស្ថានទូត​ណា​ដែល​អសកម្ម​ក្នុង​រឿង​នយោបាយ។

បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ទោះ​បី​ជា​ឯកអគ្គរាជទូត​ជា​តំណាង​ប្រទេស និង​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្តី ប៉ុន្តែ​ឯកអគ្គរាជទូត​ទាំង​នោះ ក៏​ជា​ប្រធាន​សាខា​បក្ស​នៅ​តាម​បណ្ដា​ប្រទេស​ទាំង​នោះ​ដែរ។ លោក​បន្ថែម​ថា ដូច្នេះ​ប្រមុខ​ការទូត​ទាំង​នោះ ត្រូវ​ធ្វើ​ការ​ជូន​បក្ស​ផង និង​បំពេញ​បេសកកម្ម​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ផង៖ «សូម​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ថា ហេតុ​អី​ទូត​ទៅ​ធ្វើ​ការងារ​នយោបាយ ព្រោះ​ទូត​ជា​សមាជិក​បក្ស។ ដូច្នេះ​ចង់ ឬ​មិន​ចង់ ឯកអគ្គរាជទូត​ដែល​ជា​ប្រធាន​សាខា ត្រូវ​តែ​ធ្វើ​ការងារ​នយោបាយ​ផង និង​ការងារ​រដ្ឋ​ផង ប៉ុន្តែ​ត្រូវ​លៃលក​ពេលវេលា​ណា​សមស្រប ឲ្យ​វា​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ មិន​ឲ្យ​ច្របូកច្របល់​គ្នា​ទេ»

មាត្រា​៣៧ នៃ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ចែង​ថា មន្ត្រី​រាជការ​ត្រូវ​មាន​អព្យាក្រឹតភាព​ក្នុង​សកម្មភាព​ការងារ និង​ហាម​ឃាត់​ដាច់​ខាត​នូវ​ការ​ប្រើប្រាស់​មុខងារ​របស់​ខ្លួន និង​សម្ភារៈ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ ដូចជា​ធ្វើ​ការ​ដើម្បី​ផល​ប្រយោជន៍​គណបក្ស​នយោបាយ ឬ​ប្រឆាំង​នឹង​គណបក្ស​នយោបាយ​ណា​មួយ​ទៀត។ ការ​ប្រព្រឹត្ត​ផ្ទុយ​នឹង​មាត្រា​នេះ ចាត់​ទុក​ជា​កំហុស និង​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ។ មាត្រា​៣៥ នៃ​ច្បាប់​ដដែល​នេះ ក៏​ហាម​ឃាត់​ដល់​មន្ត្រី​រាជការ​ណា​ដែល​យក​ម៉ោង​រដ្ឋបាល ទៅ​ប្រកប​មុខ​របរ​ផ្ទាល់​ខ្លួន​ផ្សេងៗ។

លោក គល់ បញ្ញា បញ្ជាក់​ថា ការ​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត​ខ្មែរ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​កាន់​អំណាច​នេះ ក៏​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​១៥ ដែរ ដែល​ចែង​ថា គណបក្ស​នយោបាយ​មិន​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ចាត់​តាំង​ក្នុង​ស្ថាប័ន​រដ្ឋ​ឡើយ។ លោក​បញ្ជាក់​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ប្រសិន​បើ​ឯកអគ្គរាជទូត​ណា​ធ្វើ​ខុស មិន​គោរព​តួនាទី​របស់​ខ្លួន គេ​នឹង​ហៅ​សួរ​ដេញដោល​ដើម្បី​ដាក់​ពិន័យ៖ «ធ្វើ​ឲ្យ​មាន​លក្ខណៈ​ជា​រូបភាព​ជា​ជាតិ​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ប្រទេស​របស់​គេ។ ថ្ងៃ​សម្រាក​អី ទៅ​ធ្វើ​ការងារ​បម្រើ​ឲ្យ​ការងារ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​ជាតិ​អី​ល្អ​ជាង»

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​មាន​របាយការណ៍​វាយ​តម្លៃ​ថា ឯកអគ្គរាជទូត​ណា​មួយ​ដែល​អសកម្ម​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ។ ចំណែក​រឿង​ណែនាំ​ឲ្យ​ឯកអគ្គរាជទូត ប្រើ​តួនាទី​ស្នូល​មួយ​ទៀត គឺ​ការ​ជួយ​ពង្រឹង​បក្ស​នោះ លោក​ថា​គឺ​ជា​ការ​អត្ថាធិប្បាយ​របស់ លោក សុខ ឥសាន ប៉ុន្តែ​កន្លង​មក ទន្ទឹម​នឹង​ការ​តែង​តាំង​ជា​ឯកអគ្គរាជទូត ក៏​មាន​ការ​តែង​តាំង​បន្ថែម​ទៀត​ជា​ប្រធាន​គណៈកម្មការ​បក្ស៖ «ខុស​ទាល់​តែ​គាត់​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​តែង​តាំង ប៉ុន្តែ​បើ​គាត់​ធ្វើ​ការ​ប្រគល់​ភារកិច្ច​មាន​ខុស​អី»

គេហទំព័រ​របស់​ក្រសួង​ការ​បរទេស បង្ហាញ​ថា បច្ចុប្បន្ន​នេះ កម្ពុជា បាន​ដាក់​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​ចំនួន​ជាង ៤០​នាក់​ក្នុង​ប្រទេស​ប្រមាណ ៨០ នៅ​លើ​ពិភពលោក។

ទាក់ទិន​បញ្ហា​នេះ​ដែរ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា តួនាទី​របស់​ប្រមុខ​ការទូត គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការ​បរទេស ដែល​មាន​ភារកិច្ច​ការពារ​ប្រជាពលរដ្ឋ​របស់​ខ្លួន​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ពី​ប្រទេស​ដែល​ដាក់​ទូត​នោះ។ ឯកអគ្គរាជទូត ក៏​តំណាង​ឲ្យ​អគ្គ​កុងស៊ុល​ដែល​អាច​រក​មេធាវី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ជាប់​ចោទ​ក្នុង​បទល្មើស​ផ្សេងៗ និង​តួនាទី​សំខាន់ គឺ​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ទាំង​ពីរ​ពី​ការ​វិវឌ្ឍន៍​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។