លោក Van Gaal រំពឹង Man Utd បន្ត​ឈ្នះ​ពេល​ជួប Newcastle រាត្រី​នេះ

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់​ Manchester United បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រុម​របស់​លោក​ចាំ​បាច់​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​ប្រសើរ ប៉ុន្តែ ពួក​គេ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​ជ័យ​ជម្នះ​ជា​លើក​ទី​៣​ជាប់​ៗ​គ្នា​នៅ​លើ​ទឹក​ដី​ក្រុម​ Newcastle United នៅ​រាត្រី​នេះ​។ manu-newcastleក្រុម​បិ​សាច​ក្រហម Man United បាន​កត់​ត្រា​ជ័យ​ជម្នះ​បី​លើក​ជាប់​ៗ​គ្នា​លើក​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆិកា ដែល​នៅ​ពេល​នោះ​​​ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម CSKA Moscow ក្នុង​ក្រប​ខ័ណ្ឌ Champions League បាន​កើត​ឡើង​នៅមុន​ពេល​ការ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម West Bromwich Albion និង Watford ក្នុង​ក្រប​ខ័ណ្ឌ Premier League បាន​ធ្វើ​ឲ្យ​​​កីឡ​ដ្ឋាន Old Trafford ស្ថិត​ក្នុង​ភាព​រីក​រាយ​។ Man United បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​​ក្នុង​លីក​នេះ ប៉ុន្តែ បន្ទាប់​ពី​​​នោះ ពួក​គេ​​មិន​បាន​កត់​ត្រា​ជ័យ​ជម្នះ​មួយ​ផ្សេង​ទៀត​ឡើយ​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មក​រា អំឡុង​ពេល​នោះ​ពួក​គេ​ក៏​បាន​ធ្លាក់​ចេញ​ពី​​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​ចែក​ពូល​ផង​ដែរ​។ Man United បាន​បន្ធូរ​បន្ថយ​សម្ពាធ​មួយ​ចំនួន​លើ​លោក Van Gaal តាម​រយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ផ្ទះ​ខ្លួន​ឯង​​ពីរ​លើក​ជាប់​ៗ​គ្នា ប៉ុន្តែ ការ​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​ពាន FA Cup កាល​ពី​ថ្ងៃ​សៅរ៍​លើ​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ Sheffield United តាម​រយៈ​គ្រាប់​បាល់​ប៉េ​ណាល់​ទី​របស់​ខ្សែ​ប្រយុទ្ធ Wayne Rooney នៅ​ជិត​បញ្ចប់​ការ​ប្រកួត មិន​បាន​ផ្តល់​នូវ​ការ​ជឿ​ជាក់​ខ្លាំង​ឡើយ​។ លោក Van Gaal ដែល​ក្រុម​របស់​លោក​ត្រូវ​បាន​កោត​សរសើរ​ដោយ​អ្នក​គាំ​ទ្រ​ផ្ទាល់​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​​បាន​យក​ឈ្នះ​លើ​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​ទី​៣ ទាំង​ត្រដាប​ត្រដួស​នោះ បាន​ឲ្យ​ដឹង​ថា៖ «លទ្ធ​ផល​នេះ​គឺ​ល្អ ប៉ុន្តែ ការ​បង្ហាញ​ពី​ទម្រង់​លេង​គឺ​មិន​​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​»​​៕

ការ​ជួប​គ្នា​៣​លើក​ចុ​ងក្រោយ​រវាង​ក្រុម​ទាំង​ពីរ

22.08.15 Manchester United 0-0 Newcastle Utd
05.03.15 Newcastle Utd 0-1 Manchester United
26.12.14 Manchester United 3-1 Newcastle Utd

កម្ម​វិធី​ប្រកួត​នៅ​រាត្រី​នេះ
Aston Villa v Crystal Palace – 2:45 ទៀប​ភ្លឺ
Bournemouth v West Ham – 2:45 ទៀប​ភ្លឺ
Newcastle Utd v Manchester United – 2:45 ទៀប​ភ្លឺ