ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជធានី​ភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​ បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌចុះ​ពិនិត្យ​មើល​ការ​ស្តារ​ប្រឡាយ​១​ខ្សែ​ ដែល​មាន​ប្រវែង​៣០០០​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​៤​ គឺ​សង្កាត់​ក្រាំង​ពង្រ សង្កាត់​ពងទឹក សង្កាត់​ព្រៃវែង និង​សង្កាត់​សាក់​សំពៅ​ ព្រមទាំង​ឆ្លៀតឱកាស​សំណេះសំណាល​ជាមួយ​​ប្រជាពលរដ្ឋ​ទាំង​​៤​សង្កាត់​ខាងលើ​ កាលពី​វេលាព្រឹក​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៦ ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាល​ខណ្ឌ​បាន​ពាំនាំ​​ការ​​សួរ​សុខទុក្ខ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ​ដែល​តែង​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​យកចិត្តទុកដាក់​ដល់​បញ្ហា​នានា​របស់​​​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​មូលដ្ឋាន ជា​ពិសេស​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​សម្តេច​តែង​តែបាន​គិតគូ​រអំពី​ការ​លំបាក​របស់​​​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​​ត្រូវ​​យកចិត្តទុកដាក់​ចំពោះ​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​វេទិកាសាធារណៈ​ និង​ដោះស្រាយ​ជូន​​ពួក​គាត់​​ឲ្យ​បាន​ទាន់​ពេលវេលា​ ព្រមទាំង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អំពី​ទុក្ខកង្វល់ និង​តម្រូវការ​នានា​របស់​បងប្អូន​ផង​ដែរ ​។

​គួរ​បញ្ជាក់​ថា ប្រឡាយ​១​ខ្សែ ដែល​បាន​ស្តារ មាន​ប្រវែង​៣០០០​ម៉ែត្រ ​ស្តារ​បន្ត​ពី​ឆ្នាំ​មុន ដោយ​មាន​ខ្នង​ប្រឡាយមាន​ទំហំ៥​ម៉ែត្រសងខាង និង​ជា​ផ្លូវ​សម្រាប់​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន​ស្រួល ដោយ​ស្តារ​ជម្រៅ​១,៥​ម៉ែត្រ​បន្ថែម​លើ​ជម្រៅ​ប្រឡាយ​ចាស់ និង​មាន​ទំហំ​មាត់​លើ៥​ម៉ែត្រ​ និង​អាច​នាំ​ទឹក​យក​ទៅ​ស្រោចស្រព​លើ​ដីស្រែរបស់​ប្រជា​ពល​រដ្ឋ នៅ​ក្នុង​សង្កាត់​ចំនួន​៤​ គឺ​សង្កាត់​ក្រាំង​ពង្រ ពងទឹក ព្រៃវែង និង​សាក់​សំពៅ  ​៕