ព័ត៌មាន​ជាតិ &raquo ព្រឹត្ដិការ​ណ៏​សង្គម

រាជ​ធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ឆ្នាំ​២០១៥​បាន​សរុប​​ចំនួន​៥.១៩៦.៧៩៥,៧៦លាន​រៀល ​(​ប្រមាណ​ជា​១២៩៩,២០​លាន​ដុល្លារ​) ​ស្មើនឹង​១១១,៥៣%​ នៃ​គោលដៅ​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៥​ ដែល​ក្នុង​នោះ​មាន ​ថវិកា​ថ្នាក់​ជាតិ​ចំនួន​ស្មើនឹង​១១០,១៦%​ និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ចំនួន​ស្មើនឹង​១២០,១៩% ។

ដោយឡែក​ការ​ប្រមូល​ចំណូល​ពន្ធ​អា.ករ​គ្រប់​ប្រភេទ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១៥​ បាន​ចំនួន​៤៤៨.៩០២,៦៤​លាន​រៀល​(​គិត​ជា​ដុល្លារ​ប្រមាណ​១១២,២៣​លាន​ដុល្លារ​ ក្នុង​នោះ​ថវិកា​ថ្នាក់​ជាតិ​ប្រមូល​បាន​ចំនួន​ប្រមាណ​ជា​៨៧,៥០​លាន​ដុល្លារ​ និង​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ចំនួន​ប្រមាណ​ជា​២៥,១៧​លាន​ដុល្លារ ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ​ក្នុង​កិច្ចប្រជុំ​សរុប​ការងារ​សារពើពន្ធ​ប្រចាំ​ខែធ្នូ​ និង​ប្រចាំឆ្នាំ​២០១៥​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ​មករា ​​២០១៦​ ដែល​រៀបចំ​ឡើង​នៅ​សាល​ប្រជុំ​សាលា​ជាតិ​ពន្ធដារ​ ក្រោម​អធិបតីភាព​លោក​ជូ វិ​ជិត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយកដ្ឋាន​ពន្ធដារ ។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ប្រ​សិន​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ការ​ប្រមូល​ចំណូល​ពន្ធ​-​អា.ករ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៥​កើនឡើង​ចំនួន​៩២៨.៨០៣,៣៥​លាន​រៀល​(​ប្រមាណ​ជា​២៣២,២០​លាន​ដុល្លារ​) ពោល​គឺ​កើនឡើង​២១,៧៦% ។

ក្នុង​រយៈ​ពេល​ដូច​គ្នា​នេះ​ដែរ​ឃើញ​ថា ក៏​មានការ​កើនឡើង​ផង​ដែរ​នូវ​ចំណូល​ពន្ធ​​អា.ករ​តាម​ប្រភេទ​ពន្ធ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ពន្ធលើប្រាក់ចំណេញ​កើនឡើង​ប្រមាណ​២៧,២% ពន្ធលើប្រាក់បៀវត្ស​កើនឡើង​ប្រមាណ​១៨,៦% អា.ករ​លើ​តម្លៃបន្ថែម​កើនឡើង​ប្រមាណ​១១,៦% និង​អា.ករ​ពិសេស​កើនឡើង​ប្រមាណ​១៦,៣% ។

ចំណែកឯ​ចំណូល​ពន្ធ​តាម​សកម្មភាព​អាជីវកម្ម​ក៏​មានការ​កើនឡើង​ស្ទើរតែ​ទាំងអស់​ដែរ៕