គ្រួសារ​​​រស់​​​នៅ​​​តាម​បណ្ដោយ​​​ផ្លូវ​រថភ្លើង​សុំ​ការ​បំភ្លឺ​​​អំពី​​ផ្លូវ​​ល្បឿន​លឿន​

តំណាង​​សហគមន៍​​​ដែល​រស់​នៅ​​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​​ក្នុង​ក្រុង​ភ្នំពេញ​បាន​គ្រវី​បដា​​​ និង​ច្រៀង​​ចម្រៀង​នៅ​​ក្រៅ​ក្រសួង​​សាធារណការ​និង​ដឹកជញ្ជូន ដោយ​សុំ​ការ​បំភ្លឺ​អំពី​​​ការ​​​សាង​សង់​​​ផ្លូវ​​​អាកាស​​​ល្បឿន​លឿន​ ដែល​​ពួកគាត់​បារម្ភ​​​​ថា នឹង​ប៉ះពាល់​​​ដល់​​ដី​និង​ផ្ទះ​សំបែង​របស់​ពួកគាត់។

សហគមន៍​ចំនួន​ប្រាំបី​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ក្នុង​ខណ្ឌ​ទួលគោក​ និង​ខណ្ឌ​ដូន​ពេញ ត្រូវ​បាន​គេ​ប្រាប់​ថា ការ​​ជួស​​​ជុល​​​កែ​លម្អ​​ផ្លូវ​ដែក​នៅ​ពេល​ខាង​មុខ​នឹង​ពង្រីក​​៣,៥​ម៉ែត្រ​​​នៅ​សង​ខាង​ផ្លូវ​ ប៉ុន្តែ​​រឹត​តែ​ព្រួយ​បារម្ភ​ថែម​ទៀត​​​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​​​​​កាល​​​ពី​សប្ដាហ៍​មុន​ថា ផ្លូវ​អាកាស​​​ល្បឿន​លឿន​​​​​​នឹង​​​​ត្រូវ​សង់​​តាម​បណ្ដោយ​ផ្លូវ​ដដែល​នេះ។

​​គ្រួសារ​​រស់នៅ​​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​​​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​​កាលពី​ម្សិលមិញ ដោយ​ស្នើ​សុំ​ការ​​បំភ្លឺ​អំពី​គម្រោង​សាង​សង់​​​ផ្លូវ​ល្បឿន​លឿន​ពី​លើ​ផ្ទះ​របស់​ពួកគាត់​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

​​គ្រួសារ​​រស់នៅ​​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​​​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​​កាលពី​ម្សិលមិញ ដោយ​ស្នើ​សុំ​ការ​​បំភ្លឺ​អំពី​គម្រោង​សាង​សង់​​​ផ្លូវ​ល្បឿន​លឿន​ពី​លើ​ផ្ទះ​របស់​ពួកគាត់​។ រូបថតៈ Jens Welding Ollgaard/The Cambodia Daily

ជា​កង្វល់​សំខាន់​​របស់​ពួកគាត់​ដែរ​ គឺ​​រូប​ភាព​មួយ​នៃ​​​ផ្លូវ​អាកាស​​​ល្បឿន​លឿន​នេះ​​ដែល​សហគមន៍​​​និយាយ​ថា ពួកគាត់​ទទួល​បាន​ពី​សាលា​ក្រុង​ ដែល​បង្ហាញ​​​ផ្លូវ​មាន​ទទឹង​​៣៥​ម៉ែត្រ​ ប្រាំបី​គន្លង​​ ដែល​សង់​បីផ្នែក​​​ផ្សេង​គ្នា។

លោក ​នាង ផានិត បាន​និយាយ​​នៅ​ខាង​ក្រៅ​ក្រសួង​នេះ​ថា “​យើង​ចង់​​ស្វែង​យល់​ពី​​​ផែន​ការ​នេះ​​​​ជា​​​​មុន​​​សិន​​​ មុន​ពេល​យើង​​ព្រម​​ធ្វើ​តាម”។

