អ្នក​​​មក​​​កម្សាន្ត​​​ស្រវឹង​​​ស្រា​​​បាញ់សន្តិសុខពីរនាក់នៅក្រៅ​ក្លឹបកម្សាន្ត​​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ

មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​និយាយ​​​ថា ​​​សន្តិសុខ​​​រង្គសាល​​​ពី​​​រនាក់​​​បាន​​​ចូល​​​សម្រាក​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ដោយ​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​បន្ទាប់​​​ពី​​​​​​អ្នកមក​​​​កម្សាន្ត​​​ដែល​​​ស្រវឹង​​​ស្រា​​​បាន​យក​​​កាំភ្លើង​​​វែង​ AR-15បាញ់​នៅ​​​មុខ​​​ក្លឹប​​​មេនហាតធេន កាហ្វេ នៅ​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ម្សិលមិញ ។

យោង​​​តាម​​​លោក អេង ហ៊ី អ្នក​​​នាំ​​​ពាក្យ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​ឈ្មោះ ចៅ រង្សី អាយុ​​​៣១​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​សមាជិក​​​ផ្សេង​​​ទៀត​​​នៃ​​​បុគ្គលិក​​​សន្តិសុខ​​​ក្លឹប​​​នេះ​​​​​​ ហើយ​​​បន្ទាប់ក​បាន​​​ប្រគល់​​​ឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​។

cam-photo-club-shooting-jensឧត្តម​​​សេនីយ៍​​​ត្រី អេង ហីុ ​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​បាញ់​​​ជាង​​​១០​​​គ្រាប់​​​ ហើយ​​​ត្រូវ​​​សន្តិសុខ​​​ពីរ​​​នាក់។ ប្រធាន​​​សន្តិសុខ​​​​​​ត្រូវ​​​គ្រាប់​​​កាំភ្លើង​​​ត្រង់​​​ពោះ​​​ ហើយ​​​មួយ​​​គ្រាប់​​​ទៀត​​​ត្រូវ​​​ចំដៃ​​​ខាង​​​ស្តាំ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា យើង​​​ដក​​​ហូត​​​កាំភ្លើង​​​ AR-15  ​​​ទុក​ជា​​​ភ័ស្តុ​​​តាង ជាមួយ​​​គ្រាប់​​​ចំនួន​​​៦​​​គ្រាប់ ​​​និង​​​ម៉ូតូ​​​ហុង​​​ដា PCX scooter ។ យើង​​​មិន​​​មាន​​​តម្រុយ​​​ទេ​​​។ ជន​​​សង្ស័យរូបនេះ​​​​មិន​​​បាន​​​ប្រាប់​​​យើង​​​ពី​​​មូល​​​ហេតុ​​​ដែល​​គេ​​​ប្រព្រឹត្ត​​​រឿង​នេះ​ឡើយ​​​”។

លោក ង៉ាត ងួន មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថខណ្ឌដូនពេញ​ទី​​​ដែល​​​កន្លែង​​​បាញ់​​​បាន​​​កើត​​​ឡើង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យរូបនេះ​​​​ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​រាជ​​​ធានី​​​ភ្លាមៗ​​​ បន្ទាប់​​​ពី​​​សារភាព​​​ថា បាន​​​ទិញ​​​កាំភ្លើង​​​ដែល​​​មាន​​​កម្លាំង​​​ខ្លាំង​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​។

លោក​​​ ង៉ាត ងួន បាន​​​មាន​​​ប្រសាសន៍​​​ថា “ជននេះ​បាន​​​ប្រាប់​​​យើង​​​ថា គាត់​​​បាន​​​ទិញ​​​កាំភ្លើង​​​នេះ​​​ពី​​​ទាហា​​​ន​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​ប៉ៃលិន​​​នៅតាម​ព្រំដែន​​​ជាប់​​​ប្រទេស​​​ថៃ​​​” ដោយ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ថា បុរស​​​ដែល​​​រង​​​របួស​​​ឈ្មោះ​​​ កង​​​ ចិត្រា​​​ អាយុ​​​៤៧​​​ឆ្នាំ ជា​​​ប្រធាន​​​សន្តិ​​​សុខ​​​រង្គសាល​​​នេះ​​​ដែល​​​បាន​​​រង​​​របួស​​​ធ្ងន់​​​ និង​​​​ ដុំ​​​ ធី អាយុ​​​៤២​​​ឆ្នាំ​​​។លោក​បាននិយាយ​ថា “​អ្នក​ទាំងពីរ​ស្ថិត​ក្នុង​បន្ទប់សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត”។

នៅ​​​ក្រៅ​​​ក្លឹប​​​នេះ​​​កាល​​​ពី​​​​​​ម្សិលមិញ អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ម្នាក់​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ ដោយ​​​បារម្ភ​​​ពី​​​សុវត្ថិភាព​​​របស់​​​ខ្លួន​​​បាន​​​និយាយ​​​​​​ថា គាត់​​​បាន​​​ឃើញ​​​ការ​​​បាញ់​​​នេះ​​​ដោយ​​​​​​ ​​​ផ្ទាល់​​​ភ្នែក​​​ ដែល​​​បាន​​​​​​កើត​​​ឡើង​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​ និង​​​៣០​​​នាទី​​​រំលង​​​អធ្រាត្រ​​​។

