ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​វៀតណាម ៖ ឧបនាយករដ្ឋមន្ត្រី​លោក Hoang Trung Hai បាន​ដាក់​លិខិតស្នើ​ទៅ​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន PVN ឱ្យ​បន្ត​ក្នុង​ការ​រុករក​ទីតាំង​ថ្មី​ដើម្បី​ផលិត​ប្រេង និង​ឧស្ម័ន​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៦​នេះ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កោតសរសើរ និង​អបអរសាទរ​ដល់​សមិទ្ធផល​ដែល​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​រុករក ចម្រាញ់​ប្រេង និង​ឧស្ម័ន​ក្នុងអំឡុងពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​មានការ​ខំប្រឹង​ប្រែង​បន្ត​ទៀត ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ជាង​នេះ​ថែម​ទៀត ។

លោក​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន PVN ត្រូវ​តែ​ឃ្លាំមើល​កា​រវិ​វត្ត​ទីផ្សារ​ឲ្យ​បាន​ល្អ​ដើម្បី​ផ្តល់​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ព្យាករ​តម្លៃ​ប្រេង​នៅ​ឆ្នាំ​២០១៦ និង​ឆ្នាំ​បន្ទាប់​ទៀត ក្រោម​ហេតុផល​សមរម្យ ។ ជាង​នេះ​ទៀត ក្រុមហ៊ុន PVN គួរតែ​យកចិត្តទុកដាក់​លើ​ការ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​របស់​ខ្លួន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ»។

ក្រុមហ៊ុន PVN ត្រូវ​បាន​គេ​ផ្តល់​យោបល់​ឲ្យ​យកចិត្តទុកដាក់​ទៅ​លើ​ការ​ពង្រីក​វិសាលភាព​លើ​កម្មវិធី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ព្រមទាំង​ទាញ​យក​ប្រយោជន៍​ពី​កម្លាំង​ពលកម្ម​ដែល​មានគុណ​ភាព​ខ្ពស់ ។

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ឲ្យ​សាខា​ក្រុមហ៊ុន​បង្កើត​ផែនការ​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​អាជីវកម្ម និង​ពង្រឹងសមត្ថភាព​បុគ្គលិក​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ផង​ដែរ ។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន PVN លោក Nguyen Quoc Khanh ថ្លែង​ថា ៖ « ក្រុមហ៊ុន​របស់​លោក​នៅ​អាច​រក​ចំណូល​បាន​២៥,៥៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥ ទោះបីជា​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ក៏​ដោយ ក្នុង​នោះ​ចំណូល​ប្រចាំឆ្នាំ​២០១៥ របស់​ក្រុមហ៊ុន​បាន​កើនឡើង​៤% លើស​ពី​អត្រា​រំពឹង​ទុក​ទៅ​ទៀត និង​កើន​បាន​២,៤​ដង ធៀប​នឹង​ឆ្នាំ​២០០៦-២០១០ » ។

ជាង​នេះ​ទៀត ក្រុមហ៊ុន​ក៏​បាន​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៥,២​ពាន់​លាន​ដុល្លារ​ចូល​ជា​ថវិការដ្ឋ​នៅ​ឆ្នាំ​នេះ គិត​ជា​ភាគរយ​គឺ​១៩,៨% បើ​ធៀប​នឹង​គោលដៅ​ប្រចាំឆ្នាំ​ដែល​បាន​ដាក់។

ក្រុមហ៊ុន PVN ក៏​បាន​បំពេញ​ផែនការ​របស់​ខ្លួន ដើម្បី​បង្កើន​ទុនបម្រុង​សម្រាប់​រយៈពេល​២​ខែ​ទៅ​មុខ​ទៀត ដែល​មាន​ចំនួន​ប្រេង​៤០,៥​លាន​តោន គឺ​កើន​បាន​៨% បើ​ធៀប​នឹង​គោលដៅ​ប្រចាំឆ្នាំ ។

លើស​ពី​នេះ​ទៀត លទ្ធភាព​ក្នុង​ការ​រុករក​ប្រេង​មាន​ចំនួន​២៩,៤២​លាន​តោន ដែល​លើស​ពី​១០,៦% ធៀប​នឹង​ផែនការ​ដាក់​ដោយ​រដ្ឋាភិបាល ។ ក្នុង​នោះ​ការ​ផលិត​ប្រេងឥន្ធនៈ អគ្គិសនី និង​នី​ដ្រូ​សែន​មានការ​កើនឡើង​លើស​ពី​ផែនការ​ដែល​បាន​ដាក់ រហូត​មាន​អត្រា​ពី​១០% ទៅ​២៤% ។

លោក Nguyen Quoc Khanh មាន​ប្រសាសន៍​ទៀត​ថា ៖ « ក្រុមហ៊ុន PVN នឹង​បន្ត​បង្កើន​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន ទន្ទឹម​នឹង​ការ​បង្កើន​ការ​វិនិយោគ​សម្រាប់​គម្រោង​ផលិតកម្ម និង​អាជីវកម្ម​នៅ​ឆ្នាំ​២០១៦ ។ ម្យ៉ាងទៀត គម្រោង​នេះ​នឹង​ជួយ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​រុករក​ប្រេង និង​ឧស្ម័ន​នៅ​តំបន់​ទឹក​ជ្រៅ និង​ឈូង​សមុទ្រ​ផង​ដែរ » ៕