ប្រធានក្រុមចេញមុខសុំទោសអ្នកគាំទ្រ ក្រោយពេលកម្ពុជា ចាញ់ម៉ាល់ឌីវ នៅថ្ងៃបើកឆាក (មានវីដេអូហាយឡាយ)

កីឡាករមានល្បឿនលឿន ឈិន ឈឿន ដែលត្រូវបានដាក់ឲ្យធ្វើជាប្រធានក្រុម បានចេញមកមកសុំទោសដល់អ្នកគាំទ្រ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិម៉ាល់ឌីវ ៣-២ ក្នុងការប្រកួតបើកវគ្គជម្រុះតាមពូលB ដណ្តើមពានរង្វាន់ 2016 Bangabandhu Gold Cup នៅប្រទេសបង់ក្លាដេស កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។
b
ខ្សែបម្រើ ឈិន ឈឿន បានសរសេរសារនៅលើគណនីរបស់ខ្លួនថា៖«សុំទោសអ្នកគាំទ្រទាំងអស់គ្នាដែលខ្ញុំធ្វើមិនបានល្អសំរាប់ការប្រកួតថ្ងៃនេះធ្វើអោយអ្នកទាំងអស់គ្នាខកចិត្ត ប៉ុន្តែកីឡាករទាំងអស់ពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់។ ខ្ញុំដឹងថាថ្ងៃនេះខ្ញុំមានកំហុសខ្លាំងណាស់ ដែលការពារបាល់មិនបានល្អ ពិតជាខឹងខ្លួនឯឯមែន»។

តាមរយៈការប្រកួតបើកឆាក នៅកីឡដ្ឋាន Shams-UI-Huda Stadium កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ដោយមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MyTV នោះខ្សែការពាររបស់ក្រុមជម្រើសជាតិកម្ពុជា ហាក់មានការធ្វេសប្រហែស ដែលធ្វើឲ្យខ្សែបម្រើ Easa Ismail របស់ម៉ាល់ឌីវ បានអូសបាល់រំលងយ៉ាងមានសុវត្ថិភាព ហើយបានស៊ុតបាល់នោះបញ្ចូលទីបានយ៉ាងល្អ ខណៈការប្រកួតទើបតែចាប់ដំណើរការបាន៤នាទីនោះ។

គ្រាប់បាល់មួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ដែលខំតាមដាននៅតាមគេហដ្ឋាននេះ មិនការបាក់ទឹកចិត្តផងដែរ ប៉ុន្តែកីឡាករវ័យក្មេង ស៊ុន វណ្ណដេត របស់ក្លិបប៉ូលិស បានបង្កើតភាពរីករាយឡើងវិញ តាមរយៈការវាយបកតាមស្មើ ១-១ របស់គេនៅនាទីទី១៥។
a
នៅនាទីទី៣៨ ខ្សែប្រយុទ្ធ Hassan Naiz បានជួយឲ្យក្រុមម៉ាល់ឌីវ នាំមុខ ២-១ ជាថ្មីម្តងទៀត តែខ្សែបម្រើ ទិត្យ ឌីណា របស់ប៉ូលិស បានស៊ុតចូល១គ្រាប់វិញ ដើម្បីជួយឲ្យកម្ពុជាស្មើ ២-២ នៅនាទីទីបន្ថែម ៤៥+១។ យ៉ាងណាក៏ដោយ ការលោតទះបាល់ចេញមិនផុតរបស់អ្នកចាំទី អ៊ុំ សេរីរ័ត្ន បានផ្តល់ឱកាសឲ្យ Hassan Naiz ឆក់បាល់នោះ រួចអូសរំលង សេរីរ័ត្ន ដែលបានដួល និងស៊ុតបញ្ចូលទីយ៉ាងងាយ នៅនាទីទី៧៧ ហើយនោះក៏ជាគ្រាប់បាល់ជ័យជម្នះរបស់ក្រុមម៉ាល់ឌីវ ព្រោះការព្យាយាមវាយបករបស់កម្ពុជា រកមិនឃើញគ្រាប់បាល់បន្ថែមនោះឡើយ។
ការចាញ់នេះ បានធ្វើឲ្យកម្ពុជា នៅតែមិនអាចសងសឹកលើក្រុមម៉ាល់ឌីវ ដែលធ្លាប់ឈ្នះលើខ្លួនពីអតីតកាលដដែល គឺក្រុមម៉ាល់ឌីវ បានយកឈ្នះ ៦-០ ក្នុងវគ្គជម្រុះ FIFA World Cup កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០១ មុនពេលស្មើគ្នា ១-១ ក្នុងការប្រកួតជម្រុះលើកទី២ នាថ្ងៃទី១៥ ខែមេសា និងបន្តចាញ់ក្រុមម៉ាល់ឌីវ ៤-០ ក្នុងការប្រកួតពាន AFC Challenge Cup កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១។

ទោះបីជាយ៉ាងណា ក្រុមកម្ពុជា នៅមានឱកាសក្នុងការប្រជែងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះពួកគេ នៅសល់ការប្រកួតជម្រុះចំនួន២ក្នុងដៃទៀត គឺការជួបក្រុមជម្រើសជាតិបារ៉ែន នៅថ្ងៃទី១៤ និងជួបក្រុមU23របស់បង់ក្លាដេស នៅថ្ងៃទី១៦ ខែមករា ខណៈលទ្ធផលជាបណ្តុះអាសន្នសម្រាប់ការប្រកួតពូលBនេះ គឺក្រុមម៉ាល់ឌីវ មាន៣ពិន្ទុខ្ពស់ជាងគេ ឯក្រុម U23បង់ក្លាដេស និងក្រុមបារ៉ែន មាន១ពិន្ទុដូចគ្នា ហើយកម្ពុជា ឈរនៅបាតតារាងដោយមានសូន្យពិន្ទុ៕ Cambosport

សូមទស្សនាវីដេអូខាងក្រោម៖