ក្បួន​រថយន្ត​ជំនួយ​បាន​ចូល​ទៅ​កាន់​ទីក្រុង​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ស៊ីរី​

ក្បួន​រថយន្ត​ជំនួយ​បាន​ចូល​ទៅ​កាន់​ទីក្រុង​ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ស៊ីរី​

រូប​ភាព​ផ្តល់​ដោយ​​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​ បង្ហាញ​បុគ្គលិក​អ.ស.ប. និង​អង្គការ​អឌ្ឍចន្ទក្រហមអារ៉ាប់ស៊ីរី ជាមួយ​ក្បួន​រថយន្ត​ជំនួយ​ដែល​ដឹក​ម្ហូប​អាហារ ថ្នាំ​ពេទ្យ​ ភួយ​ និង​សម្ភារៈ​ផ្សេងៗ ទៅ​ក្នុង​ទីក្រុង Madaya ​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​ ឆ្នាំ​២០១៦។​

កិច្ច​ប្រតិបត្តិការ​មនុស្សធម៌​មួយ​ដើម្បី​ផ្តល់​ម្ហូបអាហារ​ ថ្នាំ​ពេទ្យ​ និង​ភួយ​កំពុង​មាន​ធ្វើ​នៅ​ក្នុង​ក្រុង​បី​នៃ​ប្រទេស​ស៊ីរី​ ដែល​ការ​ឡោមព័ទ្ធ​ដោយ​កងកម្លាំង​គាំទ្រ​ខាង​រដ្ឋាភិបាល​និង​ក្រុម​យុទ្ធជន​ឧទ្ទាម​បាន​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ស្លាប់​ដោយ​សារ​ទុរភិក្ស។​

អ្នកនាំ​ពាក្យ​ម្នាក់នៃ​អង្គការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​និយាយ​ថា​ ក្បួន​រថយន្ត​ជំនួយ​សង្គ្រោះ​បាន​បើក​ចូល​ទៅ​ក្នុង​ក្រុង​ Madaya នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​លីបង់​ និង​ចូល​ទៅ​ក្នុង​ក្រុង Fuaa និង​ក្រុង​ Kafraya ក្នុង​ខេត្ត​ Idlib នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​ស៊ី​រី​ជាមួយ​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​ច័ន្ទ។​

ក្រុម​ឧទ្ទាម​បាន​ត្រួតត្រា​ក្រុង​ Madaya ហើយ​អស់​រយៈពេល​ជា​ច្រើន​ខែ​កង​កម្លាំង​គាំទ្រ​ខាង​រដ្ឋាភិបាល​បាន​រាំង​ខ្ទប់​ក្រុង​នេះ​ដែល​មាន​ប្រជារាស្ត្រ​ប្រមាណ​៤២០០០ពាន់​នាក់។​ ក្រុង​ Madaya បាន​ទទួល​ជំនួយ​ម្ហូប​អាហារ​ចុង​ក្រោយ​បង្អស់​កាល​ពី​ខែតុលា។​

អ.ស.ប.និង​អង្គការ​ Syrian Observatory for Human Rights បាន​និយាយ​ថាមាន​មនុស្ស​ស្លា​ប់​ដោយសារ​ទុរភិក្ស។ ​ក្រុម​ផ្តល់ជំនួយ​ឈ្មោះ​ក្រុម​វេជ្ជបណ្ឌិត​គ្មាន​ព្រំដែន​បាន​បន្ថែម​មនុស្ស​៥​នាក់​ក្នុង​បញ្ជី​ជន​រង​គ្រោះ​ដែល​មាន​ច្រើន​ឡើងៗ​កាលពី​ថ្ងៃ​អាទិត្យ។​

លោក Rami Abdel Rahman ប្រធាន​នៃ​អង្គការ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុងដ៍​ (London) បាន​និយាយ​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អារ៉ាប់​ថា​ឡាន​ដឹក​ជំនួយ​ចំនួន​៤៩​គ្រឿង​បាន​បើក​ទៅ​កាន់​ក្រុង​ Madaya របស់​ក្រុម​ប្រឆាំង​ ហើយ​២១​គ្រឿង​ទៀត​បាន​បើកទៅ​កាន់​ក្រុង​ Kafraya និង​ក្រុង​ Foua ដែល​កាន់កាប់​ដោយ​ក្រុម​ទាហាន​រដ្ឋាភិបាល៕​