សុខភាព &raquo សុខភាព

អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​រក​ឃើញ​ថា សមាសធាតុ​មួយ​ប្រភេទ​ដែល​បំ​លែង​ពី​ស្ករ​ត្រូវ​បាន​គេ​ពិសោធ​ឃើញ​ថា​អាច​សម្លាប់​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ក្នុង​រាង​កាយ ជា​ហេតុ​បង្កើន​ហានិភ័យ​ពី​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ។

ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Warwick បាន​រក​ឃើញ​ថា Methylglyoxal(MG) ដែល​កកើត​ពី​គ្លុយកូស​ក្នុង​រាង​កាយ បាន​បំផ្លាញ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HLD) ។ វា​មាន​ប្រតិកម្ម​លឿន​ជាង​គ្លុយកូស​ដល់​ទៅ​៤០​ម៉ឺន​ដង ។

LDL ត្រូវ​គេ​គិត​ថា ជា​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ពីព្រោះ​វា​ជា​មូលហេតុ​នៃ​ការ​កកើត​ស្រទាប់​រឹង​ដែល​បណ្តាល​ឱ្យ​ស្ទះ​សរសៃឈាម ។ ប្រសិនជា​បណ្តា​សរសៃ​នាំ​ឈាម​ចង្អៀត​ឬ​ស្ទះ​ដោយ​កំណកខ្លាញ់ វា​អាច​បណ្តាល​ឱ្យ​រង​គ្រោះ​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ប្រឈម​នឹង​ការ​គាំងបេះដូង ។

តាម​ការ​ស្រាវជ្រាវ​ដែល​គាំទ្រ​ជា​ថវិកា​ដោយ​មូលនិធិ​ជំងឺ​បេះដូង​អង់គ្លេស (BHF) បាន​រក​ឃើញ​ថា សារធាតុ MG បាន​បំផ្លាញ​សមត្ថភាព​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ HLD ធ្វើ​ឱ្យ​វា​បាត់បង់​គុណប្រយោជន៍​ប្រឆាំង​ជំងឺ​បេះដូង ។ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា HLD ដើរតួ​ក្នុង​នាម​ជា​ភ្នាក់ងារ​សម្អាត ដោយ​វា​បាន​ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ពី​បណ្តា​សរសៃឈាម​ក្រហម ហើយ​ត្រឡប់​ទៅ​ថ្លើម​វិញ​-​ជាទី​ដែល​វា​ត្រូវ​បាន​បំបែក​និង​បញ្ចេញ​ចោល​ពី​រាង​កាយ ។

HLD​កម្រិត​ទាប​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​នឹង​ហានិភ័យ​ជំងឺ​បេះដូង ខណៈ​ការ​កើនឡើង​សារធាតុ MG ជា​បញ្ហា​សាមញ្ញ​បំផុត​ចំពោះ​បុគ្គល​វ័យ​ចំណាស់ អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​អ្នកមាន​បញ្ហា​តម្រងនោម ។

លោកស្រី​វេជ្ជបណ្ឌិត Naila Rabbani អ្នកដឹកនាំ​ការ​សិក្សា​ថ្លែង​ថា ការ​បំផ្លាញ​របស់​សារធាតុ MG ទៅ​លើ​កូ​ឡេ​ស្តេ​រ៉ូ​ល HLD​បណ្តាល​ឱ្យ​មានការ​កើនឡើង​យ៉ាង​ខ្ពស់​នូវ​ហានិភ័យ​ជំងឺ​បេះដូង ។ លោកស្រី​បន្ត​ថា ការ​បំផ្លាញ​នេះ​គឺជា​បុព្វហេតុ​ថ្មី​មួយ​និង​សំខាន់​នៃ​ការ​ថយ​ចុះ​កម្រិត HLD ហើយ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង ១០​ភាគរយ ៕