មន្ត្រីជប៉ុន អាមេរិក និង កូរ៉េខាងត្បូង នឹងជួបគ្នា ពិភាក្សាបញ្ហា កូរ៉េខាងជើង នៅថ្ងៃសៅរ៍

តូក្យូ៖ ស្ថិតនៅក្នុងស្ថាន ការណ៍ដ៏ផុយស្រួយ ដែលអាចនឹងកើតមាន សង្គ្រាមគ្រប់ពេលវេលា នៅតំបន់ ឧបទ្វីបកូរ៉េនោះ ប្រទេសជប៉ុន បានប្រមូលផ្តុំសម្ព័ន្ធមិត្តរបស់ខ្លួន មកពិភាក្សាជា បន្ទាន់ក្នុងទីក្រុងតូក្យូ ដែលគ្រោង ធ្វើឡើងនាថ្ងៃសៅរ៍ សប្តាហ៍នេះ ដើម្បីពិភាក្សារកដំណោះ ស្រាយដ៏សមស្របណាមួយ ឆ្លើយតបទៅនឹងការ ធ្វើតេស្តគ្រាប់បែកប្រល័យលោក ដ៏គឃ្លើនពី សំណាក់របបដឹកនាំប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ សប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ខែ មករា ឆ្នាំ ២០១៦ នេះ ទៀត ថា កិច្ចពិភាក្សា នៅចុងសប្តាហ៍នេះ នឹងត្រូវចូលរួមដោយមន្ត្រីការបរទេសជាន់ខ្ពស់មក ពី អាមេរិក កូរ៉េខាងត្បូង និង ជប៉ុនផ្ទាល់។ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ហ្វូមីអូ គីស៊ីដា បាន ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារ នេះថា “កិច្ចពិភាក្សា មានគោលដៅ បង្កើនកិច្ចសហប្រតិបត្តិការ ឲ្យបានជិតស្និតបំផុត ក្នុងន័យដោះស្រាយបញ្ហា ជាមួយនឹង ប្រទេសកូរ៉េខាងជើង។”

គួរបញ្ជាក់ថា មន្ត្រីកំពូលៗ តំណាងឲ្យប្រទេសទាំងបី ដែលនឹងចូលរួមកិច្ចប្រជុំនៅថ្ងៃសៅរ៍ នោះមានដូចជា អនុរដ្ឋមន្ត្រីការបរទេសជប៉ុនលោក អាគីតាកា សៃគី, អនុរដ្ឋមន្ត្រីការបរទេស អាមេរិកលោក អាន់តូនី ប្លីងខិន, និង អនុរដ្ឋមន្ត្រីការបរទេសទី១ របស់កូរ៉េខាងត្បូង លោក លីម សុងណាម។ ភាគីទាំងបីក៏គ្រោងលើកឡើង ពីភាព ដែលអាចទៅរួចនៃការធ្វើឲ្យកិច្ច ចរចា ៦ភាគី ដែលបានជាប់គាំងកាលពីឆ្នាំ ២០០៨ នោះ ចាប់ផ្តើមសាជាថ្មី ផងដែរ៕

មន្ត្រីជប៉ុន អាមេរិក និង កូរ៉េខាងត្បូង នឹងជួបគ្នា ពិភាក្សាបញ្ហា កូរ៉េខាងជើង នៅថ្ងៃសៅរ៍