កាមរី​បា​ឡែ​ន​បុក​អ្នកជិះ​ម៉ូតូ​២​នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​

រាជធានី​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​បាន​រងរបួស​បាក់ជើង និង​បុរស​ម្នាក់ទៀត​របួសស្រាល​ដោយសារ​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បុក​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង ខណៈ​ពួកគេ​ទាំង​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ឌុប​គ្នា​ដល់​ចំណុច​ផ្លូវ​កែវ​។​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០ និង​៤៥​នាទី​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស កែវ​និង ផ្លូវ​លេខ​៩០​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក សង់​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​សា្ល​ក​លេខ 1FF-3621 ជិះ​ឌុប​គ្នា​ធ្វើដំណើរ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន​ល្មម លុះ​មកដល់​ចំណុច​កែវ​នឹង​ផ្លូវ​លេខ​៩០ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ការ​មី បា​ឡែ​ន ពណ៌​ស ពាក់​សា្ល​ក​លេខ ភ្នំពេញ 2AE-0752 បើកបរ​ដោយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​បញ្ច្រាស​គ្នា ដោយ​បើក​ឆ្លងផ្លូវ​បំណង​ឆ្ពោះទៅកាន់​ផ្លូវ​លេខ​៩០​។ ប៉ុន្តែ​ពេលនោះ រថយន្ត​មិនបាន​បើកភ្លើង​ស៊ីញ៉ូ ដើម្បី​ឲ្យ​សញ្ញា​ប្រាប់ថា ឆ្លងផ្លូវ​ជាហេតុ​ធ្វើ ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្មានតែ​រថយន្ត​មិន​បត់ ទើប​បើក​លឿន​ជ្រុល​បុក​ផ្ទប់​ពីមុខ រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ដែល​រួម​ដំណើរ​ពីក្រោយ រងរបួស​បាក់ ជើង​ខាងស្តាំ ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​ភ្លាមៗ ចំណែក​បុរស​ជា​អ្នក​ឌុប​ត្រូវ​រងរបួស​ស្រាល​។ ចំណែក​ម៉ូតូ និង​រថយន្ត​ត្រូវ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ដូចគ្នា​។​

 ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍ វាស់វែង​យក​ទាំង​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

កាមរី​បា​ឡែ​ន​បុក​អ្នកជិះ​ម៉ូតូ​២​នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​
កាមរី​បា​ឡែ​ន​បុក​អ្នកជិះ​ម៉ូតូ​២​នាក់​បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​