ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា របស់​ធនាគារ អេ​ស៊ី​លី​

ភ្នំពេញ: ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ​អាមេរិក​សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា​ទី​បី​របស់ខ្លួន​ដើម្បី​គ្រប់គ្រង​ទិន្នន័យ ព័ត៌មានវិទ្យា លំដាប់​អន្តរជាតិ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់បំផុត ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្រៅប្រទេស​របស់ខ្លួន​។​

​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បាន​អញ្ជើញ​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​បញ្ចុះបឋមសិលា​មជ្ឈមណ្ឌល​នេះ​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​កន្លងមកនេះ​។​អគារ​ថ្មី​នេះ មាន​ទីតាំងនៅ ផ្លូវជាតិ​លេខ ៦​អា ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​បាន​ឲ្យ​ដឹងថា មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា​ដែលមាន​លក្ខណៈ ស្តង់ដារ​អន្តរជាតិ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់បំផុត ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មាន​លក្ខណៈ កាន់តែ​សុវត្ថិភាព​ខ្ពស់​ព្រមទាំង​គ្រប់គ្រង​និង​ការពារ​បាន​រាល់​ទិន្នន័យ​សម្រាប់​ប្រតិបត្តិការ​របស់ខ្លួន និង​អតិថិជន ឲ្យ​រួច​ផុតពី​ការគំរាមកំហែង​នៃ​ការប៉ះពាល់​ពី​ភាពអវិជ្ជមាន​ផ្សេងៗ​ណាមួយ​។​

​ប្រភព​ដដែល​បាន​បន្តថា​ការសាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា​នេះ ស្របតាម​យុទ្ធសាស្ត្រ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន និង​កំពុង​អភិវឌ្ឍ​សេវា​ធនាគារ​អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ​(FinTech) និង​ស្វ័យ​ប្រតិបត្តិការ (Branchless) ដោយមាន​គោលដៅ​ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ និង​បង្កើន​ប្រសិទ្ធភាព បម្រើ​អតិថិជន បង្កើន​កាលានុវត្តភាព នៃ​ការលក់​ផលិតផល​ជា​កញ្ចប់ បង្កើន​ប្រាក់ចំណូល និង​មាន​ឧត្តមភាព ក្នុង ការប្រកួតប្រជែង​ទាំង​នៅក្នុង​ប្រទេស​និង​ក្នុង​តំបន់ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​សេវា​ឌីជីថល​ប៊ែ​ង (Digital Banking-Mobile App) ធ្វើ​ឲ្យ​មាន ប្រតិបត្តិការ​ជាស​កល​តាមរយៈ​ប្រព័ន្ធ​សេវា​អេ​ឡិច​ត្រូ​និ​ច Banking ដែលមាន​ស្រាប់​ប្រព័ន្ធ Biometric, CRM រួមផ្សំ​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដោយមាន​គោលដៅ​លើកស្ទួយ និង​គាំទ្រ សេវា​ស្វ័យ​ប្រតិបត្តិការ (Self-service) ប្រើប្រាស់​នូវ​បច្ចេកវិជ្ជា​ទំនើប បង្កើន​ប្រសិទ្ធភាព ចំណាយ ប្រតិបត្តិការ ពង្រីក​ធុរកិច្ច​ជាស​កល និង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ឲ្យ​កាន់តែ មានការ រីកចម្រើន ។​

       បណ្ឌិត​អ៊ិន ចាន់នី បាន​មានប្រសាសន៍ថា មជ្ឈមណ្ឌល​គ្រប់គ្រង​សុវត្ថិភាព​របស់​ធនាគា​រ​អេស៊ីលីដា មិនមែន​ទើបតែ​ចាប់ផ្ដើម​បើក​ថ្ងៃនេះ​ទេ គឺមាន​ពីរ​ទីតាំង​រួចហើយ ចំណែក​ទីតាំង​មួយ​នេះ​គឺ​ជាទី​តាំងទី​៣ សាងសង់​លើ​ផ្ទៃដី​សរុប ៩,៩០៦ មែត្រ​ការ៉េ ហើយ​ផ្ទៃ​អគារ​ទំហំ ៣២.០០​ម៉ែត្រ x ៣៨.៨០​ម៉ែត្រ មាន​កម្ពស់ ៥​ជាន់ អាច​ផ្ទុក​ទូ​ដាក់​ឧបករណ៍ Server ចំនួន ៨៨ គ្រឿង សម្រាប់​ប្រើប្រាស់​រយៈពេល​រហូតដល់ ៣០​ឆ្នាំ និង​មាន​សមត្ថភាព​ពង្រីក​បន្ថែម​រហូត​ផ្ទុក​ទូ​ដាក់​ឧបករណ៍ Server បាន​ដល់​ចំនួន ១៧២ គ្រឿង ។​

