តួ​ក​គី​ឃុំខ្លួន​មនុស្ស​៣៣​នាក់​ដែល​សង្ស័យ​ជា​សមាជិក​ក្រុម ISIS

តួ​ក​គី​៖​មនុស្ស​ចំនួន​៣៣​នាក់​ត្រូវបាន​ប៉ូលិស​តួ​ក​គី​ធ្វើការ​ឃុំខ្លួន គ្រា​ដែល​សង្ស័យថា ​ជា​សមាជិក​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ទីក្រុង Istanbul និង​នៅ​ខេត្ត Adana តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​របស់ខ្លួន​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ចិន​ស៊ិន​ហួ​។​

​កងកម្លាំង​ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម បាន​បើក​ប្រតិបត្តិការ នៅ​ទូទាំង​ស្រុក​ចំនួន​៥ នៃ​ទីក្រុង Istanbul ដោយ​ចាប់បាន​ជនសង្ស័យ ដែល​គេ​ជឿជាក់ថា ជា​សមាជិក​ក្រុម​ឧទ្ទាម ចំនួន​១០​នាក់ ខណៈ​ជនសង្ស័យ​២៣​នាក់​ផ្សេងទៀត ត្រូវបាន​ឃុំខ្លួន​នៅក្នុង Adana ក្នុងនោះ​១៦​នាក់ ជា​ជនបរទេស ដែល​ចង់​ចូលរួម​ជា​សមាជិក​ក្រុម ISIS និង​៧​នាក់​ជា​ពលរដ្ឋ​តួ​ក​គី ដែល​ដើរ​បញ្ចុះបញ្ចូល​រក​មនុ​ស្ស ដើម្បី​ចុះចូល​ជា​សមាជិក​របស់​ក្រុម​ឧទ្ទាម ISIS​។​

​ប្រភព​បញ្ជាក់ថា ពលរដ្ឋ​តួ​ក​គី​ទាំង​៧​នាក់ ជាប់​សង្ស័យថា បាន​ដើរ​ជ្រើសរើស​មនុស្ស ដើម្បី​ចុះចូល​ជាមួយ​ក្រុម ISIS ត្រូវបាន​ចាប់ខ្លួន ជាមួយនឹង​មនុស្ស ដែល​ពួកគេ​បានជ្រើសរើស​ដើម្បី​ចូលរួម ជាមួយ​ក្រុម IS ចំនួន​មួយក្រុម ក្នុងនោះ​មាន​ស្ត្រី​ជនជាតិ​រុស្ស៊ី​ម្នាក់ និង​១៥​នាក់​ទៀត ជា​ជនជាតិ​អេ​ហ្ស៊ី​ប​។ បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព ក្រុម​ជនជាតិ​បរទេស​ទាំង​១៦​នាក់​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​ជនអន្តោប្រវេសន៍ ដើម្បី​ត្រៀម​រៀបចំ បញ្ជូន​ពួកគេ​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​៕

តួ​ក​គី​ឃុំខ្លួន​មនុស្ស​៣៣​នាក់​ដែល​សង្ស័យ​ជា​សមាជិក​ក្រុម ISIS