Newcastle ទិញ​ខ្សែ​បម្រើ​ Saivet​ ពី​ក្លិប Bordeaux

Newcastle បាន​ចុះ​ហត្ថ​លេខា​​ជា​មួយនឹង​ខ្សែ​បម្រើ​អន្តរ​ជាតិ​សេ​ណេ​ហ្គាល់ Henri Saivet ពី​ក្លិប​របស់​បារាំង Bordeaux​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្លិប​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​ចន្ទ​។

newscastleSaivet បាន​ផ្ទេរ​​ទៅ​​កាន់​​កីឡ​ដ្ឋាន St James’ Park ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៥​លាន​ផោន (ស្មើ​នឹង​៧,២​លាន​ដុល្លារ​អាមេ​រិក​)​។​ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ដែល​ជា​ប្រធាន​ក្រុម​របស់ Bordeaux បាន​យល់​ព្រម​ចុះ​ហត្ថ​​លេខា​រយៈ​ពេល​៥​ឆ្នាំ​កន្លះ និង​ជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ Newcastle ក្នុង​ពេល​បើក​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​ខែ​មក​រា​នេះ​។ Saivet បាន​ប្រាប់​គេហ​ទំ​ព័រ​របស់ Newcastle ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ស្ថិត​​នៅ​ទីនេះ​នៅ​ឯ Newcastle​។ ខ្ញុំ​ពិត​ជា​មាន​មោទ​ន​ភាព​ក្នុង​ការ​លេង​ឲ្យ​​ក្លិប​នេះ ហើយ​ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​ការ​ប្រជែង​ដែល​ស្ថិត​នៅ​​ចំពោះ​មុខ​»​។ កីឡាករ​​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «St James’ Park ពិត​ជា​​កីឡដ្ឋាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ពិសេស​មួយ​។ នៅ​​បារាំង មិន​មាន​អ្វី​​ដែល​អាច​ប្រៀប​ធៀប​ទៅ​នឹង​កីឡ​ដ្ឋាន​នេះ​បាន​ឡើយ ហើយ​ខ្ញុំ​​កំពុង​តែ​រង់​ចាំ​យ៉ាង​អន្ទះ​សារ​ក្នុង​ការ​​លេង​ជា​មួយ​នឹង​​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្ញុំ និង​ជួយ​ឲ្យ​ពួក​គេ​មាន​ចំណាត់​ថ្នាក់​ល្អ​នៅ​លើ​តារាង​»​។ Saivet នឹង​ចូល​រួម​ជា​មួយ​នឹង​ក្រុម Newcastle ដែល​កំពុង​តែ​​ស្ថិត​ក្នុង​ការ​ប្រជែង​គេច​ឲ្យ​ផុត​ពី​តំបន់​កាត់​ចោល ខណៈ​ដែល​ក្រុម​របស់​លោក Steve McClaren ឈរ​ក្នងុ​ចំណាត់​ថ្នាក់​លេខ​១៨​នៃ​ក្រប​ខ័ណ្ឌ Premier League ក្រោយ​ពី​ចាញ់​រាល់​ការ​ប្រកួត​ទាំង​៤​លើក​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​លទ្ធ​ផល ១-០​៕
ប្រភព​ព័ត៌​មាន៖ The Guardian