ខន សូវៀត៖ បើ​ចេះ៥ចំណុច​​នេះ ការងារ​ទីផ្សារ​នឹង​​ជោគជ័យខ្ពស់


ខន សូវៀត៖ បើ​ចេះ៥ចំណុច​​នេះ ការងារ​ទីផ្សារ​នឹង​​ជោគជ័យខ្ពស់

មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ​ផ្នែក​ទីផ្សារ និង​ជា​ម្ចាស់​អាជីវកម្ម​ធ្វើ​ស្លាកយីហោ Marido Services លោក ខន សូវៀត បាន​​ប្រាប់ Sabay ថា ដើម្បី​ឱ្យ​ការ​ងារ​ទី​ផ្សារ​ទទួល​បាន​ជោគជ័យខ្ពស់ អ្នក​ធ្វើការ​ផ្នែក​នេះ​​គួរ​យល់​ដឹង​​ និង​អនុវត្ត​តាម ៥ ចំណុច​នេះ។

 

 ខន សូវៀត៖ បើ​ចេះ៥ចំណុច​​នេះ ការងារ​ទីផ្សារ​នឹង​​ជោគជ័យខ្ពស់

 

អតីត​ប្រធាន​ទីផ្សារ​នៃ​ទស្សនាវដ្ដី​រថយន្ត​រូប​នេះ​​​បន្ត​ថា៖

 

ចំណុចទី១ រៀបចំ​ផែនការ​ច្បាស់លាស់ ៖ ការរៀបចំ​ផែនការ​គេ​រៀប​យ៉ាង​ម៉េច អាស្រ័យ​ទៅ​តាម​ការងារ​នោះ ដោយ​ចែក​ជា​ផ្នែក​​ងាយ​ស្រួល ក្នុង​ការ​បំពេញ​ការងារ និង​ស្គាល់​ពី​ទីផ្សារ​ពិត​ប្រាកដ។ កាល​ណា​យើង​ស្គាល់​ទីផ្សារ​ច្បាស់​ហើយ ការងារ​មាន​អត្រា​ជោគជ័យ​ច្រើន។

 

ចំណុចទី២ ការ​ទាក់ទង ៖ វា​មាន​ភាព​លំបាក​បន្តិច​តែ​យ៉ាងណា​យើង​ត្រូវ​តែ​បត់បែន​ទៅ​តាម​កាលៈទេសៈ ព្រោះ​អតិថិជន​មាន​ចិត្ត​មិន​ដូច​គ្នា​ទេ ជា​ពិសេស​យើង​ត្រូវ​តែ​​បង្កើន​ភាព​ស្និទ្ធស្នាល ដើម្បី​ចង​អតិថិជន​ឱ្យ​ជាប់​ក្នុង​ដៃ។

 

ចំណុចទី៣ ស្មោះត្រង់ ៖ ​មាន​សារៈសំខាន់​ណាស់! អ្នកណា​ក៏​ត្រូវ​ការ​ភាព​ស្មោះត្រង់​ដែរ កាលណា​យើង​មិន​មាន​ភាព​ស្មោះត្រង់​នឹង​អតិថិជន វា​ជា​ការ​លំបាក​ណាស់​សម្រាប់​ការ​ទាក់ទង​គ្នា យើង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ភាព​ស្មោះត្រង់​​ជានិច្ច មិន​អាច​ថ្ងៃ​នេះ​និយាយ​អញ្ចេះ ថ្ងៃ​ស្អែក​និយាយ​ផ្សេង​បាន​ឡើយ បើ​ទោះបីជា​មាន​ការ​ខាតបង់​បន្តិចបន្តួច​ក្ដី។

 

ចំណុចទី៤ ទំនុក​ចិត្ត​និង​ការ​ជឿជាក់ ៖ កាលណា​យើង​ធ្វើ​ឱ្យ​អតិថិជន​មាន​ទំនុកទុកចិត្ត និង​ជឿជាក់​លើ​យើង​ហើយ ការងារ​នឹង​មាន​ភាព​រលូន ព្រោះ​គេ​ជឿ​លើ​យើង​ ថា​ការងារ​ដែល​គេ​ប្រគល់​ឱ្យ​យើង​ធ្វើ​នឹង​សម្រេច​ដូច​ការ​គ្រោង​ទុក​របស់​គេ ហើយ​អតិថិជន​គ្មាន​ក្ដី​បារម្ភ​ថា វា​នឹង​បរាជ័យ​ឡើយ ព្រោះ​គេ​ជឿ​លើ​សមត្ថភាព​របស់​យើង។ ចំណែក​យើង​ក៏​ត្រូវ​ខិតខំ​ធ្វើ​ឱ្យ​អស់​ពី​សមត្ថភាព​​ដែរ។

ចំណុចទី៥ សេវាកម្ម និង​គុណភាព ៖ ចំណុច​នេះ​យើង​ចង់​និយាយ​ថា រាល់​ផលិតផល​សម្រេច​ដែល​បញ្ជូន​ទៅ​ភ្ញៀវ គឺ​ទាមទារ​គុណភាព​ជា​ចម្បង មិនមែន​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​នោះ​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ពង្រីង​ផលិតកម្ម​របស់​យើង​ឱ្យ​មាន​គុណភាព​ខ្ពស់​ជានិច្ច និង​រហ័ស​ទៅ​តាម​កាល​បរិច្ឆេទ​ដែល​បាន​ព្រមព្រៀង​គ្នា។

 

លោក ខន សូវៀត ដែលបើក​អាជីវកម្ម​​​ Marido Service បាន​​ជាង ១ ឆ្នាំ​រូប​​នេះ​ បាន​បញ្ជាក់យ៉ាង​ដូច្នេះ​​ថា ៥ ចំណុច​ខាងលើ​ ​​​ជា​អ្វី​ដែល​លោក​បាន​ដឹង ​ឆ្លង​កាត់​ក្នុង​ការងារ និង​មើល​ឃើញ​ថា វា​ធ្វើ​ឱ្យ​លោក​មាន​ភាគរយ​ជោគជ័យ​ខ្ពស់​៕

 

 

ចុចអាន៖ ថៅកែ​ត្រី សាលម៉ុន ដែល​មាន​ចំណូល​១លាន​កន្លះ​ក្នុង​១ឆ្នាំ​ថា បុគ្គលិក​ល្អ​ជួយ​អាជីវកម្ម​ថ្កើង

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