          បណ្ឌិត​បាន​មានប្រសាសន៍​បន្តថា​«​សំណង់​អគារ​នេះ ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​ពិស្ណុការ ដែលជា​ក្រុមហ៊ុន​សាងសង់​មានការ​ទទួលស្គាល់ និង​មានឈ្មោះ​ល្បីល្បាញ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ចុះបញ្ជី​ពាណិជ្ជកម្ម​ក្រោម​លេ​ខៈ Co.2268KH/1996 » ។​

     បណ្ឌិត​បាន​បន្តទៀតថា កត្តា​ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជ្រើស​រើសយក​ទីតាំង​ស្រុក​មុខកំពូល ធ្វើជា​ទីតាំង​មជ្ឈមណ្ឌល​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ព័ត៌មានវិទ្យា ព្រោះ​ងាយស្រួល​ក្នុង​គ្រប់គ្រង នៅពេល​មាន​ហានិភ័យ​អ្វីមួយ​កើត ។

លោក​បាន​បញ្ជាក់ថា ៖« តាម​ធម្មតា មជ្ឈមណ្ឌល​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ព័ត៌មានវិទ្យា មិនត្រូវ​ឲ្យ​នៅ​ជិតគ្នា​នោះទេ យ៉ាងហោចណាស់​ក៏ត្រូវ​នៅ​ដាច់​ឆ្ងាយ​ពីគ្នា​២០​គីឡូម៉ែត្រ​ដែរ ព្រោះ​អី​បើសិន​ជាមាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ដូចជា​ភ្លើង​ឆេះ រឺ គ្រោះធម្មជាតិ​ផ្សេងៗ ប្រព​ន្ធ័​នេះ អាច​រក្សា​ទិន្នន័យ​បាន​ទាំង​នៅ​កម្ពុជា​និង​ថ្នាក់​តំបន់​ដែល​ធនាគារ​អេស៊ីលីដា​កំពុង​ធ្វើ​ប្រតិបត្តិការ ។ មួយវិញទៀត​ដូច​យើង​ដឹងថា ថ្ងៃ​៣១ ធ្នូ ២០១៥ ជា​ថ្ងៃ​ដែល​បណ្ដា​ប្រទេស​អាស៊ាន ចាប់ផ្ដើម​ជាមួយនឹង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ហើយ​សមាហរណកម្ម​នេះ​ដែរ មិនមែន​យើង​ធ្វើការ​ម្នាក់ឯង​នោះទេ គឺត្រូវធ្វើ​ការតភ្ជាប់​គ្នា ដូចនេះហើយ​យើង​ត្រូវតែ​ពង្រឹង​ពី​គុណភាព​របស់​យើង​ឲ្យ​កាន់តែ​រឹងមាំ​»​។​

        បណ្ឌិត​អ៊ិន ចាន់នី​បាន​បញ្ជាក់ថា អគារ​មជ្ឈមណ្ឌល​នេះ គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​សាងសង់​ប្រមាណ​៤,២​លាន​ដុល្លារ​អាមេរិក ហើយនឹង​ប្រើ​រយៈពេល​សាងសង់ ប្រមាណ​១៨​ខែ ។​នៅក្នុង​ទីតាំង​ជាមួយគ្នា​នៃ​អគារ​មជ្ឈមណ្ឌល​គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ព័ត៌មានវិទ្យា ធនាគារ​អេស៊ីលីដា ក៏បាន​សាងសង់​អគារ​ការិយាល័យ​ធនាគារ​ថ្មី សាខា​ស្រុក​មុខកំពូល ដែលជា​អគារ​កម្មសិទ្ធិ​របស់​ធ​នាគារ​ផ្ទាល់ និង​គ្រោង​ចំណាយ​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ ហើយ​បើ​សរុប​ទាំង​ការបំពាក់​ឧបករណ៍​ផង​នោះ ទាំង​អគារ​មជ្ឈមណ្ឌល គ្រប់គ្រង​សុវត្ថិភាព​ទិន្នន័យ​ព័ត៌មានវិទ្យា និង​អគារ​ការិយាល័យ​ធនាគារ ចំណាយ​ប្រាក់​ប្រមាណ​១៣​លាន​ដុល្លារ​អាមេរិក​។​

       គួររំលឹកថា​ថា បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា និង អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៣.៨៤៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៦១៦ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៥៕​

ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា របស់​ធនាគារ អេ​ស៊ី​លី​

ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា របស់​ធនាគារ អេ​ស៊ី​លី​

ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា របស់​ធនាគារ អេ​ស៊ី​លី​

ចំណាយ​ថវិកា​ជាង​៤​លាន​ដុល្លារ សាងសង់​មជ្ឈមណ្ឌល​សុវត្ថិភាព​គ្រប់គ្រង​ទិន្នន័យ​ព័ត៌មានវិទ្យា របស់​ធនាគារ អេ​ស៊ី​លី​