គ្រោះមហន្តរាយ ឆ្នាំ២០១៥ បណ្តាលឲ្យ មនុស្សជាង ៩០០នាក់ស្លាប់

ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួនជាង ៩០០នាក់ បានស្លាប់បាត់បង់ជីវិត និងជាង ៣០០នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ដោយសារគ្រោះមហន្តរាយ នៅទូទាំងប្រទេស កាលពីឆ្នាំ២០១៥កន្លងទៅនេះ។

យោងតាមរបាយការណ៍ សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសម្រាប់ ឆ្នាំ២០១៦ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះថា គ្រោះមហន្តរាយ ក្នុងឆ្នាំ២០១៥ កើតឡើងចំនួន ១.៩៣៧លើក បណ្តាលឲ្យមនុស្សចំនួន ៩៤៤នាក់ស្លាប់ និងរបួសធ្ងន់-ស្រាលចំនួន ៣១៧នាក់ ក្នុងឆ្នាំ២០១៤ កើតឡើងចំនួន ១.៣៧៥លើក មនុស្សស្លាប់ចំនួន ៧៨១នាក់ និងរបួស ៨៩១នាក់។

ករណីខ្យល់ព្យុះ ក្នុងឆ្នាំ២០១៥ កើតឡើងចំនួន ៤២៣លើក (ឆ្នាំ២០១៤ ១៦៩លើក), រន្ទះបាញ់ចំនួន ១៩២លើក (២០១៤ ១៦២លើក), ជំនន់ទឹកភ្លៀង ១៦លើក (២០១៤ ៤៧លើក), បាក់ច្រាំងទន្លេ ៤លើក, អគ្គិភ័យ ៥០៧លើក (២០១៤ ៣៥៤លើក), បាក់ដី បាក់ប្លន់សេសង្កត់មនុស្សចំនួន ១៧លើក (២០១៤ ១៤លើក), លង់ទឹក ៥៣៩លើក (២០១៤ ៤៤១លើក), ខ្សែភ្លើងឆក់ ១៨២លើក (២០១៤ ១៣៥លើក), ផ្ទុះគ្រាប់ចម្រុះ ៥១លើក (២០១៤ ៧៤លើក), ផ្ទុះកាំជ្រួច ៦លើក (២០១៤ ១លើក)។ គ្រោះមហន្តរាយដែលបង្កឲ្យមនុស្ស ស្លាប់មានដូចជា លង់ទឹក, ឆក់ខ្សែភ្លើង និងរន្ទះបាញ់។

របាយការណ៍បានបន្តថា ករណីខ្យល់កន្ត្រាក់បាន កើតឡើងក្នុងភូមិសាស្ត្រ មួយចំនួនក្នុងរាជធានី និងខេត្តទាំង២៤ ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៩.៣៤៨ខ្នង សាលារៀង ២៨កន្លែង រលំបង្គោលភ្លើង ៩៨ដើម រលំដើមឈើ ៤៨៣ដើម ងាប់គោ ក្របីអស់ ៣៥ក្បាល ត្រី ១៧៦តោន ស្រូវ-អង្ករ ២.៤១០តោន ខូចខាតដំណាំចេក ២៥ហិកតា និងផលដំណាំផ្សេងៗទៀត ៣.១៦៥ហិកតា។ល។ ករណីផ្សេងកើតឡើងចំនួន ២.៧៩៦លើក (២០១៤ ១.៤៦៨លើក) បណ្តាលឲ្យស្លាប់មនុស្ស ១.៣៣៦នាក់ (២០១៤ ៩៩៥នាក់) របួស ៣.៣០៩នាក់ (២០១៤ ១.៧២៧នាក់) សរុបរួមគ្រប់ករណីខាងលើ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤.៨១១នាក់ (២០១៤ ៣.៧៦៥នាក់) និងរបួស ១២.៥៨០នាក់ (២០១៤ ៩.៩១៧នាក់)៕