វិចារណកថាៈ ការផ្លាស់ប្តូរ យុទ្ធសាស្ត្រ នយោបាយ របស់គណបក្សប្រឆាំង

 រយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះ លោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានលើកឡើង ជាបន្តបន្ទាប់ អំពីយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ក្នុងការដាក់ចេញយុទ្ធសាស្ត្រពង្រឹងកិច្ចការមូលដ្ឋាន ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៨។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីមជ្ឈដ្ឋាននានា ក្នុងខណៈដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្រៅ ប្រទេស ដោយសារប្រឈមនឹងការចាប់ខ្លួនពីដីកាតុលាការ ។ ជាមួយគ្នានេះ លោក កឹម សុខា បានដាក់ចេញនូវ កាលបរិច្ឆេទចុះជួបសំណេះសំណាល ជាមួយសកម្មជន និងអ្នកគាំទ្រនៅតាមមូលដ្ឋានជាច្រើនខេត្ត ដើម្បីពង្រឹង ស្មារតីសកម្មជន និងអ្នកគាំទ្រនៅថ្នាក់មូលដ្ឋាន អំពីយុទ្ធសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។

 ការដាក់ចេញនូវយុទ្ធសាស្ត្រ ៧ចំណុច របស់លោក កឹម សុខា បានបង្ហាញអំពីជំហរទន់ភ្លន់ របស់គណបក្ស សង្គ្រោះជាតិ ក្នុងយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន ដើម្បីឈានទៅដល់ការបោះឆ្នោតជាបន្តបន្ទាប់ នាពេលខាង មុខ។ ក្នុងនោះលោក កឹម សុខា ហាក់ដូចជាកាត់បន្ថយយ៉ាងច្រើនចំពោះការវាយប្រហារទៅលើរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត លោក កឹម សុខា បានថ្លែងទៅកាន់សកម្មជននៅថ្នាក់មូលដ្ឋានកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ថា “ខ្ញុំសុំឲ្យសកម្មជន ថ្នាក់ដឹកនាំមូលដ្ឋានផ្តោតទៅលើផែនការសកម្មភាព ដែលខ្ញុំដាក់ជូននេះ ហើយចៀសវាងកុំចំណាយពេលទៅឆ្លើយឆ្លងជាមួយនរណា”។

 មជ្ឈដ្ឋាននានា បានកត់សម្គាល់ថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រ របស់គណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យកម្តៅ នយោបាយ មានការថយចុះ យ៉ាងឆាប់រហ័ស ហើយដំណោះស្រាយដោយសន្តិវិធីរវាងខ្មែរ និងខ្មែរអាចបញ្ចប់ បានរាល់បញ្ហាស្មុគស្មាញទាក់ទងរឿងនយោបាយ។ មានន័យថា មេដឹកនាំគណបក្សសង្គ្រោះជាតិ គួរគោរព តាមកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ទៀត ដើម្បីស្ថិរភាពនយោបាយ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋ។ ការដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ កាត់បន្ថយ ការវាយប្រហារទៅលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច គឺជាប្រការសំខាន់បំផុត ដើម្បីរក្សាស្ថិរភាព នយោបាយ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាកសាងជាតិឲ្យមានការរីកចម្រើនឆាប់រហ័ស។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយរបស់គណបក្សសង្គ្រោះជាតិ មិនវាយប្រហារទៅបុគ្គល ឬអ្នកនយោបាយ ដោយគ្មានហេតុផលច្បាស់លាស់ គឺជារឿងមួយគួរឲ្យចាប់អារម្មណ៍នៅពេលនេះ។

 គួរកត់សម្គាល់ដែរថា នៅក្នុងពេលរំលឹកខួប ៣៧ឆ្នាំ នៃជ័យជំនះ ០៧មករា ឆ្នាំ១៩៧៩-០៧មករា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងយ៉ាងច្បាស់អំពីការបន្តវប្បធម៌សន្ទនា ជាមួយគណបក្សជំទាស់។ នៅក្នុងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីនេះ ក៏សម្តេចតេជោ ហ៊ុន សែន លើកឡើងពីការបន្តវប្បធម៌សន្ទនា ជាមួយគណបក្សជំទាស់ ដើម្បីរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិផងដែរ។ ការបង្ហាញជំហររបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រការសំខាន់បំផុត ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវពិនិត្យឡើងវិញរាល់ទង្វើររបស់ខ្លួននាពេលកន្លង។ គណបក្សប្រជាជន កម្ពុជាបានដាក់ចេញយ៉ាងច្បាស់នូវយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ ដូច្នេះការរិះគន់របស់គណបក្សជំទាស់ គួរតែមានហេតុផលសមស្របចៀស វាងការវាយ ប្រហារដោយកំរោល។

 អ្នកតាមដានស្ថានភាពនយោបាយ នៅកម្ពុជាបានកត់សម្គាល់ថា ក្រោយពេលបាត់បង់តំណែងជាអនុប្រធានទី១ រដ្ឋសភាក្រោយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ លោក កឹម សុខា ហាក់ដូចជាមានឥរិយាបថទន់ភ្លន់ជាងមុន ។ ការដែលគណបក្សសង្គ្រោះជាតិ ដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួន ៧ចំណុច ដើម្បីប្រកួតប្រជែង ជាមួយគណបក្ស ប្រជាជនកម្ពុជា គឺជាបរិបទថ្មីមួយរបស់គណបក្សជំទាស់ ។ បញ្ហានេះហើយ ដែលមជ្ឈដ្ឋានជាច្រើនសង្ឃឹមថា កម្តៅនយោបាយ នឹងមានការថយចុះយ៉ាងឆាប់រហ័ស ហើយនៅក្រោយការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខ ពុំមានបាតុកម្មកើតឡើងយ៉ាងពេញបន្ទុកទៀតទេ។ ភាពចាស់ទុំខាងនយោបាយ របស់មេដឹកនាំ គណបក្ស សង្គ្រោះជាតិ គឺជាចំណុចមួយ ដែលគួរឲ្យកត់សម្គាល់សម្រាប់ការបោះឆ្នោត ជាបន្តបន្ទាប់នា ពេលខាងមុខ។

សរុបសេចក្តីមកការដាក់ចេញនូវយុទ្ធសាស្ត្រថ្មី របស់គណបក្សសង្គ្រោះជាតិ សម្រាប់ឈានទៅរកការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺជាបញ្ហាមួយដែលមជ្ឈដ្ឋាននានា កំពុងតាមដានដោយយកចិត្តទុកដាក់។ ប៉ុន្តែអ្វី ដែលសំខាន់ គឺគណបក្សសង្គ្រោះជាតិត្រូវគោរតាមកិច្ចព្រមព្រៀង បញ្ចប់ភាពជាប់គាំងផ្នែក នយោបាយចុះ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ និងកិច្ចព្រមព្រៀងសំខាន់ៗជាបន្តបន្ទាប់ទៀត រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធផលប្រយោជន៍ជាតិ និងផលប្រយោជន៍ ប្រជាពលរដ្ឋ។ ដូច្នេះមេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវគិតគូឲ្យបានដិតដល់មុននឹងធ្វើអ្វីមួយ ដើម្បីរក្សា ស្ថិរភាពនយោបាយ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការពារទឹកដី និងពង្រឹងសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំ៕