ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានសរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​( Facebook) Page​ផ្លូវការ​របស់សម្តេចបង្ហោះ​នៅព្រឹក ថ្ងៃទី១២ មករា ​២០១៦នេះ​មានខ្លឹមសារទំាងស្រុងថា​ "ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំ​កាន់ជាប់ជានិច្ចនូវកាបូបដៃតូច​មួយទោះទៅដល់ទីណាក៏ដោយ។ ក្នុងកាបូបនេះគឺ​មានផ្ទុកទូរស័ព្វចំនួន​ ៥ ដែលសម្រាប់តាមដានមើល ​​ស្តាប់ និងទទួលព័ត៌មាន​ដែលសហការីបានផ្ញើជូន​នៅរៀងរាល់នាទី។​ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន​ គឺមានសារប្រយោជន៍​សំខាន់បំផុតដល់ការអភិវឌ្ឍន៍ ​និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ។

ខ្ញុំសូមថ្នាក់ដឹកនាំ និង​ មន្រ្តីរាជការទូទាំងប្រទេស​សិក្សារៀនសូត្របន្ថែម​អំពីរបៀបប្រើប្រាស់សំភារៈ​បច្ចេកវិទ្យាជាពិសេស​ Smart Phone​ អោយទាន់ការវិវឌ្ឍន៍ ជឿនលឿន​ដែលនាំមកនូវអត្ថប្រយោជន៍ច្រើន​ដល់ការងារប្រចាំថ្ងៃ ​និង ផ្តល់នូវផលប្រយោជន៍​កាន់តែច្រើនដល់សង្គម​ជាតិយើងទាំងមូល។

ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ ទីកន្លែង ទាំងអស់។ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ផងដែរ ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់ របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់រាជរដ្ឋាភិបាលដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទងនិងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន។

សូមមើលរូបភាពដែលភ្ជាប់មកជាមួយនេះ គឺសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅកន្លែងផ្សេងទៀត ក៏ខ្ញុំនៅតែមានលទ្ធភាពភ្ជាប់ខ្លួន មកដោះស្រាយការងារបានដែរ៕"​

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព