ជិះ​ម៉ូតូ​គេច​គំនរ​សំរាម​ដួល ត្រូវ​រថយន្ត​កិន​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

ភ្នំពេញ: បុរស​ម្នាក់ បាន​បែកក្បាល​ធ្លាយ​ខួរស្លាប់ និង​ស្ត្រី​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ដោយសារតែ​គេ​ទាំង​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​កិ​ននឹង​គំនរ​សំរាម ដែល​ចោល​លើចិញ្ចើមផ្លូវ​ដួល​ទៅនឹង​ថ្នល់ ហើយ​មាន​រថយន្ត​២​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន ចាប់ហ្វ្រាំង​មិនទាន់​ក៏​កិន​តែម្តង​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​វេលា ម៉ោង​១​និង​៥០​នាទី រំលង​អាធ្រា​ត្រឈានចូល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ខារ៉ាអូខេ ត្រេ​ត​សេន​ធ័រ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។​

 បុរស​ជា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​មានឈ្មោះ ជា ដែន អាយុ​២៥​ឆ្នាំ ជា​មន្ត្រី​យោធានៅ​កងយោធពល​ខេមរភូមិន្ទ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឡឹង ឃុំ​ភ្នំ​ដិ​ន ស្រុកគីរីវង់ ខេត្តតាកែវ ។ ចំណែក​អ្នកបើករថយន្ត​បង្ក​មានឈ្មោះ តែម ចាន់ណា អាយុ២២​ឆ្នាំ​។ ទី​២​ឈ្មោះ ប្រាក់ ឌី អាយុ​២៣​ឆ្នាំ (​ព្រូ​) អ្នក​ទាំង​២​មាន​ស្រុកកំណើត​នៅស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

 នៅមុន ពេល​កើតហេតុ គឺ​ជនរងគ្រោះ​ខាងលើ​និង​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដាសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក ដល់​ចំណុចកើតហេតុ​កិន​គំនរ​សំរាម​ដែល​ចោលលើ​ចិញ្ចើមផ្លូវ​ដួល​ទៅនឹង​ថ្នល់ ពេលនោះ​មាន​រថយន្ត ២​គ្រឿង​បាន​បើក​ប្រជែងគ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ​ធុន​ធំ​ដឹកអុស កិនបុរស​រង គ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ចំណែកស្ត្រី​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​

​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​ចំណែករថយន្តបង្ក បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​សមត្ថកិច្ច​ដេញ​ឃាត់​បាន​នៅ​ចាក់អង្រែ​ក្រោម ជាមួយនឹង​អ្នកបើករថយន្ត ទាំង​២​នាក់​ផងដែរ ហើយ​បាន​នាំទៅ​កាន់ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​៕