កម្មករ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ ស្នើសុំ​អន្តរាគមន៍ ពីស​ម្តេច​ប្រធានរដ្ឋសភា​

ភ្នំពេញ: តំណាង​កម្មករ​រោងចក្រ​កាត់ដេរ អ៊ែ​ជ្យា​យល៍​ស្វេត​ថឺ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែលមាន ទីតាំង​ស្ថិតនៅ​ភូមិ​តាអោ​ង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត កំពង់ស្ពឺ បានធ្វើ​ដំណើរ​មកកាន់​វិមាន​រដ្ឋសភា នៅ​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​ដាក់​លិខិត សុំ​អន្តរាគមន៍ ជូន​សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ចំនួន ៩​ចំណុច​។​

​នៅក្នុង​លិខិត​សុំ​អន្តរាគមន៍ ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ មាន​ហត្ថលេខា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ គឺ​លោក ប៉ាវ ស៊ីណា និង ប្រធាន សហព័ន្ធ​សហជីព​ស្ថាបនា​សិទ្ធិ​កម្មករ លោក ម៉ាន់ សាបាន បានសរសេរថា កម្មករនិយោជិត​ប្រចាំ​ក្រុមហ៊ុន អ៊ែ​ជ្យា​យល៍ ស្វេត​ថឺ បាន​ផ្ទុះ​ការតវ៉ា ចាប់ពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ រហូតមកដល់​ពេលបច្ចុប្បន្ន​។ ក្នុងកំឡុងពេល ធ្វើ​កូដកម្ម​នោះ ក៏មាន​ការចូលរួម​សម្របសម្រួល ពី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​។ ជាងនេះទៅទៀត ក្រុមហ៊ុន​ខាងលើ​បាន​ជួល​ក្រុមជើងកាង​មក​វាយ​សម្ភារៈ និង​គំរាមកំហែង​មកលើ​កម្មករនិយោជិត​ទៀតផង​។​

​លិខិត​ដដែល​បានសរសេរថា “​យើងខ្ញុំ​ទាំងអស់គ្នា សុំ​ស្នើ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន មេត្តាជួយ​អន្តរាគមន៍ ដោះស្រាយ​នូវ​សំណើ របស់​កម្មករនិយោជិត​មាន​ចំនួន​៩ “​។​

​ចំនុច​ទាំង​៩ ដែល​កម្មករនិយោជិត ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា​ជួយ​អន្តរាគមន៍​រួមមាន ៖
​ទី​១ សូម​ឲ្យ​ក្រុមហ៊ុន​ដក​រដ្ឋបាល​ចេញ​។ ទី​២ សូម​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​ជូន​កម្មករ​ពេល​មានធុរៈ​ចាំបាច់​។ ទី​៣ សូម​ឲ្យ​ក្រុមហ៊ុន​ផ្តល់ប្រាក់​ធ្វើដំណើរ​បន្ថែម​៣​ដុល្លារ​ទៀត​។ ទី​៤ សូម​ឲ្យ​ក្រុមហ៊ុន​ដក​ពាក្យបណ្តឹង​ដែល​ប្តឹង​មកលើ​កម្មករ និង​តំណាង​កម្មករ​។ ទី​៥ ក្រុមហ៊ុន​មិនត្រូវ​បញ្ឈប់​កម្មករ​ក្នុងកំឡុងពេល​ធ្វើ​កូដកម្ម​ករ​ឡើយ​។ ទី​៦ សូម​ឲ្យ​ក្រុមហ៊ុន​ប្តូរ​កិច្ចសន្យា​ពី​៣ ខែ​ទៅ​១​ឆ្នាំ​វិញ​។ ទី​៧ សូម​ឲ្យ​ក្រុមហ៊ុន​ដំឡើង​តម្លៃ​ឡូ តាម​កម្រិត​នៃ​អាវ​ដែល​ដេរ​។ ទី​៨ សូម​ឲ្យ​ក្រុមហ៊ុន​បន្ថែម​លុយ​បាយ​ពេល​ល្ងា​យ​ចំនួន ២.០០០​រៀល​ទៀត និង​ទី​៩ ក្រុមហ៊ុន​ត្រូវ​គិត​ប្រាក់​ឈ្នួល ជូន​កម្មករ​ធ្វើ​ការងារ​នៅក្នុង​ថ្ងៃបុណ្យ (​គុណ​នឹង​២)​។​

​តំណាង​កម្មករ ដែល​បាន​យក​លិខិត​មកដល់​វិមាន​រដ្ឋសភា នា​ថ្ងៃទី​១១​មករា​នេះ ត្រូវបាន​អនុញ្ញាត​យក​លិខិត​សុំ​អន្តរាគមន៍​នេះ ដាក់ជូន​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​៕​

កម្មករ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ ស្នើសុំ​អន្តរាគមន៍ ពីស​ម្តេច​ប្រធានរដ្ឋសភា​

កម្មករ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ ស្នើសុំ​អន្តរាគមន៍ ពីស​ម្តេច​ប្រធានរដ្ឋសភា​

កម្មករ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ ស្នើសុំ​អន្តរាគមន៍ ពីស​ម្តេច​ប្រធានរដ្ឋសភា​