លោក​បាន​បន្ថែម​ថា “​យើង​ចង់​ឲ្យ​ក្រសួង​​សាធារណការ​ និង​ដឹកជញ្ជូន​ ធ្វើ​វេទិកា​សាធារណៈ​​​​មួយ​សម្រាប់​យើង និង​ប្រាប់​យើង​អំពី​​ប្លង់​មេ​ ផល​ប៉ះពាល់​ និង​​គោល​នយោបាយ​​​ចំពោះ​គ្រួសារ​ទាំង​ឡាយ​ដែល​​នឹង​បាត់​បង់​ដី​​របស់​ខ្លួន។ យើង​​​ចាំបាច់​ត្រូវ​​ស្វែង​យល់​អំពី​វា​មុន​ពេល​ការ​សាង​សង់​ចាប់​ផ្ដើម”។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​​​ធានី​​បាន​បដិសេធ​ថា ការិយាល័យ​របស់​លោក​​​​មិន​បាន​ផ្ដល់​​ឲ្យ​សហគមន៍​​នូវ​គម្រោង​នោះ​ទេ។ លោក​បាន​​បញ្ជាក់​ថា រដ្ឋាភិបាល​​បាន​ផ្ដល់​ការ​​យល់​ព្រម​ “​ជា​គោលការណ៍​” ​សម្រាប់​​​​ ផ្លូវ​ល្បឿន​លឿន​នេះ​​ដែល​ត្រូវ​សង់​​នៅ​ខាង​លើ​ផ្លូវ​ដែក ប៉ុន្តែ​​លោក​បាន​និយាយ​ថា មិន​មាន​ផែន​ការ​ពង្រីក​​៣,៥​ម៉ែត្រ​​នៅ​សងខាង​ផ្លូវ​ទេ។

លោក​ ឌីម៉ង់ បាន​និយាយ​​អំពី​រូប​ភាព​ផ្លូវ​​ហាយវ៉េនោះ​ថា “ខ្ញុំ​មិន​ដែល​ឲ្យ​ពួកគាត់​​ទេ។ ​​​ពួកគាត់​​​បាន​វា​ពី​ក្រុមហ៊ុន​នៅ​ពេល​ក្រុមហ៊ុន​ធ្វើ​​​ការ​បង្ហាញ​​ដល់​សាលា​ក្រុង។ សា​​​លា​​​ក្រុង​​​មិន​បង្ហាញ​​ផែនការ​ណាមួយ​ទេ”។

“យើង​មិន​ទាំង​បាន​ចាប់​ផ្ដើម​​សិក្សា​​ស្រួល​​​បួល​​​ផង ដូច្នេះ​ខ្ញុំ​គ្មាន​អ្វី​​ត្រូវ​និយាយ​ទេ”។

នៅ​កន្លែង​តវ៉ា​ លោក ពៅ ឡាធី ប្រធាន​នាយក​​​ដ្ឋាន​​​រដ្ឋបាល​​ក្រសួង​​​នេះ​​​​​​បាន​ប្រាប់​សហ​​​គមន៍​ទាំង​នោះ​ថា ​ពួកគាត់​​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោលទេ​ ប៉ុន្តែ​​បាន​លើក​ឡើង​​ថា ​ផល​អវិជ្ជមាន​ណាមួយ​​​ដែល​ពួកគាត់​​អាច​ជួប​នោះ​​គឺ​​មាន​ប្រយោជន៍​​សម្បើម។

លោក​បាន​ប្រាប់​​ពួកគាត់​ថា “​ប្រសិន​បើ​​​វា​ជា​ផ្ទះ​របស់​ខ្ញុំ ហើយ​រដ្ឋ​ត្រូវ​ការ​​បី​​​ម៉ែត្រ​ដើម្បី​សង់​ផ្លូវ​ ខ្ញុំ​នឹង​​ផ្ដល់​ឲ្យ។ ហេតុអ្វី​បងប្អូន​មិន​អាច​​​​ចូល​រួម​​ជាមួយ​រដ្ឋ​ក្នុង​ការ​​​អភិវឌ្ឍ​ប្រទេស?”៕ និត    

The post គ្រួសារ​​​រស់​​​នៅ​​​តាម​បណ្ដោយ​​​ផ្លូវ​រថភ្លើង​សុំ​ការ​បំភ្លឺ​​​អំពី​​ផ្លូវ​​ល្បឿន​លឿន​ appeared first on ខេមបូឌា ដេលី.