សុខភាព &raquo សុខភាព

មាន​បណ្តាជន​មួយ​ចំនួន​យល់​ខុស​ពាក់ព័ន្ធ​នឹង​គ្រឿង​បង្កើន​កម្លាំង​ថាមពល​រាង​កាយ​ដោយ​ពួក​គេ​ទាំងនោះ​តែង​គិត​ថា កាហ្វេ សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជា​ច្រើន​ទៀត​គឺជា​ជម្រើស​ដ៏​ល្អ ។ ផ្ទុយ​គ្នា​ស្រឡះ អ្នកជំនាញ​ខាង​អាហារ​ចិញ្ចឹម​រាង​កាយ​គឺ​លោកស្រី Deborah Enos បាន​និយាយ​ថា បណ្តា​ភេសជ្ជៈ​ទាំងនេះ​អាច​ដោះស្រាយ​បញ្ហា​បាន​បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​បន្ថែម​ពីលើ​នេះ វា​ថែម​ទាំង​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព​បេះដូង សម្ពាធ​ឈាម និង​ផ្លូវចិត្ត​ផង​ដែរ ។ អ្នកជំនាញ​ដដែល​បាន​លើក​ឡើង​ថា ដំណោះស្រាយ​យូរអង្វែង​និង​មិន​ប៉ះពាល់​ដល់​សុខភាព​គឺ​ត្រូវ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាងក្រោយ ៖

១-​ហាត់ប្រាណ​ជា​ប្រចាំ ៖ វិធីសាស្ត្រ​មួយ​នេះ​ស្តាប់​ទៅ​ហាក់ដូចជា​មិន​សម​ហេតុផល ប៉ុន្តែ​ប្រសិនជា​មាន​អារម្មណ៍​ថា ហាក់ដូចជា​អស់កម្លាំង ការ​ហាត់ប្រាណ​គឺជា​ជម្រើស​ដែល​ល្អ​ជាង​ការ​ដេក​មួយសន្ទុះ​ដើម្បី​ជួយ​បង្កើន​ថាមពល​រាង​កាយ ។ នេះ​ពីព្រោះ​ការ​ធ្វើ​សកម្មភាព​រាង​កាយ​គឺ​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ដូច្នេះ​ថាមពល​បម្រុង​ក៏​ត្រូវ​បាន​យក​មក​ប្រើប្រាស់ ។

ទោះជា​យ៉ាងនេះ​ក្តី មានការ​លើកលែង​មួយ​ផង​ដែរ​ចំពោះ​វិធីសាស្ត្រ​នេះ ។ ប្រសិនជា​លោក​អ្នក​ហេវ​ហត់​ខ្លាំង​ពេក នោះ ការ​ហាត់ប្រាណ​ពិតជា​នាំ​ទៅ​រក​របួស ។ ចូរ​ប្រើ​ញាណ​ពិចារណា​របស់​លោក​អ្នក ។

២-​ទទួលទាន​ទឹក​ធម្មតា​ឬ​ទឹកតែ ៖ លោកស្រី Enos បាន​ចង្អុលបង្ហាញ​ថា បណ្តា​កោសិកា​ក្នុង​រាង​កាយ​មនុស្ស​ចាំបាច់​ត្រូវ​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ទើប​អាច​ធ្វើការ​ដោយ​ប្រសិទ្ធភាព ។ លោកស្រី​ស្នើ​ថា គេ​គួរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ទឹក​មួយ​កែវ​ធំ ។ ធ្វើ​យ៉ាងនេះ​គឺ​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​ដែល​បាន​បាត់បង់​អំឡុង​ដំណេក​ពេញ​មួយ​យប់ ។ បន្ទាប់​ពី​នោះ​មក គួរ​ទទួលទាន​ជា​រឿយ​ៗ​ពេញ​មួយ​ថ្ងៃ ។ ចំណុះ​នៃ​ការ​ទទួលទាន​រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​គឺ​មិន​ដូច​គ្នា​ទេ ពោល​គឺ​វា​អាស្រ័យ​លើ​សកម្មភាព​ឬ​ទីកន្លែង​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ ។

ដោយឡែក តែ​បៃតង​ក៏​ជា​ជម្រើស​ដ៏​ល្អ​មួយ​ផង​ដែរ ។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា តែ​បៃតង​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ប៉ុន្តែ​បរិមាណ​កាហ្វេ​អុ​ី​ន​មាន​តិចតួច ។

៣-​ទទួលទាន​អាហារ​ពេល​ព្រឹក​ឱ្យ​បាន​ឆ្អែត ៖ មាន​ហេតុផល​មួយ​ដែល​បណ្តា​អ្នកជំនាញ​និយាយ​ថា អាហារ​ពេល​ព្រឹក​គឺជា​អាហារ​សំខាន់​បំផុត​ប្រចាំ​ថ្ងៃ ។ គេចវេះ​អាហារ​ពេល​ព្រឹក​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​លោក​អ្នក​ឃ្លាន​ខ្លាំង​ពេញ​មួយ​ថ្ងៃ និង​បន្ថែម​ការ​ទទួលទាន​អាហារ​សម្រន់​គ្មាន​អត្ថប្រយោជន៍​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជំរុញ​ឱ្យ​រាង​កាយ​លោក​អ្នក​ចុះ​ខ្សោយ​ទៅ​ៗ​ទៀត​ផង ។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​រក​ឃើញ​ថា បុគ្គល​ដែល​ទទួលទាន​អាហារ​ពេល​ព្រឹក​មាន​តុល្យភាព​សារធាតុ​សរសៃ​ខ្ពស់ ក្នុង​នោះ​រួម​ផ្សំ​ល្បាយ​ប្រូ​តេ​អីុ​ន និង​កាបូ​អីុ​ដ្រា​ត​ផង​នោះ ទទួល​បាន​ពិន្ទុ​ល្អ​ជាង​បុគ្គល​ដែល​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ពេល​ធ្វើតេស្ត​ពី​ភាព​រវៀសរវៃ ។

