ចោរ​ប្លន់​ប្រាក់រាប់ពាន់ដុល្លារ​ពី​ផ្ទះវេរលុយវីង​​​​មួយ​កន្លែង​​យ៉ាង​​​​គឃ្លើន​​​ក្នុង​ខេត្ត​ព្រៃវែង​

នគរ​បាល​ខេត្ត​ព្រៃវែង​កំពុង​តាម​ស្វែង​រក​​​​ចោរ​ប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​​ដែល​បាន​គេច​ខ្លួន​ជាមួយ​នឹង​​ប្រាក់​រាប់​ពាន់​ដុល្លារ​​កាល​ពី​ថ្ងៃអាទិត្យ បន្ទាប់ពី​​ចាប់​គ្រួសារ​​ដែល​ជា​ម្ចាស់​​​ផ្ទះ​លក់​គ្រឿង​អលង្ការ​ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​បើក​ការ​បាញ់​ប្រហារ​​​លើ​នគរ​បាល​​នៅ​ក្នុង​អំពើ​ប្លន់​ដ៏​ហិង្សា​មួយ​​ដែល​មន្ត្រី​មូលដ្ឋាន​និយាយ​ថា “​ដូច​ក្នុង​រឿង”អ៊ីចឹង​។

​ប្រដាប់​ដោយ​​កាំភ្លើង​អាកា៤៧ និង​​​កំាភ្លើង​​​​ខ្លី​មួយ​ដើម​ ជន​សង្ស័យ​​ចំនួន​ប្រាំមួយ​នាក់​​បាន​​​​បង្ហាញ​ខ្លួន​​​នៅ​ឯ​ផ្ទះ​របស់​លោក សៅ យុក​ អាយុ​៤៤​ឆ្នាំ​ក្នុង​​​ឃុំ​ស៊ាង​ឃ្វាង ស្រុក​​កំចាយ​មារ នៅ​វេលាម៉ោង​ប្រហែល​៧យប់​ថ្ងៃ​អាទិត្យ​ នេះ​​​​បើ​យោង​តាម​​​​លោក សាន សំអាន មេ​ប៉ុស្តិ៍​​ឃុំ​ស៊ាង​ឃ្លាង​។

លោក​ សាន សំអាន ​បាន​ឲ្យដឹង​បន្តថា​ លោក សៅ យុក​ ​រស់​នៅ​ជាមួយ​ប្រពន្ធ​ និង​កូន​ប្រុស​ពេញវ័យ​​របស់​ខ្លួនម្នាក់​​​​នៅ​ក្នុង​បរិវេណ​មួយ​មាន​របង​​ហ៊ុំព័ទ​​​្ធ ​​ក្នុងនោះ​មាន​ផ្ទះ​ និងអគារ​មួយ​ដាច់​ដោយឡែក​​ដែល​ជា​កន្លែង​​លក់​គ្រឿង​អលង្ការ និង​កន្លែង​​វេរ​លុយ​វីង​។

មេ​ប៉ុស្តិ៍​រូប​នេះ​បាន​លើក​ឡើង​ទៀត​ថា ដំបូង​ឡើយ​ ក្រុម​ចោរ​ប្លន់​​​​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​អ្នកជិត​ខាង​ម្នាក់ ហើយ​បញ្ជា​ឲ្យ​អ្នក​ជិត​ខាង​រូប​នេះ​ហៅ​លោក សៅ យុក​ ​ឲ្យ​បើក​ទ្វារ​ផ្ទះ​។ ពេល​អ្នក​ជិត​ខាង​​រូប​នេះ​បដិសេធ ជន​សង្ស័យ​ក៏​វាយ​​​គាត់​​រហូត​ដល់​សន្លប់​ ហើយ​​​ចាប់​ចង​​សាក្សី​​ពីរ​នាក់​ផ្សេង​​ទៀត​ រួច​​ផ្លោះ​របង​ចូល​ទៅ​ខាង​ក្នុងតែ​ម្តង​​។

លោក សាន សំអាន ​និយាយ​ថា “​បន្ទាប់ពី​ពួកគេ​ចូល​ក្នុង​ផ្ទះ​ ក្រុម​ចោរ​ប្លន់​បាន​ភ្ជង់​ម្ចាស់​ផ្ទះ ចាប់​​កូន​ប្រុស​ និង​ប្រពន្ធ​​របស់​​ម្ចាស់​ផ្ទះ​ចង​ ហើយ​​ ស្រែក​ឲ្យ​គាត់​យក​លុយ​ចេញ​មក​ឲ្យ​ពួកវា​”។

