របាយការណ៍​របស់​ក​ង​រាជ​អាវុធហត្ថ​បង្ហាញ​ឲ្យ​ឃើញថា អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​៤៣៦​លើក​ក្នុង​ឆ្នាំ​២០១៥

ករណី​ប្លន់​ប្រដាប់អាវុធ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ដោយហេតុថា​សមត្ថកិច្ច​បង្ក្រាបបាន​តិចតួច​បំផុត​។ នៅក្នុង​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា បទល្មើស​ប្លន់​ប្រដាប់អាវុធ​នៅ​ទូទាំងប្រទេស​មាន​៤៣៦​ករណី ហើយ​បង្ក្រាបបាន​៣៥​លើក មានន័យថា សមត្ថកិច្ច​បង្ក្រាបបាន​តិចតួច​បំផុត​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​យកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​គ្មាន​ការភ័យខ្លាច​។

តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៥ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៦ របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹងថា កងរាជអាវុធហត្ថ​ទទួលបាន​ពាក្យបណ្ដឹង​ចំនួន​១០៩១​បណ្ដឹង ចាត់ការ​បាន​៨៨១​បណ្ដឹង​។ ទទួល​ដីកា​បាន​ចំនួន​៧១៧៥​ដីកា ក្នុងនោះ​បទឧក្រិដ្ឋ​១៨១៩ និង​បទមជ្ឈិម​៥៣៥៦ អនុវត្តន៍​ដីកា​៥៣៣២ ក្នុងនោះ​បទឧក្រិដ្ឋ​១១២៣ និង​បទមជ្ឈិម​៤២០៩ ហើយ​នៅសល់​ដីកា​កំពុង​អនុវត្តន៍​តាម​នីតិវិធី​។ របាយការណ៍​បានបង្ហាញ​ទៀតថា​(​ករណី​ប្លន់​ក្នុង​ឆ្នាំ​២០១៥​មាន​ចំនួន​៤៣៦​លើក បង្ក្រាបបាន​៣៥​លើក​ស្មើនឹង​៨​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤​កើតឡើង​៣៦០​លើក បង្ក្រាបបាន​ចំនួន​២៦​លើក​ស្មើនឹង​៦​ភាគរយ​)​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​របាយការណ៍​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្ហាញថា ករណី​ឃាតកម្ម​កើតឡើង​២៥៥​លើក បង្ក្រាបបាន​១៥​លើក​ស្មើនឹង​៦​ភាគរយ ដែល​កាលពី​ឆ្នាំ​២០១៤​កើតឡើង​២៥២​លើក បង្ក្រាបបាន​៩​លើក​ស្មើនឹង​៤​ភាគរយ​។ ករណី​រំលោភ​សេពសន្ថវៈ​កើតឡើង​ចំនួន​១៨៩​លើក បង្ក្រាបបាន​១៣​លើក​ស្មើនឹង​៧​ភាគរយ ករណី​ជួញដូរ​គ្រឿងញៀន​បង្ក្រាប​បាន​ចំនួន​៥៧៤​លើក ហើយ​កាលពី​ឆ្នាំ​២០១៤​បង្ក្រាបបាន​២៧៤​លើក​។ យោងតាម​របាយការណ៍​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​កាន់តែខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម ដោយហេតុថា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ អំពើ​ប្លន់​ប្រដាប់អាវុធ​កើតឡើង​ដល់​ទៅ​៤៣៦​លើក ហើយ​សមត្ថកិច្ច​បង្ក្រាប​បានតែ​៣៥​លើក​ប៉ុណ្ណោះ​។ មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ក៏ដូចជា​នគរបាលជាតិ ត្រូវ​យកចិត្តទុកដាក់​ថែមទៀត​ក្នុងការ​បង្ក្រាប​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ប្រកបដោយ​ប្រសិទ្ធភាព​៕

108
​    ​