បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ គឺជា​រឿង​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​មិនត្រូវ​មើលរំលង​

​ក្រុម​សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ពិនិត្យឡើងវិញ​ជុំវិញ​ភាពមិនប្រក្រតី​ដែល​កើតឡើង​ក្នុង​ពន្ធនាគារ ជាពិសេស​បញ្ហា​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​មួយចំនួន​។ មន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើងថា ការដែល​ទណ្ឌិត​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូងឃ្មុំ ដែល​រង់ចាំ​ដល់​ថ្ងៃ​ផុត​ទោស​នោះ​បែរជា​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​ក្នុង​ពន្ធនាគារ ដោយ​អ្នកខ្លះ​បាន​ទិញ​ថ្នាំញៀន​ប្រើប្រាស់​នៅក្នុង​ពន្ធនាគារ​ទៅវិញ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ត្រូវ​ពិនិត្យឡើងវិញ​រាល់​បញ្ហា​ទាំងអស់នោះ ដើម្បី​កុំ​ឲ្យ​កើតមាន​យ៉ាង​អនាធិបតេយ្យ​បន្តទៀត​។

ក្រុមមន្ត្រី​សង្គម​ស៊ីវិល​បាន​លើកឡើងថា ការដែល​គេ​អាច​នាំចូល​គ្រឿងញៀន​ទៅ​លក់​ឲ្យ​ទណ្ឌិត​នៅក្នុង​ពន្ធនាគារ និង​អ្នកទោស​ប្រើប្រាស់​មិនមែនជា​រឿង​លេងសើច​នោះទេ គឺអាច​ជាប់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ពន្ធនាគារ​ដែល​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​តាមដាន​បញ្ហា​នេះ បាន​កត់សម្គាល់ថា ការត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នៅពេល​ចេញចូល​ពន្ធនាគា​រ​ម្តងៗ គឺ​តឹងរ៉ឹង​ណាស់​ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណាម្នាក់​នាំ​គ្រឿងញៀន​ចូល​បានទេ សូម្បីតែ​សម្ភារៈ​រឹង​ដូចជា កូនកាំបិត​ជាដើម ក៏​មិនអាច​យក​ចូល​បានដែរ​។ ដូច្នេះ​ការដែល​អ្នកទោស​អាច​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​បាន គឺជា​ការធ្វេសប្រហែសរ​បស់​មន្ត្រី​ពន្ធនាគារ​ឬ​មានការ​ឃុបឃិត​ណាមួយ​រវាង​មន្ត្រី​ពន្ធនាគារ​ជាមួយ​អ្នកទោស ទើប​គ្រឿងញៀន​អាច​ចូល​ទៅដល់​ក្នុង​គុក​បាន​យ៉ាង​ងាយស្រួល​។

សូមបញ្ជាក់ថា ការលើកឡើង​របស់​ម​ន្ត្រី​សង្គម​ស៊ីវិល​ដូចខាងលើ​នេះ បាន​កើតមាន​ភ្លាមៗ​បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ពញាក្រែក ឃាត់ខ្លួន​ទណ្ឌិត​៣​នាក់​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែ​(​ម​៣)​ឬ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ ហើយ​រកឃើញថា ទណ្ឌិត​ទាំង​នោះបាន​រក្សាទុក​និង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​នៅក្នុង​ពន្ធនាគារ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​(​ម​៣)​ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បញ្ហា​ដែល​បានកើត​ឡើង ហើយ​មិនអាច​ដោះសារ​យករួចខ្លួន​បានឡើយ​។ មជ្ឈដ្ឋាន​នានា​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពីពេល​ថ្មីៗ​កន្លងមកនេះ គឺជា​ភស្តុតាង​បង្ហាញ​យ៉ាងច្បាស់​អំពី​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ដែល​រាលដាល​យ៉ាង​ពេញបន្ទុក​៕

107លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ 8a444e55-c236-4af4-95f2-218dca49dbe0