លោក​បាន​បន្ថែម​ថា “​​ដំបូង​ឡើយ ម្ចាស់​​កន្លែង​វេរលុយ​វីង​រូប​នេះ​មិន​​ព្រម​​​ឲ្យ​លុយ​ទៅ​ក្រុម​ចោរ​ប្លន់ទេ ហើយ​ពួកវា​ក៏​វាយ​គាត់​នឹង​កាំភ្លើង​ខ្លី​តែ​ម្ដង”។ លោក​បាន​ពន្យល់​ថា ​ពេល​​ជន​សង្ស័យ​គំរាម​ធ្វើ​បាប​​​គ្រួសារ​របស់​លោក សៅ យុក ​​ម្ចាស់​ផ្ទះ​រូប​នេះ​ក៏​បើក​សោ​ទូដែក​​​ឲ្យ​​ក្រុម​ចោរ​ប្លន់​​​ដើម្បី​​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទាំង​ទឹក​ភ្នែក​។

លោក សាន សំអាន បាន​លើក​ឡើង​បន្ត​ទៀត​ថា មន្ត្រី​នគរ​បាល​​ឃុំ​ពីរ​នាក់​​បាន​ទៅ​ដល់​​​កន្លែង​កើត​ហេតុ​នៅម៉ោង​ប្រហែល​៨​យប់​ បន្ទាប់ពី​អ្នក​ជិត​ខាង​ម្នាក់​ទៀត​ទូរស័ព្ទ​ប្រាប់​ថា កំពុង​​មាន​​ហេតុការណ៍​ប្លន់​​កើត​ឡើង​។ ពេល​​​​​ដែល​មន្ត្រី​នគរ​បាល​​ទាំង​ពីរ​រូប​នេះ​បាន​​ទៅ​ដល់​ សមាជិក​ម្នាក់​​របស់​ក្រុម​ចោរ​ប្លន់​ដែល​ឈរ​យាម​ផ្លូវ​នៅ​ខាង​ក្រៅ​​​ផ្ទះ​​​បាន​ស្រែក​​​​​ដាក់​ពួកគេ​ថា “​​ប្រសិន​បើ​​​​ពួក​ឯង​ចង់​ងាប់​​ចូល​មក!” មុន​ពេល​​​​បើក​ការ​បាញ់​ប្រហារ​ដោយ​ប្រើ​កាំភ្លើង​អាកា​។

​លោក​បាន​និយាយ​ថា “​ចោរ​ប្លន់​ម្នាក់​នេះ​​បាន​​បាញ់​ទៅលើ​នគរ​បាល​ដោយ​ប្រើ​កំាភ្លើង​​​អាកា៤៧​ បន្ទាប់​មក​​នគរ​បាល​បាន​បាញ់​​​តប​ត​​ជាមួយ​ពួកគេ​វិញ​”។ លោក​បាន​បញ្ជាក់​ថា មន្ត្រី​នគរ​បាល​​គ្រាន់​តែ​បាញ់​ឡើង​លើ​ប៉ុណ្ណោះ ព្រោះ​ខ្លាច​​ត្រូវ​​​​អ្នក​​ភូមិ​។

នៅ​ពេល​​​​មន្ត្រី​នគរ​បាល​ដក​ថយ​ដោយ​មាន​ការ​បាញ់ការពារ​ខ្លួន​ជា​​ច្រើន​គ្រាប់​ ជន​សង្ស័យ​​បាន​គេច​ខ្លួន​ដោយ​យក​ប្រាក់​ប្រហែល​១៤លាន​រៀល ប្រាក់​ដុល្លារ​​ប្រហែល​៧០០​ដុល្លារ និង​ខ្សែក​មាស​មួយ​តម្លឹង​ទៅ​ជាមួយ​។

​មេ​ប៉ុស្តិ៍​រូប​នេះ​បាន​រៀបរាប់​ថា ក្រុម​ចោរ​​ប្លន់​​គ្មាន​ខ្លាច​អ្វី​សោះ ហើយ​ថា ជន​រងគ្រោះ​មាន​សំណាង​ណាស់​​ដែល​បាត់​បង់​ត្រឹម​តែ​លុយ​និង​មាស។

លោក​បាន​លើក​ឡើង​ថា ”​ពួកគេ​បាញ់​​តទល់​​ជាមួយ​នគរ​បាល​ដោយ​គ្មាន​ខ្លាច​អ្វី​សោះ។ វា​ដូច​ក្នុង​រឿង​អ៊ីចឹង ត្រង់​កន្លែង​ដែល​​ចោរ​ប្លន់​ និង​នគរ​បាល​​​បាញ់​តទល់​គ្នា​ទៅវិញ​ទៅ​មក”។

អំពើ​ប្លន់​កាលពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​អំពើ​ប្លន់​ប្រដាប់​អាវុធ​​លើក​ទី៣​ហើយ​​ ដែល​មាន​គោល​​​​ដៅ​លើ​ម្ចាស់​កន្លែង​វេរ​លុយ​វីង​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ។

