ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់ បានបែកក្បាលធ្លាយខួរ ស្លាប់យ៉ាងអាណោអធ័មនៅ នឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់ ទៀត បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ដោយសារតែគេទាំង២នាក់ ជិះម៉ូតូឌុបគ្នាកិចនឹងគំនរសំរាម ដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ហើយមានរថយន្ត២គ្រឿងបើកក្នុង ល្បឿនលឿនប្រជែងគ្នាកិនជនរងគ្រោះស្លាប់ និងរងរបួស ថែមទាំងបើកព្យាយាមគេចតែត្រូវសមត្ថកិច្ច ដេញឃាត់បាន ។

ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលា ម៉ោង១នឹង៥០នាទី រំលងអធ្រាត្រឈាន ចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ ត្រេតសេនធ័រ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បុរសជាជនរងគ្រោះដែលបានស្លាប់មានឈ្មោះ ជា ដែន អាយុ២៥ឆ្នាំ ជាមន្រ្តីយោធានៅកងយោធពលខេមរភូមិន្ទ មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរិវង្ស ខេត្តតាកែវ ។ ចំណែកអ្នកបើករថយន្តបង្ក ទី១ តែម ចាន់ណា អាយុ២២ឆ្នាំ (តៃកុង) ទី២ឈ្មោះ ប្រាក់ ឌី អាយុ២៣ឆ្នាំ (ព្រូ) អ្នកទាំង២មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌មានពីបុរសម្នាក់ ដែលជាអ្នករត់ម៉ូតូឌុប ដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុន ពេលកើតហេតុ គឺជនរងគ្រោះខាងលើនិងស្រ្តីម្នាក់បានជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ គ្មានស្លាកលេខ ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ ទិសដៅពីជើងទៅត្បូង ពេលមក ដល់ចំណុចកើតហេតុកិនគំនរសំរាមដែលចោលលើចិញ្ចើមផ្លូវដួលទៅនឹងថ្នល់ ពេលនោះមានរថយន្ត ២គ្រឿងបានបើកប្រជែងគ្នាក្នុងល្បឿនយ៉ាងលឿន ដោយរថយន្តម៉ាកហ៊ីយ៉ានដាយធុនធំដឹកអុស កិនបុរសរង គ្រោះបណ្តាលឱ្យបែកក្បាលធ្លាយខួរបែកខ្ទាតពេញផ្លូវស្លាប់យ៉ាងយ៉ាងអាណោអធ័មនៅនឹងកន្លែងកើតហេតុ ចំណែកស្រ្តីម្នាក់ទៀតរងរបួសធ្ងន់ ។

សាក្សីដដែលបន្តថា ស្រ្តីជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ត បង្ក បានព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញឃាត់បាននៅចាក់អង្រែក្រោម ជាមួយនឹងអ្នកបើករថយន្ត ទាំង២នាក់ផងដែរ ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកវាស់វែង យករថយន្តនិងម៉ូតូជាមួយនឹងអ្នកបើករថយន្តបង្កទាំង២នាក់ ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់

ជិះម៉ូតូឌុបគ្នាកិនគំនរ សំរាម រអិលដួល រថយន្ត បើកក្នុងល្បឿនលឿន ប្រជែងគ្នាកិនបែក ក្បាលស្លាប់ និងរបួសធ្ងន់ម្នាក់