ឆ្នាំ២០១៥ បទល្មើសប្លន់ ប្រដាប់អាវុធ កើតឡើងជាង ៤០០លើក បង្ក្រាបបានតែជាង ៣០លើក

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ យ៉ាងហោចណាស់ មានបទល្មើសប្លន់ប្រដាប់វុធអាធ នៅទូទាំងប្រទេស បានកើតឡើងចំនួនជាង ៤០០លើក ហើយបង្ក្រាបបានចំនួនជាង ៣០លើក ស្មើនឹង ៨ភាគរយ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៥ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ។

ក្នុងរបាយការណ៍សរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៦ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ឆ្នាំ២០១៥ កងរាជអាវុធហត្ថ ទទួលបានបណ្តឹងចំនួន ១.០៩១បណ្តឹង ចាត់ការបណ្តឹងបានចំនួន ៨៣១បណ្តឹង, ទទួលដីកាបានចំនួន ៧.១៧៥ដីកា (បទឧក្រិដ្ឋ ១.៨១៩ និងបទមជ្ឈិម ៥.៣៥៦) អនុវត្តន៍ដីកា ៥.៣៣២ដីកា (បទឧក្រិដ្ឋ ១.១២៣ និងបទមជ្ឈិម ៤.២០៩) នៅសល់ដីកាកំពុងអនុវត្តន៍តាមនីតិវិធី។ បង្ក្រាបបទល្មើសបានចំនួន ១.៤៨៩លើក ឆ្នាំ២០១៤ បានចំនួន ៩៨៣លើក (បទល្មើសឧក្រិដ្ឋចំនួន ៨២២លើក ឆ្នាំ២០១៤ ៣៩៩លើក និងបទល្មើសមជ្ឈិមចំនួន ៦៦៧លើក ឆ្នាំ២០១៤ បានចំនួន ៥៨៤លើក)។

របាយការណ៍កងរាជអាវុធហត្ថ បានបន្តថា “ករណីប្លន់ក្នុងឆ្នាំ២០១៥ មានចំនួន ៤៣៦លើក បង្ក្រាបបានចំនួន ៣៥លើក ស្មើនឹង ៨ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៤ កើតឡើងចំនួន ៣៦០លើក បង្ក្រាបបានចំនួន ២០លើក ស្មើនឹង ៦ភាគរយ”។

ករណីឃាតកម្មកើតឡើងចំនួន ២៥៥លើក បង្ក្រាបបាន ១៥លើក ស្មើនឹង ៦ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ២៥២លើក បង្ក្រាបបានចំនួន ៩លើក ស្មើនឹង ៤ភាគរយ។ ករណីរំលោភសេពសន្ថវៈ កើតឡើងចំនួន ១៨៩លើក បង្ក្រាបបានចំនួន ១៣លើក ស្មើនឹង ៧ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ១៤២លើក បង្ក្រាបបានចំនួន ១៦លើក ស្មើនឹង ១១ភាគរយ។ ករណីជូញដូរគ្រឿងញៀនបង្ក្រាបបានចំនួន ៥៧៤លើក ធៀបនឹងឆ្នាំ២០១៤ បង្ក្រាបបានចំនួន ២៧៤លើក។ ករណីប្រើប្រាស់គ្រឿងញៀនបង្ក្រាបបានចំនួន ១៣០លើក ឆ្នាំ២០១៤ បានចំនួន ៨៥លើក។

របាយការណ៍ដដែល បានបន្តថា ឆ្នាំ២០១៥ ករណីចាប់ជំរិតកើតឡើងចំនួន ៦លើក បង្ក្រាបបានចំនួន ៤លើក ស្មើនឹង ៦៣ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ៣លើក បង្ក្រាបបាន ៤លើក ស្មើនឹង ១៣៣ភាគរយ។ ករណីលួចមានចំនួន ១.៤៤៣លើក បង្ក្រាបបានចំនួន ២១៣លើក ស្មើនឹង ១៥ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ១.១១៣លើក បង្ក្រាបបានចំនួន ១៣៨លើក ស្មើនឹង ១២ភាគរយ។ ករណីហិង្សាដោយចេតនា កើតឡើងចំនួន ៦៩០លើក បង្ក្រាបបានចំនួន ១៥២លើក ស្មើនឹង ២២ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ៥៥៤លើក បង្ក្រាបបានចំនួន ១៤១លើក ស្មើនឹង ២៥ភាគរយ។

ករណីបង្កឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា កើតឡើងចំនួន ៥៣លើក បង្ក្រាបបានចំនួន ១៣លើក ស្មើនឹង ២៥ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ៥៤លើក បង្ក្រាបបានចំនួន ១៣លើក ស្មើនឹង ២៥ភាគរយ។ ករណីដឹកជញ្ជូនអាវុធខុសច្បាប់កើតឡើងចំនួន ៧៩លើក បង្ក្រាបបានចំនួន ២៩លើក ស្មើនឹង ៣៧ភាគរយ ឆ្នាំ២០១៤ កើតឡើង ៦៥លើក បង្ក្រាបបានចំនួន ១៣លើក ស្មើនឹង ២០ភាគរយ។ ករណីក្មេងទំនើងកើតឡើងចំនួន ១៤៦លើក បង្ក្រាបបានចំនួន ៥៤លើក ស្មើនឹង ៣៧ភាគរយ ឆ្នាំ២០១៤ កើតឡើងចំនួន ១៤៤លើក បង្ក្រាបបានចំនួន ៤៧លើក ស្មើនឹង ៣៧ភាគរយ។

ករណីរំលោភលើសេចក្តីទុកចិត្តកើតឡើងចំនួន ៣៤លើក បង្ក្រាបបានចំនួន ១៣លើក ស្មើនឹង ៣៨ភាគរយ ឆ្នាំ២០១៤ ២៩លើក បង្ក្រាបបានចំនួន ១៧លើក ស្មើនឹង ៥៩ភាគរយ។ បង្ក្រាបករណីជួញដូរមនុស្សមានចំនួន ៤៦លើក ឆ្នាំ២០១៤ បង្ក្រាបបានចំនួន ៣០លើក។ ករណីដំណាំកញ្ឆាបង្ក្រាបបានចំនួន ៤លើក ឆ្នាំ២០១៤ បង្ក្រាបបានចំនួន ១លើក។ បង្រ្កាបករណីល្បែងស៊ីសង បានចំនួន ៧៥លើក ឆ្នាំ២០១៤ ២៦លើក។ បង្ក្រាបករណីទទួលផលចោរកម្មបានចំនួន ១៤លើក ឆ្នាំ២០១៤ បង្ក្រាបបានចំនួន ២លើក និងបង្ក្រាបករណីប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយបានចំនួន ៥លើក៕

ឆ្នាំ២០១៥ បទល្មើសប្លន់ ប្រដាប់អាវុធ កើតឡើងជាង ៤០០លើក បង្ក្រាបបានតែជាង ៣០លើក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត