ចាប់ម៉ូតូ ជនជាតិវៀតណាម ០៩គ្រឿង គ្មានលិខិតស្នាម ត្រឹមត្រូវចូល លក់ដូរនៅ ខេត្តរតនៈគិរី

រតនៈគិរី៖ ម៉តូជនជាតិវៀតណាម ចំនួន៩គ្រឿង ត្រូវបាននគរបាល អន្តោប្រវេសន៍ខេត្តរតនៈគិរី ឃាត់ទុក ជាបណ្តោះអាសន្ន  ខណៈដែលពួកគេជិះចូលមកកម្ពុជា ដើរលក់សម្ភារៈ នៅតាមបណ្តាស្រុក មួយចំនួន ដោយគ្មានលិខិតអនុញ្ញាតិ។

ការឃាត់ម៉ូតូ និងជនជាតិវៀតណាមនេះ គឺធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល មួយកន្លែង ក្នុងក្រុងបានលុង នេះបើយោងតាមប្រភព ពីមន្ត្រីនគរបាលស៊ើបអង្កេត។

លោក ជា ប៊ុនធឿន ស្នងការរងទទួលបន្ទុក អន្តោប្រវេសន៍ នៃស្នងការដ្ឋានបាល ខេត្តរតនៈគិរី បានឲ្យដឹងថា «ម៉ូតូចំនួន ០៩គ្រឿង ស្លាកលេខ វៀតណាម ដែលអត់លិខិតស្នាម ចូលមកកម្ពុជា និងសម្ភារៈកាំបិត ពូថៅ  និងសម្លៀកបំពាក់ដែល អត់លិខិតស្នាមរបស់គយនោះ ត្រូវបានសមត្ថកិច្ចឃាត់ទុក នៅស្នងការដ្ឋាន នគរបាលខេត្ត តាមការចង្អុលបង្ហាញ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការព្រមានដល់ ជនជាតិវៀតណាមផ្សេងទៀត ដែលចូលមករកស៊ីដោយមិនស្របច្បាប់»។

បញ្ជាក់ផងដែរថា ករណីនេះ សមត្ថកិច្ចឃាត់ទុកតែម៉ូតូនោះទេ ដោយឡែកមនុស្សវិញ ត្រូវបានដោះលែងទៅវិញ ព្រោះពួកគេមាន លិខិតឆ្លងដែនត្រឹមត្រូវ។

ប្រភពពីមន្ត្រីនគរបាល បានឲ្យដឹងថា «ម៉ូតូដែលមានស្លាកលេខ វៀតណាមនេះ គឺសមត្ថកិច្ចច្រកទ្វារ អនុញ្ញាតិឲ្យចូល  ហើយគឺមិនចេញវិញនោះទេ ដោយជនជាតិវៀតណាមទាំងនោះ បានជួលផ្ទះនៅ ក្នុងក្រុងបានលុង  រីឯសម្ភារៈលក់ដូរ ត្រូវផ្ញើតាមរថយន្តក្រុងវៀតណាម ចូលមកខេត្តរតនៈគិរី» ៕