លោកស្រី Enos ថ្លែង​ថា ប្រូ​តេ​អីុ​ន​ក៏​មាន​តួនាទី​សំខាន់​ណាស់​ដែរ​សម្រាប់​អាហារ​ពេល​ព្រឹក ។ វា​ជា​តុល្យភាព​រវាង​កាបូ​អុ​ី​ដ្រា​ត​សម្បូរ​ដោយសារ​ធាតុ​សរសៃ​និង​ប្រូ​តេ​អីុ​ន ។ សារធាតុ​សរសៃ​នឹង​បង្អង់​ល្បឿន​នៃ​ការ​បំបែក​អាហារ និង​ព្រមទាំង​ជួយ​ធ្វើ​ឱ្យ​មាន​លំនឹង​សារធាតុ​ស្ករ​ក្នុង​ឈាម ហើយ​ដែល​នេះ​គឺជា​គន្លឹះ​សំខាន់​នៃ​ការ​ទទួល​បាន​ថាម​ពល​ពេញ​មួយ​ថ្ងៃ ។

៤-​ទទួលទាន​ត្រីសូ​ម៉ុង ៖ សូ​ម៉ុង​ក៏​ដូច​ជា​ត្រី​សមុទ្រ​ផ្សេង​ទៀត​គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​-៣​ដែល​មិន​ត្រឹមតែ​ជំរុញ​ដល់​ការ​ផលិត​ថាមពល ប៉ុន្តែ​ថែម​ទាំង​ជួយ​ដល់​ការ​ចរាចរ​ឈាម និង​សកម្មភាព​ខួរក្បាល​បាន​ទៀត​ផង ។ លោកស្រី Enos ថ្លែង​ថា ប្រសិនជា​លោក​អ្នក​ពុំ​ចូល​ចិត្ត​ទទួលទាន​ត្រី ដូច្នេះ​ថ្នាំ​គ្រាប់​ខ្លាញ់ត្រី​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ។ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា បណ្តា​អ្នកលេង​កីឡា​អាជីព​ដែល​លេបថ្នាំ​គ្រាប់​ខ្លាញ់ត្រី​ជា​ប្រចាំ​អាច​កាត់​បន្ថយ​ការ​ប្រើប្រាស់​អុក​ស៊ី​សែន ។ ទោះជា​យ៉ាង​ណា លទ្ធផល​នេះ​ចាំបាច់​ត្រូវ​ធ្វើការ​អង្កេត​ស្រាវជ្រាវ​បន្ថែម​ទៀត ។ លោកស្រី​បាន​បន្ថែម​ថា បុគ្គល​ដែល​ពិចារណា​ងាក​ទៅ​ប្រើ​ថ្នាំ​គ្រាប់​នេះ​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជា​មុន​ដ្បិត​ការ​ប្រើ​ថ្នាំ​នេះ​អាច​នឹង​មាន​បញ្ហា​ខ្លះ​ៗ ។

៥-​ចូរ​ជំនួស​ចំណង់​ទទួលទាន​អាហារ​ផ្អែម​ដោយ​សូកូឡា ៖ សូកូឡា​ពណ៌​ខ្មៅ​មិន​ត្រឹមតែ​ជួយ​ព្យាបាល​ការ​ស្រេកឃ្លាន​អាហារ​ផ្អែម​ៗ​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផ្ទុក​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង​និង​មុខងារ​ខួរក្បាល​ផង​ដែរ ។ លោកស្រី Enos បាន​ថ្លែង​ថា  សូកូឡា​បាន​មក​ពី​អាហារ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ប្រភេទ​គឺ​គ្រាប់​កា​កាវ ។ នៅ​ពេល​វា​មិន​ទាន់​កែ​ច្នៃ សូកូឡា​សម្បូរ​ទៅ​ដោយ​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម  Catachins និង​សមាសធាតុ​ជួយ​ពង្រឹង​ដល់​រាង​កាយ​ក៏​ដូច​ជា​ខួរក្បាល​ច្រើន​ផ្សេង​ទៀត ។

ទោះជា​ដូច្នេះ​ក្តី លោកស្រី​បាន​បន្ថែម​ថា វា​ជា​រឿង​សំខាន់​ដែល​គេ​គួរតែ​អាន​ព័ត៌មាន​នៅ​លើ​សម្បក​ផលិតផល​សូកូឡា ដ្បិត​មាន​ផលិតផល​សូកូឡា​ជា​ច្រើន​ត្រូវ​បាន​គេ​បន្ថែម​ស្ករ​ក្នុង​បរិមាណ​លើសលប់ ។ ចូរ​ស្វែងរក​ផលិតផល​ណា​ដែល​មាន​សារធាតុ​កា​កាវ​យ៉ាងតិច​៧០​ភាគរយ ៕