ល្បែងស៊ីសង​បាញ់​កាំជ្រួច​របស់​ជនជាតិ​សៀម ក្នុងស្រុក​អន្លង់វែង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​

​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ និង​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ចាត់វិធានការ​ទប់ស្កាត់​ល្បែងភ្នាល់​បាញ់​កាំជ្រួច​របស់​ជនជាតិ​សៀម នៅក្នុង​ស្រុក​អន្លង់វែង​នោះទេ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ព្រួយបារម្ភ​នឹង​ភ័យខ្លាច​យ៉ាងខ្លាំង​នៅ​រៀងរាល់ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​ជនជាតិ​សៀម​លេងល្បែង​ភ្នាល់​បាញ់​កាំជ្រួច​លើទឹក​ដី​ខ្មែរ​តាម​អំពើ​ចិត្ត ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ​។ ឥឡូវនេះ​ពលរដ្ឋ​មួយចំនួន​ស្ទើរតែ​មិន​ហ៊ាន​ចេញពីផ្ទះ​ទៅ​ប្រមូល​ផលដំណាំ​កសិកម្ម ព្រោះ​ខ្លាច​មាន​សំបក​កាំជ្រួច​ប្រវែង​ជាង​១០​ម៉ែត្រ​ធ្លាក់​មកលើ​ពួកគាត់​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង បាន​អំពាវនាវ​ឲ្យ​ស្នងការ​នគរបាល​ខេត្ត និង​អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ខុសច្បាប់​របស់​ជនជាតិ​សៀម​ជាបន្ទាន់ ព្រោះ​ល្បែងភ្នាល់​បាញ់​កាំជ្រួច​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ សូម្បីតែ​មេបញ្ជាការរង​វរ​៤១៥​នៃ​កងពលតូច​លេខ​៤១​ម្នាក់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​កាលពី​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៦ មាន​កាំជ្រួច​១​ដើម​បាន​ធ្លាក់ចំ​ដំបូល​ស្នាក់ការ​គ​៥ ដោយបាន​បង្ក​ការខូចខាត​តែ​មិនមាន​យោធា​នៅក្នុង​ស្នាក់ការ​នោះ​ទើប​រួច​ផុតពី​គ្រោះថ្នាក់​។ ឥឡូវនេះ​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ​ដែលមាន​ការភ័យខ្លាច សូម្បីតែ​យោធា​ក៏មាន​ការភ័យខ្លាច​ដូចគ្នា​ដែរ ព្រោះ​កាំជ្រួច​នោះ​អាចធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​បាន​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ល្បែងភ្នាល់​បាញ់​កាំជ្រួច​របស់​ជនជាតិ​សៀម​នោះ កំពុង​បង្ក​ភាពអនាធិបតេយ្យ​យ៉ាងខ្លាំង​នៅក្នុង​ស្រុក​អន្លង់វែង ហើយ​មានការ​ភ្នាល់​ម្តងៗ​រាប់លាន​បាត​។ នៅក្នុង​ប្រទេស​សៀម អាជ្ញាធរ​សៀម​មិន​អនុញ្ញាត​ឲ្យ​លេងល្បែង​នេះ​ទេ ព្រោះ​សំបក​កាំជ្រួច​និង​ជាតិគីមី​ក្នុង​កាំជ្រួច​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​សត្វ និង​បង្ក​ជំងឺ​ផ្សេងៗ​។ ប៉ុន្តែ​ប្រហែល​ដោយសារ​សមត្ថកិច្ច​ច្រក​ជាំ​ស្រងាំ ព្រមទាំង​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​អន្លង់វែង ទទួលបាន​ផលប្រយោជន៍​ពី​ជនជាតិ​សៀម ទើប​បណ្ដោយ​ឲ្យ​មាន​លេងល្បែង​នេះ​ក្នុងភូមិ​ស្រះ​ឈូក ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ទាល់​ទៅទៀត លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ គួរ​ចាត់វិធានការ​ទប់ស្កាត់​ល្បែងភ្នាល់​បាញ់​កាំជ្រួច​នោះ​ជាបន្ទាន់​៕

102លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