​ត្រូវ​ដឹង​កុំ​ឱ្យ​ទុក្ខ​ធំ​​​ពេល​​​​ដក​លុយ​នៅ​ទូ ATM

​ត្រូវ​ដឹង​កុំ​ឱ្យ​ទុក្ខ​ធំ​​​ពេល​​​​ដក​លុយ​នៅ​ទូ ATM

ម៉ាស៊ីន​ដក​ប្រាក់ ATM មាន​នៅ​សឹង​គ្រប់​ទីកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តាខេត្ត​ទូទាំង​ប្រទេស ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ពេល​ត្រូវ​ការ​ប្រាក់​បន្ទាន់។ ខណៈ​ការ​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីន ATM កាន់​តែ​ងាយ​ស្រួល អ្នក​ប្រើប្រាស់​ទាំង​អស់​ក៏​រឹត​តែ​ត្រូវ​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​ផុត​ពី​អំពល់​ទុក្ខ​ផ្សេងៗ​ដែល​អាច​កើតឡើង​ពេល​ទៅ​ដក​ប្រាក់​នៅ​ម៉ាស៊ីន ATM។

 

​ត្រូវ​ដឹង​កុំ​ឱ្យ​ទុក្ខ​ធំ​​​ពេល​​​​ដក​លុយ​នៅ​ទូ ATM

 

លោក វុទ្ធី ​ដែល​ជា​បុគ្គលិក​មួយ​រូប​នៅ​ធនាគារ​ឯកជន​មួយ​ក្នុង​ស្រុក ឱ្យ​ដឹង​ថា​ទោះ​បី​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​​នៅ​តាម​ទីតាំង​ទូ ATM ក៏​ពិត​មែន តែ​បើ​សិន​អ្នក​ប្រើ​ប្រាស់​ចេះ​ពី​របៀប​ការពារ​ខ្លួន​មួយ​ផ្នែក​ទៀត​គឺ​រឹត​តែ​ប្រសើរ ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​ដោយ​មិន​ដឹង​ខ្លួន​នៅ​ពេល​ដក​ប្រាក់​តាម​ទូ ATM នានា។

 

១. អាច​នាំ​មិត្តភ័ក្ដិ​ទុក​ចិត្ត​ទៅ​ជាមួយ
លោក​វទ្ធី​ថា ការ​នាំ​មិត្តភ័ក្ដិ​ឬ​នរណា​ម្នាក់​ដែល​អាច​ទុក​ចិត្ត​បាន​នៅ​ពេល​ទៅ​ដក​ប្រាក់​នៅ​ម៉ាស៊ីន​ ATM ជា​រឿង​ល្អ បើ​សិន​អ្នក​ត្រូវ​ដក​ប្រាក់​ក្នុង​ចំនួន​ច្រើន ​និង​មិន​សូវ​​មាន​ការ​ព្រួយ​បារម្ភ​រឿង​អសន្តិសុខ​ផ្សេងៗ​នៅ​ក្បែរ​ទូ ATM ឬ​ក្រោយ​ពេល​ដក​ប្រាក់។

 

២. ការ​ការពារ​លេខ​សំងាត់

 

មាន​វិធី​ជា​ច្រើន​ដែល​ប្រិយមិត្ត​អាច​ការពារ​លេខ​សំងាត់​របស់​ខ្លួន​បាន​ដូចជា៖

 

@ត្រូវ​យក​ដៃ​បាំង​ឬ​គ្រប​ពេល​អ្នក​ចុច​លេខ​សំងាត់ ដើម្បី​ចៀសវាង​នរណា​ម្នាក់​ឃើញ
@ឬ​មិន​ត្រូវ​វាយ​លេខ​សំងាត់​ពេល​មាន​មនុស្ស​ច្រើន​នៅ​ក្បែរ​ទូ ATM ដែល​អ្នក​កំពុង​ដក​លុយ
@មិន​ត្រូវ​សរសេរ​លេខ​សំងាត់​នៅ​ក្នុង​ក្រដាស​ហើយ​ដាក់​ក្នុង​កាបូប​លុយ ឬ​កត់​ត្រា​ទុក​ក្នុង​ទូរសព្ទ​ឡើយ។ ករណី​អ្នក​បាត់​កាបូប ឬ​ទូរសព្ទ​ត្រូវ Hacker វាយ​ប្រហារ នោះ​លេខ​សំងាត់​ ពិត​ណាស់​នឹង​ត្រូវ​ជនទី៣​ដឹង។

