សុខភាព &raquo សុខភាព

តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រក​ឃើញ​ថា ក្មេង​ៗ​ដែល​មាន​រាង​កាយ​ធាត់​ទ្រលុកទ្រលន់​គឺ​ឆាប់​ដុះ​រោម​លើ​ប្រដាប់​ភេទ​ក្លាយជា​មនុស្ស​ពេញវ័យ​លឿន​ជាង​ក្រុម​ក្មេង​កាលពី​១​សតវត្ស​មុន​ដល់​ទៅ​៥​ឆ្នាំ ។ នេះ​ពីព្រោះ​សភាព​ធាត់​លើស​ទម្ងន់​បាន​រំខាន​ដល់​ដំណើរ​ផ្លាស់​ប្តូរ​របស់​អ័រម៉ូន​ក្នុង​រាង​កាយ ។ កាលពី​ឆ្នាំ​១៩២០ ពេលវេលា​នៃ​ការ​ឈាន​ចូល​ភាព​ពេញវ័យ​របស់​ក្មេង​ស្រី​គឺ​នៅ​អាយុ​១៤​ឆ្នាំ​និង​៦​ខែ​ខណៈ​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ភាព​ធំ​ពេញវ័យ​របស់​ក្មេង​ស្រី​បាន​ធ្លាក់​មក​នៅ​ត្រឹម​អាយុ​១០​ឆ្នាំ​និង​៥​ខែ ។ ដោយឡែក ចំពោះ​ក្មេង​ប្រុស​វិញ ភាព​ពេញវ័យ​របស់​ពួក​គេ​កើតឡើង​យឺត​ជាង​ក្មេង​ស្រី​១​ឆ្នាំ ។

នៅ​ក្នុង​ការ​ពិសោធ​មើល​ពី​កម្រិត​អ័រម៉ូន​សិស្សសាលា​អាយុ​ចន្លោះ​ពី​៥​ទៅ​១៥​ឆ្នាំ​ចំនួន​៣៤៧​នាក់ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Plymouth University បាន​រក​ឃើញ​ថា សភាព​ធាត់​លើស​ទម្ងន់​ក្នុង​វ័យ​កុមារភាព​អាច​ត្រូវ​បាន​ស្តីបន្ទោស​ខណៈ​ការ​ឡើង​ទម្ងន់​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ដ៏​គ្រោះថ្នាក់​មួយ​ចំពោះ​កម្រិត​អ័រម៉ូន​កុមារ បើកផ្លូវ​ឱ្យ​ភាព​ពេញវ័យ​កើត​មាន​ឆាប់រហ័ស ។ ក្មេង​ដែល​មាន​ទម្ងន់​ខ្លួន​ធ្ងន់​ខ្លាំង​នៅ​អាយុ​៥​ឆ្នាំ កម្រិត​ប្រូ​តេ​អុ​ី​ន​សិច​ឈ្មោះ Binding Globulin(SHBG) ចុះ​ទាប​យ៉ាង​ខ្លាំង ហើយ​ឈាន​ដល់​ភាព​ពេញវ័យ​ឆាប់រហ័ស ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់ថា ទំនោរ​ខាង​ដើម​នេះ​កើត​មាន​លើ​ក្មេង​ស្រី​ច្រើន​ជាង​ក្មេង​ប្រុស ។

សាស្ត្រាចារ្យ Jonathan Pinkney ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា យើង​ដឹង​ថា ការ​ឡើង​ទម្ងន់​ជា​រឿយ​ៗ​ចាប់ផ្តើម​ឡើង​ក្នុង​វ័យក្មេង ហើយ​យើង​មាន​បំណង​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​ពី​មូលហេតុ​ដែល​វា​ជាប់​ទាក់ទង​ជាមួយ​ភាព​ឆាប់​ពេញវ័យ​នេះ ។ ការ​ស្រាវជ្រាវ​លើក​នេះ យើង​បាន​រក​ឃើញ​ភ័ស្តុតាង​ដ៏​រឹង​មាំ​ដែល​ថា កម្លាំង​នៃ​ភាពធាត់​លើស​ទម្ងន់​ប៉ះពាល់​លើ​កម្រិត​ប្រូ​តេ​អីុន​សិច​ឈ្មោះ SHBG ហើយ​ពោល​គឺ​នៅ​ពេល​ដែល​ភាព​ពេញវ័យ​បាន​ចាប់ផ្តើម​៕