ក្រសួងសុខាភិបាល​ប្រកាសថា ការប្រើប្រាស់​ថ្នាំ​ផ្សះ​អាច​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​

ភ្នំពេញ: ក្រសួងសុខាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា​បានប្រកាស​អាសន្ន​ថា តាម​ការស្រាវជ្រាវ​បាន​រកឃើញ​ចំពោះ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចំពោះ សុខភាព​មនុស្ស ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ឈប់​ប្រើប្រាស់​ថ្នាំ នេះ​តទៅទៀត​។​

​ថ្លែង​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការគំរាមកំហែង នៃ​ភាពស៊ាំ​ទៅនឹង​ឱសថ​ប្រឆាំងនឹង​មេរោគ នៅ​សាលា​ថែទាំ​វេជ្ជសាស្ត្រ នា​ព្រឹក​ថ្ងៃទី​១១ មករា ឆ្នាំ​២០១៦  លោក អេង ហួត រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា ការប្រើប្រាស់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា បាន​ក្លាយជា​បញ្ហា​ប្រឈម​ជាខ្លាំង​ដូចជា​ធ្វើឱ្យ​អ្នកជំងឺ​មាន​ភាព​ផ្សាំ​ថ្នាំ​ព្យាបាល​លែង​ជា  និង​ថែមទាំង​បង្កើតឱ្យមាន​ជំងឺ​ផ្សេងៗ​ទៀត​។​

​លោក​បន្តថា ថ្នាំ​ផ្សះ​ភាគច្រើន​លែងមាន​ប្រសិទ្ធភាព​ទៀតហើយ សម្រាប់​ព្យាបាល​ជំងឺឆ្លង ដែល កើត​ឡើងជា​ញឹកញាប់ ដែល​បញ្ហា​នេះ​បាន​គំរាមកំហែង​ដល់​ប្រសិទ្ធភាព​នៃ​ការបង្ការ និង​ការព្យាបាល ជំងឺឆ្លង​ជាច្រើន​ដោយ​ការកាត់បន្ថយ​ភាព​សាក​សិទ្ធិ​របស់​ថ្នាំ​ប្រឆាំង នឹង​មេរោគ​ថ្មីៗ​។​

​លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង និង​ជា​សមាជិក​ក្រុមការងារ​ភាពស៊ាំ​ទៅនឹង​ថ្នាំ​ផ្សះ នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា ប្រសិនបើ​ពលរដ្ឋ​ប្រើ​ថ្នាំ​ផ្សះ ត្រឹមត្រូវ វា​នឹង​ជួយ​កម្ចាត់​មេរោគ​។  ប៉ុន្តែ​បើសិន​ពួកគាត់​ប្រើ​ខុស​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​នោះ វា​នឹង​ក្លាយជា​អាវុធ​ដ៏​សាហាវ​សម្លាប់​ជីវិត​មនុស្ស​សត្វ​ដោយ​គ្មាន​ថ្នាំ​ព្យាបាល​។​

​លោក​វេជ្ជបណ្ឌិត​បន្តថា ដើម្បី​ប្រើប្រាស់​ថ្នាំ​ផ្សះ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​នោះ ប្រជាពលរដ្ឋ នៅពេលដែល​កើត​ជំងឺ​គ្រុនក្តៅ ឬ​ផ្តាសាយ​កុំ​ប្រើ​ថ្នាំ​ផ្សះ សូមកុំ​ប្រើ​ថ្នាំ​ផ្សះ ដោយ​គ្មាន​វេជ្ជបញ្ជា  បើ​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ  និង​មិនត្រូវ​ប្រើ​វេជ្ជបញ្ជា​ចាស់​នោះទេ​។​

​គួរ​បញ្ជាក់ថា កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៅក្នុង​តំបន់ ដែល​បាន បង្កើត​គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ភាពស៊ាំ និង​ថ្នាំ​ផ្សះ រួចរាល់​ហើយ​៕​