ប្រទេសចិនត្រូវការជាង ៥ ពាន់ប៊ីលានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចខ្លួន

ប្រទេសចិនត្រូវការជាង ៥ ពាន់ប៊ីលានដុល្លារ សម្រាប់សង្គ្រោះខឿនសេដ្ឋកិច្ច ហើយពុំប្រាកដថា វិធានការនេះ អាចនាំមកនូវលទ្ធផលវិជ្ជមានផង ។ នេះជាការសន្និដ្ឋានរបស់ អ្នកស្រាវជ្រាវឯករាជ្យ Charlene Chu ។ អ្នកស្រីត្រូវបានគេចាត់ទុកថា ជាអ្នកជំនាញការ យល់ច្បាស់បំផុត អំពីខឿនសេដ្ឋកិច្ចចិនលើពិភពលោក ។

គេហទំព័រនៃកាសែត ហិរញ្ញវត្ថុអង់គ្លេស Bisiness Insider ចុះផ្សាយថ្ងៃទី៩ មករា ២០១៦ បានដកស្រង់ខ្លឹមសារ មួយផ្នែករបស់អ្នកស្រី Charlene Chu ផ្ញើឲ្យកាសែតនេះ ។ តាមអ្នកជំនាញការឯករាជ្យរូបនេះ គឺសំរាប់វិធានការស្វែងរក មកវិញបាននូវកំណើនសេដ្ឋកិច្ច អំឡុងឆ្នាំ២០០៩ ចិនត្រូវប៊ូមបញ្ចូលបន្ថែម ៣៧,៥ ពាន់ប៊ីលានយ៉ន់ ឬ ៥,៧ ពាន់ប៊ីលានដុល្លារ នៅក្នុងក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិ ។

វាគឺជាទឹកប្រាក់ដ៏ធំសម្បើមមួយ តែក៏ពុំប្រាកដជានាំមកនូវ លទ្ធផលដូចក្តីប្រាថ្នាផង ។ ព្រោះបើតាមអ្នកស្រី Chu នោះរហូតមកទល់ពេលនេះ ចិនបានប្រើប្រាស់វិធានការ រូបិយប័ណ្ណច្រើន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ តែវិធានការទាំងនោះ មានប្រសិទ្ធភាពតិចតួច គ្រាដែលសេដ្ឋកិច្ចចិនកំពុងដឹកលើសចំណុះ ពិសេសក្នុងវិស័យផលិតកម្ម ឧស្សាហកម្ម ។ តាមអ្នកស្រី ការប៊ូមបញ្ចូលបែបនេះ វាមានហានិភ័យ ព្រោះវាធ្វើឲ្យកើតមានគ្រោះថ្នាក់ផ្សេងទៀត បណ្តាលពីការកើនដូចភ្នំ នៃបំណុលរបស់ក្រុមហ៊ុន រដ្ឋទាំងឡាយ ។

អ្នកស្រី Chu កត់សំគាល់ថា ដើម្បីលើកស្ទួយសេដ្ឋកិច្ចឡើងវិញនោះ មេដឹកនាំក្រុងប៉េកាំង នៅសល់វិធានការមួយគត់ គឺទម្លាក់សមមាត្របណ្តូរប្រាក់យ៉ន់ ដើម្បីជំរុញការនាំចេញ ។ ហេតុនេះ ប្រាក់យ៉ន់របស់ចិន ចៀសពុំរួចពីការទម្លាក់ថ្លៃ ថែមទៀតក្នុងឆ្នាំនេះ ។

លើពិភពលោក នឹងពុំជៀសផុតពី "សង្គ្រាមរូបិយប័ណ្ណ" ក្នុងឆ្នាំ ២០១៦ ឡើយ ៕

ប្រទេសចិនត្រូវការជាង ៥ ពាន់ប៊ីលានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចខ្លួន

ប្រភព៖ គេហទំព័រ www.health.com.kh