ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​អាជីវកម្ម​ឱ្យ​ទទួល​បាន​ជោគជ័យ​គឺ​មាន​ច្រើន ប៉ុន្តែ​មាន​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទាំងនោះ​ដែល​អាជីវករ​មិន​អាច​មើល​រំលង​បាន គឺ​ផ្នែក​ព័ត៌មាន ពីព្រោះ​ទីផ្សារ​ជា​គន្លឹះ​ដ៏​សំខាន់​នៃ​ការ​ធ្វើ​អាជីវកម្ម ជា​ពិសេស នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា ជា​ការ​ធ្វើ​ទំនើប​កម្ម និង​ការ​ទទួល​បាន​ទិន្នន័យ​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ឆាប់រហ័ស ។ អ្នក​ប្រកប​អាជីវកម្ម​ដែល​ឆ្លាត​ត្រូវ​តែ​ដឹង​ពី​ប្រភព​ទិន្នន័យ​នៃ​ទីផ្សារ ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីវកម្ម​របស់​ខ្លួន ដែល​យុទ្ធសាស្ត្រ​ទាំងនោះ​រួម​មាន ៖

* ផលប្រយោជន៍ និង​សារសំខាន់ ៖
១-​ព័ត៌មាន​ទីផ្សារ គឺជា​រចនាសម្ព័ន្ធ​សំខាន់​សម្រាប់​ការ​កំណត់​ផែនការ និង​ការ​សម្រេចចិត្ត​របស់​អ្នកគ្រប់គ្រង​ដើម្បី​កំណត់​ទីផ្សារ​ឱ្យទាន់​អ្នកជំនួញ​ដែល​មាន​អាជីវកម្ម​ដូច​គ្នា។

២-​ប្រើ​ទិន្នន័យ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល ឬ​អាជីវកម្ម​របស់​ខ្លួន ។
៣-​ប្រើ​ទិន្នន័យ​ដើម្បី​ចូល​ឱ្យ​ដល់​ក្រុម​អតិថិជន​គោលដៅ​បាន​ដោយ​ងាយ និង​ឆាប់រហ័ស ។
៤-​សម្រាប់​ដឹង​ពី​តម្រូវការ​របស់​អតិថិជន ឬ​ដឹង​ពី​ការ​ពេញ​និយម​របស់​ពួក​គេ ដែល​ត្រូវ​កំណត់​ផែនការ​ក្នុង​ទីផ្សារ​ដល់​អាជីវកម្ម​របស់​ខ្លួន ។
៥-​អាច​ដឹង​ពី​ប​ម្លា​ស់​ប្តូរ និង​ទិស​ដៅ​តម្រូវការ​នៃ​ទីផ្សារ ។
៦-​ដើម្បី​ឱ្យ​ដឹង​ពី​ចំណូលចិត្ត​របស់​អតិថិជន​ទៅ​លើ​ផលិតផល និង​ក្រុមហ៊ុន ។

* ប្រភព​ទិន្នន័យ​ព័ត៌មាន ៖
ព័ត៌មាន​ទីផ្សារ ពាណិជ្ជករ​អាច​បញ្ចូល​គ្នា​បាន​ទាំង​ផ្នែក​ក្នុង និង​ខាងក្រៅ ជា​ពិសេស ទិន្នន័យ​ពី​ខាងក្រៅ​ត្រូវ​មាន​លទ្ធផល​ពី​ការ​អង្កេត​ផ្នែក​ទីផ្សារ​នៃ​អាជីវកម្ម​ផ្សេង​ៗ​ឱ្យ​បាន​ច្រើន ដែល​មាន​លក្ខណៈ​លម្អិត​ដូច​តទៅ​នេះ ៖

១-​ប្រភព​ព័ត៌មាន​ពី​ខាងក្រៅ ៖ ជា​ព័ត៌មាន​ពី​ផ្នែក​ខាងក្រៅ និង​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​អ្នកឯកទេស ។ ការ​ទស្សន៍​ទាយ​ទិស​ដៅ​សេដ្ឋកិច្ច​របស់​ស្ថាប័នហិរញ្ញវត្ថុ និង​ធនាគារ​ក្នុង​ប្រទេស របាយការណ៍​របស់​រដ្ឋ និង​ឯកជន ឬ​របាយការណ៍​របស់​សមាគម​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ រួម​ទាំង​ការ​វិភាគ និង​ព័ត៌មាន​ពី​ទីផ្សារ ជាដើម ។

២-​ប្រភព​ព័ត៌មាន​ផ្ទៃក្នុង ៖ ព័ត៌មាន​ផ្ទៃក្នុង គឺ​ព័ត៌មាន​ពី​ការ​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន ដូច​ជា របាយការណ៍​ពី​ស្ថានភាព​ហិរញ្ញវត្ថុ បរិមាណ​នៃ​ការ​ផលិត ទំនិញ​ដែល​លក់​ចេញ និង​ស្តុក បរិមាណ​នៃ​ការ​លក់​លើ​ទីផ្សារ ព្រមទាំង​ប្រតិកម្ម​របស់​អតិថិជន​ទាក់ទង​នឹង​ទំនិញ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ទាំងនេះ ធ្វើ​ឱ្យ​ពាណិជ្ជករ​អាច​មើលឃើញ​កាន់តែ​ច្បាស់​ថា ព័ត៌មាន​ទីផ្សារ គឺជា​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ព្រោះ​អាច​ដឹង​ពី​ការ​ផ្លាស់​ប្តូរ និង​តម្រូវការ​ទីផ្សារ រហូត​អាច​ដឹង​ពី​ការ​ផ្លាស់​ប្តូរ​អាជីវកម្ម​របស់​គូប្រជែង ដែល​មាន​ផល​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ផង​ដែរ ។