គាត់​​​បាន​​​និយាយ​​​ថា លោក រង្សី ខឹង​​​យ៉ាង​​​ខ្លាំង​​​នៅ​​​ពេល​​​សន្តិសុខ​​​មិន​​​ឲ្យ​​​គាត់​​​ចូល​​​ទៅ​​​ក្នុង​​​ក្លឹប​​​ ហើយ​​​បានជេរ​​​ប្រមាថ​​​លើ​​​ពួក​​​គេ​​​។

អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ‘ចាំ​​​សិន​​​ ខ្ញុំ​​​នឹង​​​ទៅ​​​យក​​​កាំភ្លើង​​​បាញ់​​​សម្លាប់​​​អ្នក​​​តែ​​​ម្តង’​​​”។

នៅ​​​ពេល​​​លោក រង្សី ត្រឡប់​​​មក​​​វិញ គាត់​​​ស្ទើរ​​​តែ​​​បាន​​​ធ្វើ​​​តាម​​​ការ​​​​​សន្យា​​​របស់​​​ខ្លួន​​។​​​គាត់​​​បាន​​​និយាយ​​​ថា “ជន​​​សង្ស័យ​​​រូប​​​នេះ​​​បាន​​​បាញ់​​​ជាច្រើនគ្រាប់​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា ​​​គាត់​​​​​​បាញ់​​​សន្តិសុខ​​​នេះ​​​ដោយ​​​ផ្ទាល់ ឬថា ​​​គ្រាប់​​​កាំភ្លើង​​​ទាំង​​​នេះ​​​ប្លាត​​​ត្រូវ​​​ពួក​​​គេ​​​ឡើយ​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​បាន​​​រត់​​បាត់ទៅហើយ​​​​”។

អ្នកបើក​បរ​រូប​នេះ​បាននិយាយថា នៅ​​​ពេល​​​គាត់​​​ត្រឡប់​​​មក​​​វិញ​​ “ខ្ញុំ​​​បាន​​​ឃើញ​​​សន្តិ​​​សុខ​​​ពីរ​​​នាក់​​​រង​​​របួស ហើយ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​សន្តិ​​​សុខ​​​ផ្សេង​ទៀត​ចាប់​​​ខ្លួន​​​។

នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល​​​ពី​​​ម្សិល​​​មិញ ប្រពន្ធ​​​សន្តិសុខ​​​ទាំង​​​ពីរ​​​នាក់​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​មិន​​​អាច​​​រៀប​​​រាប់​​​ពី​​​អ្វី​​​ដែល​​​បាន​​​​​​កើត​​​ឡើង​​​នៅ​​​ក្រៅ​​​ក្លឹប​​​នេះ​​​បាន​​​ទេ​​​ ពីព្រោះ​​​ប្តី​​​របស់​​​ពួក​​​គាត់​​​ស្ថិត​​​នៅ​​​ក្នុង​​​បន្ទប់​​​សង្គ្រោះ​​​បន្ទាន់​​​នៅ​​​ឡើយ។

គេ​​​ហទំព័រ​​​ក្នុង​​​ស្រុក​​​ដើមអម្ពិល​​​បាន​​​រាយ​​​ការណ៍​​​ថា ដំបូង​​​ឡើយ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​មាន​​​កំហឹង​​​យ៉ាង​​​ខ្លាំង​​​ បន្ទាប់​​​ពីបុរស​​ម្នាក់​​​ទៀត​​​បាន​​​ស្ទាប​​​ចង្កេះ​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​នៅ​​​កន្លែង​​​រាំ​​​កម្សាន្ត​​​ក្នុង​​​ក្លឹប​​​ ហើយ​​​ថា គាត​​​់បាន​​​ទៅ​​​យក​​​កាំភ្លើង​​​មក​​​បាញ់​​​តែ​​​ម្តង​​​។

យោង​តាមរបាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​​​ពេល​​​គាត់​​​​​ត្រឡប់មក​​​ក្លឹប​​​វិញ​​​ជាមួយ​​​កាំភ្លើង​​​ AR-15 គាត់​​​មិន​​​ត្រូវ​​គេ​​​ឲ្យ​​​ចូល​​​ទេ​​​ហើយ​​​​​​​​បាន​​​បាញ់​​​ទៅលើ​បុគ្គលិក​​​សន្តិសុខ​​​តែ​​​ម្តង៕សារុន

The post អ្នក​​​មក​​​កម្សាន្ត​​​ស្រវឹង​​​ស្រា​​​បាញ់សន្តិសុខពីរនាក់នៅក្រៅ​ក្លឹបកម្សាន្ត​​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ appeared first on ខេមបូឌា ដេលី.