ប្រជាពលរដ្ឋ​ដែល​ត្រូវ​ឧកញ៉ា ជៀម ផែន ឆក់​ប្លន់​ដីធ្លី​ប្រឈម​នឹង​ទុក្ខវេទនា​គ្មាន​ទីបញ្ចប់​

ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​៤៩​គ្រួសារ រស់នៅ​ចំណុច​ចំ​រាំង ឃុំ​កែវផុស បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ នៅតែ​មិនទាន់មាន​ដំណោះស្រាយ​ដែល​ប្រជាពលរដ្ឋ​អាច​ទទួលយកបាន​នៅឡើយ​ទេ​។ ជម្លោះដីធ្លី​នេះ​កន្លងមក​មន្ត្រី​តុលាការ​ពុករលួយ​កាត់ក្ដី​ឲ្យ​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ ឈ្នះក្ដី​លើ​ប្រជាពលរដ្ឋ​៤៩​គ្រួសារ ហើយ​បាន​ប្រើ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​កាង​ការពារ ប្រើ​គ្រឿងចក្រ​ឈូសឆាយ​កម្ទេច​ផ្ទះ​និង​ដំណាំ​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​យ៉ាង​កំរោល​។ ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ប្រជាពលរដ្ឋ​កំពុងរ​ង​ទុក្ខវេទនា​បើទោះបី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ចេញមុខ​អន្តរាគមន៍​នាពេល​កន្លងមក​ក៏ដោយ​។

ឥឡូវនេះ​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​រស់នៅ​ចំណុច​ចំ​រាំង ឃុំ​កែវផុស ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ជំរុញ​ដល់​មន្ត្រីក្រោមឱវាទ​ចុះ​វាស់វែង​ខ្វៀ​ដី​ទំហំ​៣៥២​ហិកតា​ដល់​ពួកគាត់ ព្រោះ​ចាប់តាំងពី​ឆ្នាំ​២០១៣​រហូតមកដល់​ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ សូម្បីតែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត​ព្រះសីហនុ ក៏​ទទួលស្គាល់​ដែរ​ថា ប្រជាពលរដ្ឋ​ទាំង​៤៩​គ្រួសារ​មិនទាន់​ទទួលបាន​ដីចម្ការ​ដើម្បី​បង្កបង្កើនផល​ច​ញ្ចឹ​ម​ជីវិត​នៅឡើយ​ទេ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា រហូតមកដល់​ពេលនេះ ឧកញ៉ា ជៀម ផែន ដែលមាន​អំណាច​ខ្លាំង​បាន​ដាំ​ប្រេងខ្យល់​និង​ដើមឈើ​ផ្សេងៗ​ទៀត​លើដី​មានទំនាស់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​ណា​ទប់ស្កាត់​ទាល់តែសោះ​។

ថ្មីៗ​កន្លងទៅនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​បញ្ហាដីធ្លី​នៅក្នុង​ខេត្ត​នេះ ឲ្យ​បាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នានា​មិន​ជឿ​សូម្បីតែ​ប៉ុន​សរសៃសក់​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​អភិបាលខេត្ត​ព្រះសីហនុ​នោះឡើយ​។ ជាក់ស្តែង​នៅពេល​ប្រជាពលរដ្ឋ​រងគ្រោះ​៤៩​គ្រួសារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផ្ដល់​ដីចម្ការ​ដល់​ពួកគាត់​វិញ បែរជា​លោក យន្ត មីន និយាយថា​ប្រជាពលរដ្ឋ​ទាំង​៤៩​គ្រួសារ​នៅ​ចំណុច​ចំ​រាំង ឃុំ​កែវផុស វា​ហួស​ពី​សមត្ថកិច្ច​ដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់​ខេត្ត​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​កាត់​ខ្វៀ​ដីចម្ការ​៣៥២​ហិកតា​ដល់​ពួកគាត់​វិញ​សម្រាប់​បង្កបង្កើនផល​ដូច​កាលពីមុន បើ​មិន​ដូច្នេះ​ទេ​ឧកញ៉ា ជៀម ផែន ដែល​អាង​អំណាច​ទឹក​លុយ ឃុបឃិត​ជាមួយ​មន្ត្រី​តុលាការ​ពុករលួយ​បន្ត​ធ្វើបាប​ពួកគាត់​កាន់តែខ្លាំង​ថែមទៀត​៕

min-620លោក យនុ្ត មីន អភិបាលខេត្តព្រះសីហនុ
9d3f028a-4f16-4c0c-b07a-ecabc4333b2c