​កាលពី​ថ្ងៃទី​១២ ខែ​ធ្នូ បុរស​​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​អាកា៤៧​បាន​​បាញ់​ម្ចាស់​​វេរ​លុយ​វីង​ម្នាក់​ឲ្យ​ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ក្នុង​ខេត្ត​ពោធិ៍សាត់​ ​មុនពេល​រត់​គេច​​​ខ្លួន​ដោយ​យក​បាន​លុយ​ និង​គ្រឿង​អលង្ការ​មាស​​សរុប​​ជាង​​១ម៉ឺន​ដុល្លារ។ នៅ​ក្នុង​ហេតុ​ការណ៍​ដាច់​ដោយ​ឡែក​មួយទៀត​នៅ​ថ្ងៃ​ដដែល​ បុរស​បួន​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​​សម្រុក​ចូល​ទៅ​​ក្នុង​ផ្ទះ​​វេរ​លុយ​វីង​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​កណ្ដាល ​ដោយ​វាយ​ដំ​គ្រួសារ​​របស់​ម្ចាស់​ផ្ទះ​នេះ​ ហើយ​ប្លន់​យក​​លុយ​​​បាន​​ប្រហែល​​៣០.០០០​ដុល្លារ​ និង​មាស​ដែល​​​​មាន​តម្លៃ​ប្រហែល​៦.៥០០​ដុល្លារ​​។

ប្រធាន​​គ្រប់គ្រង​ក្រុម​ហ៊ុន​វីង ឈ្មោះ​​ ​​ហ្វ្រាន​ដារ៉ា ឃួន ​​បាន​លើកឡើង​ថា ម្ចាស់​​កន្លែង​វេរ​លុយ​វីង​​ទទួល​បាន​​​ការ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​​ឲ្យ​ដឹង​អំពី​របៀប​​​គ្រប់គ្រង​ហានិភ័យ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន ហើយ​អំឡុង​ពេល​នោះ​​​ក៏​មាន​ការ​ជំរុញ​កុំ​ឲ្យ​ទុក​លុយ​នៅ​កន្លែង​​​វេរ​លុយ​​វីង​ច្រើន​ពេក​ផង​ដែរ​។

ប្រធាន​គ្រប់គ្រង​រូប​នេះ​ បាន​​​លើក​ឡើង​តាម​រយៈ​អុីម៉េលមួយ​​កាលពី​ម្សិលមិញ​ថា “ក្រុម​ហ៊ុន​វីង​​​ប្រាកដ​​​​ថា ភ្នាក់​ងារ​របស់​យើង​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​យ៉ាង​​​ពេញលេញ​ឲ្យ​ដឹង​អំពី​​​​​​​ដំណើរ​ការ​​សន្តិសុខ​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ប្រាក់​ ក្នុង​នោះ​មាន​ទាំង​ការ​​​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​កន្លែង​វេរ​លុយ​​វីង​នីមួយៗ​ផង​ដែរ​”។

ពេល​ទាក់ទង​​​តាមទូរស័ព្ទ​តាម​ក្រោយ ប្រធាន​គ្រប់គ្រង​រូបនេះ​ បាន​លើក​ឡើង​ថា ​ខណៈ​កាមេរ៉ា​សុវត្ថិភាព​​​ថត​បាន​តែ​វីដេអូ​​អំឡុង​ម៉ោង​ប្រតិបត្តិការ​ ​ក្រុម​ហ៊ុន​វីង​​​តែង​តែ​សហការ​ជាមួយ​មន្ត្រី​នគរ​បាល​ជាប់​ជានិច្ច​ដើម្បី​ធ្វើ​ឲ្យ​កន្លែង​វេរ​លុយ​វីង​នីមួយៗ​មាន​សុវត្ថិភាព​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ “​យើង​​​​​បាន​ធ្វើ​ការ​ជាមួយ​​ក្រសួង​មហាផ្ទៃ ពួកគេ​​​​បាន​​​​​យក​ទិន្នន័យ​របស់​យើង​ ហើយ​​ក៏​ផ្ដល់​​​ឲ្យ​​យើង​​​វិញ​នូវ​មតិ​រិះគន់​ដើម្បី​ស្ថាបនា​​អំពី​របៀប​​​ថា​តើ​យើង​​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​ប្រសើរ​ផងដែរ​”។

លោក ស្រេង ជា ស្នងការ​ខេត្ត​ព្រៃវែង​​​ និង​​​អធិការ​នគរ​បាល​ស្រុក​កំចាយមារ​​​លើក​ឡើង​ថា កង​កម្លាំង​របស់​ពួកគាត់​​កំពុង​តែ​ស៊ើប​​​អង្កេត​ករណី​ប្លន់​កាលពី​ថ្ងៃ​អាទិត្យ​ហើយ ប៉ុន្តែ​ថា ពួកគាត់​​ជាប់​រវល់​ខ្លាំង​ណាស់​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ៕ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ Taylor O’Connell)​​​​​​​​​

 

The post ចោរ​ប្លន់​ប្រាក់រាប់ពាន់ដុល្លារ​ពី​ផ្ទះវេរលុយវីង​​​​មួយ​កន្លែង​​យ៉ាង​​​​គឃ្លើន​​​ក្នុង​ខេត្ត​ព្រៃវែង​ appeared first on ខេមបូឌា ដេលី.