ស្លាក​លេខ​រថយន្ត​នៅ​តែ​មាន​ចោរលួច​ ដ្បិត​មាន​ទីផ្សារ​លក់​-​ទិញ​ស្លាក​លេខ​ក្រៅ​ប្រព័ន្ធ​

​អ្នក​ប្រើប្រាស់​រថយន្ត​មួយ​ចំនួន​ធ្លាប់​បាន​ជួប​ប្រទះ​នឹង​ការ​បាត់បង់​ស្លាក​លេខ​សំគាល់​យានជំនិះ​របស់​ខ្លួន​ ដោយសារ​ចោរលួច​ ហើយ​ពួក​ចោរ​បាន​យក​ស្លាក​លេខ​ដែល​លួច​បាន​នោះ​ទៅ​លក់​បន្ត​ សម្រាប់​បំពាក់​លើ​រថយន្ត​ផ្សេង​ទៀត​ ក្នុង​តម្លៃ​ដល់​ប្រាក់​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក៏​មាន​ ខណៈ​ទីផ្សារ​លក់​-​ទិញ​ស្លាក​លេខ​ក្រៅ​ប្រព័ន្ធ​នេះ​នៅ​តែ​មាន​ និង​ក៏​ដូច​ញ៉ាំង​ឲ្យ​ពួក​ចោរ​នៅ​តែ​បន្ត​ការ​ប្រព្រឹត្ត​ ។​

​រឿងរ៉ាវ​ជា​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​រឿងរ៉ាវ​ដ៏​ច្រើន​ទៀត​ បាន​បង្ហាញ​ថា​ កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​ លោក​ ចាន់​ សុផល​ អាយុ​៦០​ឆ្នាំ​ មុខរបរ​ជាទី​ប្រឹក្សា​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បាត់​ស្លាក​លេខ​រថយន្ត​កម្មសិទ្ធិ​របស់​ខ្លួន​មួយ​គ្រឿង​ ម៉ាក​ Montero​ ពណ៌​បៃតងខ្ចី​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-9099​ ដែល​ចត​ទុក​នៅ​មុខ​ផ្ទះ​ ឋិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ។​ ក្រោយ​ការ​បាត់​ស្លាក​លេខ​រថយន្ត​ទាំង​មុខ​ទាំង​ក្រោយ​នេះ​ លោក​ ចាន់​ សុផល​ ដែល​ជា​ម្ចាស់​រថយន្ត​ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ន​របាល​មូលដ្ឋាន​ភ្លាមៗ​ដែរ​ ។​

​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ នា​ថ្ងៃ​ទី​០៩​ ខែមករា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ស្រាប់តែ​លោក​ ចាន់​ សុផល​ ជា​ម្ចាស់​រថយន្ត​ដែល​បាត់​ស្លាក​លេខ​សំគាល់​យានជំនិះ​ បាន​ប្រទះ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ត្រូវ​បាន​គេ​យក​មក​បំពាក់​លើ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Toyota​ Camry​ ស៊េរី​ឆ្នាំ​២០០៧​ ពណ៌​ស្ករ​ ចត​នៅ​មុខ​ហាង​ផឹកស៊ី​យីហោ​ CV​ Grand​ ផ្លូវ​លេខ​១៥៦​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ រួច​ហើយ​លោក​ក៏​រូតរះ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ​ជា​ម្ចាស់​ករណី​នៃ​ពាក្យបណ្តឹង​ ឲ្យ​ចុះ​ទៅ​ឃាត់​ម្ចាស់​រថយន្ត​ ព្រមទាំង​រថយន្ត​នោះ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ ធ្វើការ​សាកសួរ​ និង​ចាត់ការ​តាម​ច្បាប់​ ។​

​ក្រោយ​ការ​សាកសួរ​រួចរាល់​ ម្ចាស់​រថយន្ត​ Camry​ ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2S-9099​ នោះ​ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ថា​ ខ្លួន​មានឈ្មោះ​ ទេព​ ស៊ី​ណូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជា​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ​ ហើយ​ខ្លួន​បាន​ទិញ​ស្លាក​លេខ​រថយន្ត​នេះ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​១.០០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ និង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​លក់​ស្លាក​លេខ​រថយន្ត​ មាន​លេខ​ភ្នំពេញ​ 2S-9099​ មក​លក់​ឲ្យ​បុរស​ជនសង្ស័យ​ជា​បន្ត​ទៀត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​ដូច​បាន​បង្ហាញ​ព័ស្តុតាង​ជូន​ខាងលើ​នេះ​ សូម​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ជា​ពិសេស​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ និង​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ មេត្តា​មាន​វិធានការ​បោសសម្អាត​ កម្ចាត់​ទីផ្សារ​លក់​-​ទិញ​ស្លាក​លេខ​រថយន្ត​ក្រៅ​ប្រព័ន្ធ​ ទើប​អាច​លុប​បំបាត់​ក្រុម​ចោរលួច​ស្លាក​លេខ​រថយន្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព​ ព្រមទាំង​អ្នក​ប្រើប្រាស់​ស្លាក​លេខ​រថយន្ត​មិន​ត្រឹមត្រូវ​មួយ​ចំនួន​នោះ​ ក៏​គួរ​ងាក​មក​រក​ការ​គោរព​ច្បាប់ទម្លាប់​វិញ​ផង​ ៕​

ស្លាក​លេខ​រថយន្ត​នៅ​តែ​មាន​ចោរលួច​ ដ្បិត​មាន​ទីផ្សារ​លក់​-​ទិញ​ស្លាក​លេខ​ក្រៅ​ប្រព័ន្ធ​

Related