បន្លែ​ផ្លែឈើ​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​តម្រូវការ​បាន​៧៥​ភាគរយ​នៅក្នុង​ខេត្តសៀមរាប​

ភ្នំពេញ: អាជ្ញាធរខេត្ត​បាន​អះអាងថា ការផ្គត់ផ្គង់​បន្លែ​និង​ផ្លែឈើ​នៅក្នុង​ស្រុក​នៃ​ខេត្តសៀមរាប អាច​ប្រើប្រាស់​ទៅតាម​តម្រូវការ​នៃ​បណ្តា សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ធំៗ​នៅក្នុង​ក្រុង​ផ្ទាល់ គឺមាន​ភាពល្អ​ប្រ​លើ​ជាង​មុន​ដែល​គេ​អាច​វាយតម្លៃ បាន​ថា​អាច​គ្រប់គ្រង​បាន​ដល់​ទៅ​៧៥ ភាគរយ​។​

​លោក គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បានឱ្យដឹង​ក្នុងឱកាស​ដែល​លោក​បាន ចុះទៅ​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​ដាំ​បន្លែ នៅក្នុង​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប កាលពី ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៦ នេះ​ថា កាលពី​៣​ឆ្នាំមុន​ខេត្តសៀមរាប​មានការ​ខ្វះខាត​ការផ្គត់ផ្គង់ បន្លែ​និង​ផ្លែឈើ​ក្នុងស្រុក ទៅលើ​ទីផ្សារ​ក្នុងស្រុក និង​តាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន ធំៗ​នៅក្នុង​ក្រុង​។ ប៉ុន្តែ​ដោយសារ​តែមាន​ការជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល និង​ការផ្តល់ បទពិសោធន៍​បច្ចេកទេស​ដាំ​ដុះ​របស់​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត រួម​ជាមួយនឹង​អង្គការ​ដៃគូ នានា​ទៅដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ បច្ចុប្បន្ននេះ​ការផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​ក្នុងស្រុក ទៅលើ​ទីផ្សារ​ទាំងនោះ គឺមាន​ភាពល្អប្រសើរ​ជាង​មុន​ពោល​គឺអាច​ធានាបាន​រហូត​ទៅដល់ ទៅ​៧៥​ភាគរយ សម្រាប់​បម្រើឱ្យ​វិស័យ​ទេសចរណ៍​លើ​ផ្នែក​ម្ហូបអាហារ​។​

​លោក​បាន​បញ្ជាក់ថា បន្លែ​ផ្លែឈើ​ប្រមាណ​៣០​ភាគរយ​ទៀត​ដែល​មិនទាន់​អាច ផ្គត់ផ្គង់ បាន​គឺជា​ប្រភេទ​បន្លែ​ផ្លែឈើ​ដែល​មិនមាន​នៅក្នុង​ស្រុក ហើយ​ពិបាក​ក្នុង​ការដាំដុះ​។ ប៉ុន្តែ បន្លែ​ផ្លែឈើ​ធម្មជាតិ​ដែល​ដាំ​ដុះ​ដោយ គ្មាន​ប្រើប្រាស់​ជីគីមី​ដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក គឺជា​តម្រូវ​ការចាំបាច់​សម្រាប់​បម្រើឱ្យ វិស័យ ទេសចរណ៍​ខាង​ផ្នែក​ម្ហូបអាហារ និង​លើកស្ទួយ​ផលិតផល​ខ្មែរ និង​ធានា​ជូន​ភ្ញៀវទេសចរ​បាន​ថា មុខម្ហូប​ខ្មែរ​ដែលមាន​នៅតាម​បណ្តា សណ្ឋាគារ​នានា​ក្នុង​ខេត្តសៀមរាប គឺ​ផ្សំ​ឡើង​ដោយ​ផលិតផល​ខ្មែរ​សុទ្ធសាធ​គ្មាន​ជាតិគីមី​។​

​ជាមួយគ្នា​នោះដែរ អ្នកស្រី កង ហៀ​ង ជា​កសិករ​ដាំ​បន្លែ​ម្នាក់​រស់នៅ​ក្នុងភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ថ្លែងថា​មុខរបរ​ដាំ​បន្លែ​នេះ​គឺអាច​រកចំណូលបាន​ងាយស្រួល ហើយ​ក្នុង​១​ខែ​ប្រមូល​ផល​ម្តង​គាត់​ទទួលបាន​ចំណូល​ប្រមាណ​ជាង​៤​លាន​រៀល​។​ប៉ុន្តែ​អ្នកស្រី​បាន​ស្នើឱ្យ​អាជ្ញាធរខេត្ត​ពិសេស​តាម​បណ្តា​សណ្ឋាគារ និង​ភោជនីយដ្ឋាន ធំៗ​ក្នុង​ខេត្ត បន្ត​ជួយ​លើកស្ទួយ​ផលិតផល​ខ្មែរ​និង​ឱ្យ​តម្លៃ​ខ្ពស់​ផលិតផល​ក្នុងស្រុក​៕​