កិច្ច​ពិភាក្សា​ស្តី​ពី​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម​ហើយ​នៅ​ប្រទេស​ប៉ាគីស្ថាន

កិច្ច​ពិភាក្សា​ស្តី​ពី​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន​ចាប់​ផ្តើម​ហើយ​នៅ​ប្រទេស​ប៉ាគីស្ថាន

រូប​ឯកសារ៖ ទាហាន​ជាតិ​អាហ្វហ្គានីស្ថាន​សម្រាក​បន្ទាប់​ពី​ធ្វើ​ដំណើរ​មក​ដល់​បន្ទាយ​នៅ​ខាង​ក្រៅ​ក្រុង​ Kunduz ភាគ​ខាង​ជើង​ទីក្រុង​ Kabul ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០១៥។​

ប្រទេស​ប៉ាគីស្ថាន​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​បួន​ភាគី​នៅ​ថ្ងៃ​ច័ន្ទនេះ ​ស្តីពី​ការ​បន្ត​ឡើង​វិញ​នូវ​ដំណើរការ​សន្តិភាព​អាហ្វហ្គានីស្ថាន។ កិច្ច​ពិភាក្សា​ចតុភាគី​នេះ ​រួម​បញ្ចូល​ភាគី​ អាហ្វហ្គានីស្ថាន​ ចិន ​និង​សហរដ្ឋ​អាមេរិក។

លោកSartaj Aziz ដែល​ជា​ទីប្រឹក្សា​បរទេស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ប៉ាគីស្ថាន Nawaz Sharif បាន​ថ្លែង​បើក​កិច្ច​ពិភាក្សា​គ្នា​នោះ។ លោក​មាន​ប្រសាសន៍​ថា «គោល​បំណង​ចម្បង​នៃ​ដំណើរ​ការ​ផ្សះផ្សារ​គ្នា​ឡើង​វិញ​នេះ​ គឺ​ដើម្បី​បង្កើត​លក្ខខ័ណ្ឌ​ក្នុង​ការ​នាំ​យក​ក្រុម​តាលីបង់​ឲ្យ​ចូល​មក​តុ​ចរចា​វិញ ហើយផ្តល់​ឲ្យ​ក្រុម​នោះ​នូវ​ការ​លើក​ទឹកចិត្ត​ដែល​អាច​បញ្ចុះ​បញ្ចូល​ពួកគេ​ឲ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​ជា​ឧបករណ៍​សម្រាប់​សម្រេច​គោលដៅ​នយោបាយ​របស់​ពួកគេ​ត​ទៅ​ទៀត»​។

ការ​ពង្រីក​ខ្លួន​របស់​ក្រុម​ឧទ្ទាម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ទាំង​ក្នុង​តំបន់​និង​ជា​អន្តរជាតិ​ថា​រដូវ​កាល​វាយ​ប្រយុទ្ធ​គ្នា​នៅ​រដូវ​ផ្ការីក​ខាង​មុន​នេះ​អាច​នាំ​ទៅ​រក​ការ​បង្ហូរ​ឈាម​កាន់​តែ​ច្រើន​ឡើង ហើយ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស​ដែល​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម​នោះ៕