Rolls-Royce Motor Cars លក់រថយន្តច្រើន បំផុតលំដាប់ទីពីរ ក្នុងពិភពលោក

ឡុងដ័៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា ការលក់រថយន្តរបស់ខ្លួន ក្នុងឆ្នាំ២០១៥ គឺបានចំនួនច្រើនបំផុតលំដាប់ទីពីរក្នុងប្រវត្តិសាស្ត្រ ១១២ឆ្នាំ ក្នុងនោះ រថយន្តផលិតដោយ ដៃសរុបចំនួន ៣៧៨៥គ្រឿង ត្រូវបានលក់ជូនអតិថិជន នៅទូទាំងពិភព។

លោក Torsten Müller-Ötvös អគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុនបានថ្លែង នៅក្នុងសេចក្តីប្រកាស ព័ត៌មានរបស់ Rolls-Royce Motor Carsថា “ការលក់បានចំនួនខ្ពស់លំដាប់ទីពីរ ក្នុងកាលៈទេសៈដែលពិភពលោក មានភាពមិនប្រាកដប្រជា គឺជាលទ្ធផលដ៏ត្រចះត្រចង់។ នេះបង្ហាញឲ្យឃើញថា យុទ្ធសាស្ត្ររយៈពេលវែង សម្រាប់កំណើន ដែលមានតុល្យភាព និរន្តរភាព និងមានភាពចំណេញ កំពុងតែផ្ដល់ផល ហើយយើងបានពង្រឹងតំណែង របស់យើងក្នុងនាមជាក្រុមហ៊ុន ផលិតវត្ថុប្រណីតឈានមុខគេនៅលើពិភពលោក ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការលក់នៅឆ្នាំ ២០១៦ នឹងនៅតែខ្លាំង” ។

រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ ចក្រភពអង់គ្លេស លោកស្រី Anna Soubry បានថ្លែងថា “លទ្ធផលនាថ្ងៃនេះ របស់ក្រុមហ៊ុន Rolls-Royce Motor Cars បានបង្ហាញថា រថយន្តប្រណីតផលិតនៅ អង់គ្លេសគឺជារថយន្តដែលគេ ស្រលាញ់ចង់បាននៅក្នុងពិភពលោក ហើយលទ្ធផលនេះជាសញ្ញាបង្ហាញពីភាព រឹងមាំនៃឧស្សាហកម្ម រថយន្តដ៏ប្រណីតរបស់យើង” ។

លោកស្រី បានបន្ថែមទៀតថា “តាមរយៈការបន្តគាំទ្រ និងវិនិយោគលើឧស្សាហកម្ម រថយន្តរបស់យើង យើងអាចធានាថា យើងនឹងបន្តបង្កើតការងារ ជំនាញកម្រិតខ្ពស់ និងជំរុញការនាំចេញ ឲ្យបានកាន់តែច្រើន។ ខ្ញុំមានភាពរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃកម្មវិធី ហាត់ការរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនផលិត រថយន្តរបស់យើងកំពុងតែមានផលិតភាព ខ្លាំងជាងគេបំផុតនៅអឺរ៉ុប ហើយចំណុចខ្លាំងនេះអាច នៅស្ថិតស្ថេរទៅបានលុះត្រាតែផ្ដល់ អាទិភាពចំពោះជំនាញ របស់ធនធានកម្លាំងពលកម្ម” ។

គួរបញ្ជាក់ថា ការលក់បានច្រើនជាឯតទគ្គកម្ម គឺនៅអាស៊ីប៉ាស៊ីហ្វិក (កើន ១៣%) អាមេរិកខាងជើង (កើន ៦%) និងមជ្ឈិមបូព៌ា (កើន ៤%) ។ ទីផ្សារតាមប្រទេសនីមួយៗដែលលក់បានច្រើនជាឯតទគ្គកម្ម រួមមាន កូរ៉េ (កើន ៧៣%) ឥណ្ឌា (កើន ៣៦%) កាតា (កើន ២១%) ជប៉ុន (កើន ៧%) សហរដ្ឋអាមេរិក (កើន៧%) និងចក្រភពអង់គ្លេស (កើន២%) ។ ជាងនេះទៅទៀត ទីផ្សារថ្មីមួយចំនួនបានបង្ហាញ ពីកំណើនគួរឲ្យកត់សម្គាល់ ។ នៅក្នុងប្រទេសចិន ឥទ្ធិពលអាក្រក់បានបង្កជា ផលអវិជ្ជមានលើវិស័យវត្ថុប្រណីតទាំងមូល ហើយរថយន្ត Rolls-Royce ក៏បានទទួលរងផលប៉ះពាល់ ពីការវិវត្តន៍ទាំងនោះដែរ ។ នៅប្រទេសចិន ការលក់បាន ធ្លាក់ចុះ ៥៤% បើធៀបនឹងឆ្នាំ ២០១៤ ។
ជារួម ការលក់រថយន្តបានច្រើន គឺដោយសារតែជោគជ័យជា បន្តបន្ទាប់នៃរថយន្តម៉ូដែល Wraith និង Ghost ដែលទាក់ទាញអតិថិជនវ័យក្មេង ឲ្យនិយមចូលចិត្តប្រភេទរថយន្ត Rolls-Royce នេះ ។ ទន្ទឹមនឹងនេះ ម៉ូដែល Phantom នៅតែជាម៉ូដែលកំពូលរបស់ក្រុមហ៊ុន ហើយជាប្រភេទរថយន្តមហាប្រណីត ដែលគេចង់បានបំផុតនៅក្នុងពិភពលោក ។

ផ្អែកលើការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនឆ្ពោះទៅរកកំណើន ប្រកបដោយនិរន្តរភាពយូរអង្វែងនោះ ក្រុមហ៊ុនរថយន្ត Rolls-Royce បានប្រកាសបើកភ្នាក់ងារ ចែកចាយថ្មី ចំនួន ៥ បន្ថែមទៀតក្នុងឆ្នាំ២០១៥ ។ ដូច្នេះ ចំនួនភ្នាក់ងារចែកចាយសរុប បានកើនឡើងរហូតដល់ទៅ ១៣០ ភ្នាក់ងារទូទាំងពិភពលោក ដោយក្រុមហ៊ុនក៏មានផែនការពង្រីកបន្ថែមទៀតនៅឆ្នាំ ២០១៦នេះ ។ ក្រុមហ៊ុន Rolls-Royce Motor Cars Abu Dhabi ជាភ្នាក់ងារដែលចែកចាយរថយន្ត Rolls-Royce បានច្រើនបំផុតក្នុងរយៈកាលបីឆ្នាំជាប់គ្នា៕

Rolls-Royce Motor Cars លក់រថយន្តច្រើន បំផុតលំដាប់ទីពីរ ក្នុងពិភពលោក