ម្ចាស់ Sponsor បញ្ជាក់​រឿង​រក​ឃើញ យ៉ុង ចាន់សុធាវី វិញ

ម្ចាស់ Sponsor បញ្ជាក់​រឿង​រក​ឃើញ យ៉ុង ចាន់សុធាវី វិញ

លោក ជាង លឹម ប្រធាន​ក្រុមហ៊ុន Khmer Entertainment of America,Inc ដែល​ជា​ក្រុមហ៊ុន​ធានា តារា​ចម្រៀង​កញ្ញា យ៉ុង ច័ន្ទសុធា​វី ល្បី​បាត់​ខ្លួន​នៅ​សហរដ្ឋ​អាមេរិកកាល​ពី​ប៉ុន្មាន​ថ្ងៃ​មុ​ននោះ បាន​ឲ្យ ​Sabay ដឹង​ថា មូលហេតុ​ដែល​នាំឲ្យ​​តារា​ស្រី​ម្នាក់​នេះ​​​បាត់​ចេញ​ពី​​ផ្ទះ​របស់​លោក មិន​មែន​ជា​រឿង​រត់​គេច ​ឬ​ជា​​ការ​ចាប់​​ជំរិត​អ្វី​ឡើយ ពោល​គឺ​នាង​បាន​ទៅ​លេង​ផ្ទះ​មិត្តភ័ក្ដិ ដោយ​មិន​បាន​ជូន​ដំណឹង​​ឲ្យ​លោក​​បាន​ដឹង​តែ​​ប៉ុណ្ណោះ ។

 

 

ម្ចាស់ Sponsor បញ្ជាក់​រឿង​រក​ឃើញ យ៉ុង ចាន់សុធាវី វិញ
 

 

ម្ចាស់ Sponsor ខាងលើ​បាន​ពន្យល់​ថា កញ្ញា យ៉ុង ច័ន្ទសុធា​វី បាន​ចេញ​ពី​ផ្ទះ​​របស់​​ខ្លួន​ក្នុង​រដ្ឋ កាលីហ្វញ៉ា នៅ​ម៉ោង៨.១៨នាទី​ព្រឹក ថ្ងៃ​ទី ៥​មករា ២០១៦ ដោយ​បាន​ប្រាប់​ថា ចេញ​ទៅ​ហាត់​ប្រាណ​ដូច​សព្វមួយដង​ ហើយ​ក្រោយ​មក ​ក៏​បាន​បាត់​ដំណឹង មិន​អាច​ទាក់ទង​​តែ​ម្ដង។ លោក​បាន​បន្ត​ថា ប្រមាណ​ជា​​៨ម៉ោង​ក្រោយ​ពី​ការ​បាត់​ដំណឹង លោក​បាន​ទូសព្ទ​​​ប្ដឹង​ប៉ូលិស ស្ដី​ពី​ការ​បាត់​ខ្លួន​នេះ ដើម្បី​ឲ្យ​ជួយ​ស្វែង​រក។
 

 

មុន​ការ​បាត់​ខ្លួន របស់​កញ្ញា យ៉ុង ច័ន្ទសុធា​វី  លោក ជាង លឹម បញ្ជាក់​ថា តារា​ស្រី​ម្នាក់​នេះ​មិន​បាន​ធ្វើ​សញ្ញា​ណា​មួយ​ឲ្យ​លោក​សង្ស័យ​ថា នាង​ចង់​រត់​គេច​ឡើយ។ ការ​បាត់​ខ្លួន កញ្ញា យ៉ុង ច័ន្ទសុធា​វី ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​​ជា​ការ​​រត់​គេច ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ការ​ជ្រកកោន​​នៅ​សហរដ្ឋអាមេរិក​​ដោយ​ខុស​ច្បាប់។
 

 

ទោះ​បី​ជា​​បែប​នេះ​ក្ដី លោក ជាង លឹម បញ្ជាក់​​ជា​ថ្មី​ថា មិន​​ដូច​ការ​សង្ស័យ​ឡើយ ការ​ពិត កញ្ញា យ៉ុង ច័ន្ទសុធា​វី ទៅ​លេង​ផ្ទះ​មិត្តភ័ក្ដិ​របស់​នាង​នៅ តំបន់ សេរ៉ូល នៃ ​កាលីហ្វញ៉ា  ដែល​​មាន​ចម្ងាយ​ រាប់​ពាន់​គីឡូ​ម៉ែត្រ ​ពី​ផ្ទះ​របស់​លោក។ ” ឥឡូវ​នេះ​គាត់​សុខសប្បាយ​ទេ គាត់​មក​វិញ​ហើយ គាត់​ទៅ​លេង​ផ្ទះ​មិត្តភ័ក្ដិ​គាត់ នៅ​សេរ៉ូល  ទី​នោះ​បើ​ជិះ​ឡាន គឺ​ប្រើ​ពេល​ជាង​១ថ្ងៃ​បាន​ដល់ “។ លោក  ជាង លឹម រៀបរាប់​បញ្ជាក់។

 

 

ម្ចាស់ Sponsor បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ កញ្ញា យ៉ុង ច័ន្ទសុធា​វី  ចេញ​ទៅ​លេង​មិត្តភ័ក្ដិ​មិន​បាន​ប្រាប់​​ដំណឹង ​ក៏​ព្រោះ​តែ ទូរស័ព្ទ​របស់​នាង​​ខូច​បាត់​លេខ មិន​អាច​ទាក់​ទង​មក​វិញ​បាន។ ក្រោយ​ពី កញ្ញា យ៉ុង ច័ន្ទសុធា​វី  ត្រឡប់​មក​ដល់​ផ្ទះ​វិញ លោក​បាន​ផ្ដល់​ដំណឹង​ជូន​​ប៉ូលិស ស្ដី​ពី​ការ​​រក​ឃើញ​នាង​វិញ​ហើយ។
 

 

បច្ចុប្បន្ន​នាង កញ្ញា យ៉ុង ច័ន្ទសុធា​វី នាយ​ក្រិន និង នាង​ប្រិមប្រិយ កំពុង ស្នាក់​នៅ​ផ្ទះ​របស់​លោក ជាង លឹម ក្នុង​រដ្ឋ កាលីហ្វញ៉ា ហើយ​ពួក​គេ​នឹង​បន្ត​ច្រៀង នៅ​​ទឹក​ដី សម្បូរ​ដុល្លារ​នេះ ​រហូត​ដល់ បញ្ចប់​រដូវ​ចូល​ឆ្នាំ​ខ្មែរ​រួច ទើប​​ត្រឡប់​មក​ស្រុក​កំណើត​វិញ៕
 

 
អត្ថបទ៖ ខុត សីហា ​​