គ្រួសារ​សព​តារា​ចម្រៀង វណ្ណ មករា ទទួល​បច្ច័យ​ចូល​បុណ្យ​ពី Sabay


គ្រួសារ​សព​តារា​ចម្រៀង វណ្ណ មករា ទទួល​បច្ច័យ​ចូល​បុណ្យ​ពី Sabay

ជា​ថ្មី​ម្ដង​ទៀត ក្រុមហ៊ុន Sabay ដែល​មួយ​ផ្នែក​ធ្វើ​ការ​ក្រោម​ដំបូល​សិល្បៈ​តែ​មួយ​ជា​មួយ​សិល្បករ សិល្បការិនី បាន​នាំ​យក​បច្ច័យ​ចំនួន ២០ម៉ឺន​រៀល ទៅ​ចូល​បុណ្យ​សព​តារា​ចម្រៀង វណ្ណ មករា ​ដែល​មរណៈ កាល​ពី​យប់​ថ្ងៃ​ទី ០៩ មករា ២០១៩ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តំបន់​ពេជ្រនិល។

 

គ្រួសារ​សព​តារា​ចម្រៀង វណ្ណ មករា ទទួល​បច្ច័យ​ចូល​បុណ្យ​ពី Sabay

 

លោក ឌុំ វណ្ណៈគំនិត និង​លោក​ សម ជំនាញ តំណាង​ក្រុម​ការងារ​គេ​ហទំព័រ Sabay ប្រគល់​ជូន​បច្ច័យ​ដល់​ក្រុម​គ្រួសារ​សព

 

ក្រុម​គ្រួសារ​ដែល​មាន​ភរិយា ឪពុក​ម្ដាយ​បង្កើត និង​ជីដូន ជា​ដើម​បាន​ចេញ​មក​ទទួល​បច្ច័យ​ពី​ក្រុម​ការងារ Sabay។ ដក​ថយ​ពី​ទុក្ខ​វិយោគ​បន្តិច ក្រុម​គ្រួសារ ឆ្លៀត​ថ្លែង​អំណរ​គុណ និង​សូម​ជូន​ពរ​ឲ្យ​ក្រុមហ៊ុន Sabay ដំណើរ​ការ​បាន​កាន់​តែ​រលូន ព្រម​ទាំង​ប្រសិទ្ធពរ​ដល់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​​គ្រប់​លំដាប់​ថ្នាក់ មាន​សុខភាព​ល្អ សំណាង បំពេញ​ភារកិច្ច​បាន​ទទួល​ជោគជ័យ​គ្រប់​ៗ​នា​ឆ្នាំ​ថ្មី​នេះ។

 

វណ្ណ មករា បាន​មរណៈ​នៅ​អាយុ ៣២ ឆ្នាំ ហើយ​លោក​ជា​កូន​ប្រុស​តែ​មួយ​គត់​ក្នុង​គ្រួសារ​ដែល​មាន​បង​ប្អូន ៥នាក់ ដោយ​លោក គឺ​ជា​កូន​ទី​២។ តាម​ការ​រៀប​រាប់​របស់​ក្រុម​គ្រួសារ នៅ​មុន​ពេល​ស្លាប់ ពោល​គឺ​យប់​ថ្ងៃ​ទី ០៩ មករា តារា​ចម្រៀង​ដែល​និយម​ច្រៀង​បទ​លោក ព្រាប សុវត្ថិ រូប​នេះ បាន​បញ្ចប់​ការ​ច្រៀង​កម្មវិធី​គេ​ចំនួន​២​នៅ​ភ្នំពេញ​វេលា​ម៉ោង ១២ យប់។

 

បន្ទាប់​មក រួម​ជាមួយ​មិត្ត​ភក្ដិ​ប៉ុន្មាន​នាក់​ទៀត លោក​ក៏​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះ​សីហនុ ព្រោះ​មាន​ការងារ​សិល្បៈ​នៅ​ទី​នោះ​ទៀត​នា​ថ្ងៃ​បន្ទាប់។ ប៉ុន្តែ​ជា​អកុសល ពេល​រថយន្ត​ដល់​ចំណុច​ទឹក​ដី​ខណ្ឌ​ព្រៃ​នប់ ក៏​ជួប​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត។ ភ្លាម​ៗ មករា បាន​រង​របួស​ស្រាល​ប៉ុណ្ណោះ ព្រោះ​ប្រជាជន​នៅ​ទី​នោះ​បាន​ឃើញ​លោក អង្គុយ​រឺត​ទ្រូង​ខ្លួន​ឯង។

 

គ្រួសារ​សព​តារា​ចម្រៀង វណ្ណ មករា ទទួល​បច្ច័យ​ចូល​បុណ្យ​ពី Sabay

 

ភរិយា និង​កូន​ប្រុស​ទាំង​ពីរ​របស់​សព វណ្ណ មករា

 

ក្រោយ​ហេតុការណ៍​លោក​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ ឆ្ពោះ​មក​ភ្នំពេញ។ ប៉ុន្តែ​មក​ដល់​ត្រឹម​តំបន់​ពេជ្រនិល រថយន្ត​សង្គ្រោះ​ក៏​បាន​ផ្ទុះ​កង់​បណ្ដាល​ឲ្យ​ក្រឡាប់​ទៀត ហើយ​លោក វណ្ណ មករា ក៏​បាន​ស្លាប់​នៅ​គ្រា​នោះ​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត។ ប្រជាពលរដ្ឋ​ក្នុង​តំបន់ បាន​ចំណាយ​ពេល​ប្រមាណ ២០​នាទី​ដើម្បី​គាស់​ទាញ​យក​តារា​ចម្រៀង​រូប​នេះ ប៉ុន្តែ​អ្វី​ៗ​ហួស​អស់​ទៅ​ហើយ។

 

មរណភាព​របស់​លោក បាន​បន្សល់​ទុក​នូវ​កូន​ប្រុស​តូច​ពីរ​នាក់។ សព​របស់​លោក​ត្រូវ​បាន​បូជា​រួច​រាល់​នា​រសៀល​ម្សិលមិញ ក្រោម​ការ​ទួញ​សោក​របស់​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជា​ច្រើន​នាក់៕

ទិត្យ វិច្ឆិកា ប្រាប់​ដំណើរ​រឿង​​ទាំង​អស់​នាំ​ឱ្យ វណ្ណ មករា ស្លាប់
តារាៗ​ចូលរួម​ជូន​ដំណើរ វណ្ណ មករា ចុងក្រោយ​ទាំង​ក្រៀមក្រំ

 
អត្ថបទ៖ ទារិកា

ទិត្យ វិច្ឆិកា ប្រាប់​ដំណើរ​រឿង​​ទាំង​អស់​នាំ​ឱ្យ វណ្ណ មករា ស្លាប់
តារាៗ​ចូលរួម​ជូន​ដំណើរ វណ្ណ មករា ចុងក្រោយ​ទាំង​ក្រៀមក្រំ