 

៣. ហាម​សុំ​ឬ​ទទួល​ជំនួយ​ពី​ជន​មិន​ស្គាល់​មុខ​ឬ​មិន​ទុក​ចិត្ត​ពេល​មាន​បញ្ហា​នៅ​ទូ ATM

 

បើ​សិន​កាត ATM អ្នក​ជាប់​ក្នុង​ទូ​ម៉ាស៊ីន អ្នក​ត្រូវ​រាយការណ៍​ឬ​ទូរសព្ទ​ទៅ​បុគ្គលិក​ធនាគារ​ដែល​នៅ​ក្បែរ​បំផុត​ដើម្បី​ផ្ដល់​ជំនួយ​បន្ទាន់ តែ​ហាម​សុំ​ឬ​ទទួល​ជំនួយ​ពី​នរណា​ម្នាក់​មិន​ធ្លាប់​ស្គាល់​ហើយ​អះអាង​ថា​នឹង​ជួយ។ បើ​សិន​អ្នក​នាំ​មិត្តភ័ក្ដិ​ទៅ​ជាមួយ ត្រូវ​មាន​ម្នាក់​ចាំ​នៅ​ទូ ATM ហើយ​ម្នាក់​ទៀត​អាច​ទៅ​រក​អ្នក​ជំនាញ​របស់​ធនាគារ​ដើម្បី​មក​ជួយ​ដោះស្រាយ ក្នុង​ករណី​មិន​អាច​ទាក់ទង​បាន​តាម​ទូរសព្ទ។

 

អ្នក​ត្រូវ​ចាំ​ថា​បើ​សិន​មាន​នរណា​ម្នាក់​ឃើញ​លេខ​កាត​ធនាគារ​ និង​​​ថ្ងៃ​ខែ​ផុត​កំណត់ (Expiration) លើ​កាត​ធនាគារ​អ្នក គេ​អាច​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​ដក​ប្រាក់​ឬ​យក​គណនី​ធនាគារ​នោះ​ទៅ​ធ្វើ​រឿង​ផ្សេងៗ​ ដែល​​នឹក​ស្មាន​មិន​ដល់។

 

៤. ត្រូវ​យក​ឬ​ទុក​ក្រដាស​វិក្កយបត្រ​រាល់​ពេល​ដក​ប្រាក់​រួច

 

រាល់​ពេល​អ្នក​ដក​ប្រាក់​ ម៉ាស៊ីន ATM តែង​សួរ​អ្នក​តើ​អ្នក​ត្រូវ​ការ​ក្រដាស​វិក្កយបត្រ​ដក​ប្រាក់​ឬ​អត់។ ចម្លើយ​គឺ​អ្នក​ត្រូវ​តែ​យក​វា​មក​ទុក ដើម្បី​រក្សា​ជា​ភស្តុតាង​អះអាង​ចំពោះ​ធនាគារ​បើ​សិន​គណនី​របស់​អ្នក​មាន​បញ្ហា​ណាមួយ​កើតឡើង​ដោយ​មិន​ដឹង​ខ្លួន។

 

៥. ត្រូវ​រាប់​សាច់​ប្រាក់​ដែល​ដក​រួច

 

“កុំ​ទុក​ចិត្ត​ម៉ាស៊ីន​ខ្លាំង​ពេក”។ ពេល​ដក​ប្រាក់​រួចរាល់​ អ្នក​គប្បី​ត្រូវ​រាប់​សាច់​ប្រាក់​ថា​តើ​វា​គ្រប់​ចំនួន​ឬ​អត់ ព្រោះ​អ្នក​មិន​អាច​ដឹង​មុន​ថា​តើ​ម៉ាស៊ីន​រាប់​ប្រាក់​របស់ ATM អាច​នឹង​មាន​បញ្ហា​អ្វី​មួយ​កើតឡើង​នោះ​ទេ។ បើ​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ទាក់ទង​សាច់​ប្រាក់​ដែល​បាន​ដក​រួច​នោះ ត្រូវ​ប្រាប់​ដំណឹង​បន្ទាន់​​ទៅ​ខាង​ធនាគារ​ដែល​នៅ​ក្បែរ​បំផុត៕

 

អាន៖ ក្តារ​ចុច​លើ iOS និង Android ល្បីៗ​បង្កើត​ដោយ​កូន​ខ្មែរ

 

អត្ថបទ៖ ប៉ែត ផាន់និត