ទន្ទឹម​នឹង​នេះ លោក​អ្នក​ក៏​ត្រូវ​ស្វែង​យល់​ពី​គោលការណ៍​នៃ​4P​ផង​ដែរ ថា​តើ​4P​ជា​អ្វី ?
គោលការណ៍​នៃ​ទីផ្សារ 4P ឬ​ហៅ​ថា ធាតុ​ផ្សំ​នៃ​ទីផ្សារ ដែល​មានការ​និយម​ប្រើ​ជា​ឧបករណ៍​មួយ ឬ​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​រៀបចំ​ផែនការ​ទីផ្សារ​មាន​ចំនួន​៤
ប្រភេទ ។ គោលការណ៍​ចម្បង​ក្នុង​ការ​ប្រើ គឺ​ការ​ដាក់​ផែនការ​តាម​ផ្នែក​នីមួយ​ៗ​ឱ្យ​បាន​រលូន​ល្អ និង​សម​ស្រប ដូច​ជា ៖

១-​ផលិតផល (Product) ៖ នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម ត្រូវ​មានការ​កំណត់​រចនាសម្ព័ន្ធ​សំខាន់ គឺ​ទំនិញ ឬ​សេវាកម្ម ដែល​ចាត់ទុកជា​ផលិតផល​ដែល​ធ្វើ​ឱ្យ​កើត​ប្រាក់​ចំណូល ឬ​ផល​តបស្នង​ដល់​អាជីវកម្ម ។ គោលការណ៍​នៃ​ការ​ដាក់​ផែនការ ត្រូវ​មាន​កត្តា​ផ្សេង​ៗ​ដូច​ជា តម្រូវការ​របស់​អតិថិជន គុណភាព​ទំនិញ ទម្រង់​ផលិតផល​ដែល​ទាន់សម័យ និង​អាច​ប្រៀបធៀប​ជាមួយ​គូប្រកួត​ប្រជែង​បាន ឬ​អត់ ?

២-​តម្លៃ (Price) ៖ ការ​កំណត់​តម្លៃ​លក់​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ក្រៅពី​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​បាន​ហើយ ការ​កំណត់​ថ្លៃ​លក់ ក៏​ជា​យុទ្ធសាស្ត្រ​មួយទៀត​ដែល​អាច​ទប់ទល់​ជាមួយ​គូប្រជែង​ក្នុង​ប្រភេទ​អាជីវកម្ម​ដូច​គ្នា​បាន ដូច​ជា ការ​លក់​បញ្ចុះតម្លៃ កំណត់​ថ្លៃ​តាម​ទំហំ និង​បរិមាណ​ទំនិញ ។

៣-​ទីកន្លែង​ចែកចាយ (Place) ៖ ជា​ការ​នាំ​យក​ទំនិញ​ឱ្យ​បាន​ដល់​ដៃ​អតិថិជន ដោយ​ប្រកាន់​ភ្ជាប់​លើ​ការ​មាន​ប្រសិទ្ធភាព ត្រឹមត្រូវ សន្តិសុខ និង​ឆាប់រហ័ស ។ វិធីសាស្ត្រ​លក់ ឬ​ការ​ចែកចាយ​ទំនិញ​ដែល​ទទួល​បាន​ផល​ចំណេញ​ច្រើន​បំផុត​នោះ គឺ​ត្រូវ​ចែកចាយ​ទំនិញ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ទិស​ដៅ ។

៤-​ការ​ទ្រទ្រង់​ផ្នែក​ទីផ្សារ (Promotion) ៖ គោលដៅ​សំខាន់​នៃ​ការ​ផ្តល់​ជូន​ក្នុង​ទីផ្សារ គឺ​ធ្វើ​យ៉ាងណា អាច​លក់ទំនិញ ឬ​សេវា​របស់​ខ្លួន​ឱ្យ​បាន​ច្រើន ។ ការ​ទ្រទ្រង់​ផ្នែក​លក់ គឺ​មាន​សារសំខាន់ និង​មាន​ច្រើន​វិធីសាស្ត្រ​ដូច​ជា ការ​ឃោសនា​តាម​រូបភាព​ផ្សេង​ៗ ការ​ធ្វើ​សកម្មភាព​ចែកចាយ​ទំនិញ សេវាកម្ម ឬ​ឱ្យ​បុគ្គលិក​ដើរ​លក់ ជាដើម ។

យើង​បានដឹង​ហើយ​ថា 4P គឺជា​អ្វី ? នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ប្រកួតប្រជែង គឺជា​កត្តា​សំខាន់​ដែល​អ្នក​ធ្វើ​អាជីវកម្ម​ត្រូវ​តែ​សិក្សា​ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ទីផ្សារ ព្រោះ​យុទ្ធសាស្ត្រ ក្នុង​ទីផ្សារ​មាន​ច្រើន​ជាង​ការ​ឃោសនា ឬ​ការ​ទំនាក់ទំនង ។

អ្នក​ទីផ្សារ​ដែល​ពូកែ ត្រូវ​តែ​មាន​ឧបករណ៍ ឬ​បច្ចេកទេស​សម្រាប់​ទប់ទល់​ជាមួយ​គូប្រជែង ដើម្បី​ទទួល​បាន​អតិថិជន ឬ​ការ​លក់​ផលិតផល​។ យើង​សង្កេត​ឃើញ​ថា មាន​សីល​វិធី​តែ​មួយ​គត់​ដែល​អ្នក​ទីផ្សារ​បង្កើត​ឡើង រហូត​បាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នោះ គឺ​គោលការណ៍​ទីផ្សារ 4P ៕