កូរ៉េខាងត្បូង បើកកិច្ចពិភាក្សា ៦ភាគី លើបញ្ហាកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេស កូរ៉េខាងត្បូងបានឲ្យដឹងថា តំណាងរបស់ខ្លួន រួមជាមួយនឹង តំណាងមកពី ចិន អាមេរិក និងជប៉ុន នឹងចូលរួមក្នុងកិច្ចពិភាក្សា ៦ភាគី នាសប្តាហ៍ក្រោយ ដែលគេនឹងលើកយកបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង មកពិភាក្សាយ៉ាងក្តៅគគុក។

ទីភ្នាក់ងារសារព័តក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថាលោក វ៉ាង ជូនគួក អ្នកតំណាងកូរ៉េខាងត្បូង នឹងបើកកិច្ចពិភាក្សាគ្នាជាមួយនឹងសមភាគីអាមេរិក និងជប៉ុន នៅថ្ងៃពុធខាងមុខនេះ នៅទីក្រុងសេអ៊ូល។

ក្នុងកំឡុងពេលកិច្ចពិភាក្សាគ្នានេះ ក្រុមអ្នកការទូត នឹងបើកកិច្ចពិភាក្សា ស៊ីជម្រៅលើចំណង ទាក់ទងទ្វេភាគី និងយុទ្ធសាស្រ្តជាច្រើនទៀត ដើម្បីរកដំណោះស្រាយប្រឆាំង នឹងមហិច្ឆិតា របស់កូរ៉េខាងជើង ជុំវិញការសាកល្បង “គ្រាប់បែកអ៊ីដ្រូសែន” កាលពីថ្ងៃពុធសប្ដាហ៍មុន រួម ទាំងសេចក្ដីសម្រេចយ៉ាងពេលលេញពីក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិដែរ។

គួរបញ្ជាក់ថា លោក វ៉ាង នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃព្រហស្បតិ៍ ដើម្បីជួប ពិភាក្សាគ្នាជាមួយនឹងអ្នកតំណាងពិសេសចិន ទទួលបន្ទុកការងារឧបទ្វីបកូរ៉េលោក វូ ដាវី និង ពិភាក្សាគ្នារកដំណោះស្រាយជុំវិញការធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងថែមទៀត។ អន្តរជាតិកំពុងតែពិភាក្សាគ្នាយ៉ាងក្តៅគគុក ដើម្បីដោះស្រាយបញ្ហា ដ៏ចម្រូងចម្រាស់នេះ៕

កូរ៉េខាងត្បូង បើកកិច្ចពិភាក្សា ៦ភាគី លើបញ្ហាកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើង